ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង និង​សម្ពោធ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន

54

 

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង និង​សម្ពោធ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន​។

​គម្រោង​នេះ​ពង្រីក​សមត្ថភាព​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចម្ការមន គឺជា​គម្រោង​ទី​១ របស់​ផែនការមេ​ដំណាក់កាល​ទី​៣ ដែល​បានបញ្ចប់​ការងារ​សាងសង់​ទាំងស្រុង​នា​ខែតុលា ឆ្នាំ​២០១៩​។ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចម្ការមន មាន​សមត្ថភាព​ផលិត​ទឹកស្អាត ៥២,០០០​ម៉ែត្រគូប ក្នុង​មួយថ្ងៃ ដែល​ពីមុន​អាច​ផលិត​ទឹកស្អាត​បានត្រឹមតែ ១២,០០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​។ នៅក្នុង​គម្រោង​ពង្រីក​សមត្ថភាព​រោងចក្រ​នេះ រួមមាន​ការពង្រីក​ប​ណ្ដា​ញ​បំពង់​ទឹកស្អាត​ប្រវែង ៥៨០​គីឡូម៉ែត្រ ក្នុងនោះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា ២៨០,០០០​នាក់ បានទទួល​ទឹកស្អាត​ប្រើប្រាស់​ផ្ទា​ល់ពី​បណ្ដាញទឹក​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។​
ជាពិសេស​ប្រជាពលរដ្ឋ​ចំណូល​ទាប រស់​នៅតាម​សហគមន៍ ស្ថិតនៅ​តំបន់​ជាយ រាជធានី​ភ្នំពេញ​បែក​ខាងត្បូង​។​
​ដោយឡែក​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​បាក់​ខែង គឺជា​គម្រោង​ទី​២ របស់​ផែនការមេ​ដំណាក់កាល​ទី​៣ នៅពេល​សិក្សា​របាយការណ៍​សមិទ្ធិ​លទ្ធភាព​នៅ​ឆ្នាំ​២០១៧ បានកំណត់​ទីតាំង​របស់​គម្រោង​ស្ថិតនៅ​សង្កាត់​បាក់​ខែង មាន​ចម្ងាយ ១០​គីឡូម៉ែត្រ ខាងជើង​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វា​)​។
​ទីតាំង​គម្រោង​សាងសង់​ស្ថិតនៅ​សង្កាត់​បាក់​ខែង លើ​ផ្ទៃដី​ទំហំ​ធំ និង​ផ្លូវ​ទាំងសងខាង​មាន​ទំហំ​ធំ​ទូលាយ​ងាយស្រួល​ក្នុងការ​ដំឡើង​បំពង់​មេ​ដែលមាន​អង្កត់ ផ្ចិត​ធំ ដើម្បី​ដាក់​ឆ្លងកាត់​តាម​បាតទន្លេ​សាប រួច​ត​ភ្ជាប់​មក​តំបន់​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​។ ពិសេស​ជាងនេះទៀត​នោះ គុណភាព​ទឹកទន្លេ​មេគង្គ​លើ​មានគុណ​ភាពល្អប្រសើរ ជាង​គុណភាព​ទឹកទន្លេ​មេគង្គ​ក្រោម​។

​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង គឺជា​គម្រោង​សាងសង់​ដ៏​ធំ​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅ​កម្ពុជា មាន​សមត្ថភាព​ផលិត​ទឹកស្អាត ៤០០,០០០​ម៉ែត្រគូប​ក្នុង​ថ្ងៃ (​សម្រាប់​ជំហាន​ទី​១ និង​ជំហាន​ទី​២)​។ ដំណើរការ​សាងសង់​រោង​ចក្រ​នេះ នឹង​អនុវត្ត​ជា​ពីរ​ជំហាន​ស្របគ្នា​តែម្ដង និង​គ្រោង​ដាក់​ដំណើរការ​សាកល្បង​ក្នុង​សមត្ថភាព​ផលិត​ទឹកស្អាត​ពាក់កណ្ដាល (​ជិត​២០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​) នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ហើយ​នឹងដាក់​ដំណើរការ​ពេញ​សមត្ថភាព​ទាំងពីរ​ជំហាន (​ជិត ៤០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​) នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៤ ៕​

អត្ថបទដែលជាប់ទាក់ទង