គណៈកម្មការមូលបត្រកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ផ្សព្វផ្សាយស្តីពី “ការរៀបចំក្រុមហ៊ុនស្របតាមស្ដង់ដារ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ និងការចូលរួមកម្មវិធីឧត្ដមភាពលើកទី២”
ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) និងសភាពាណិជ្ជកម្មកម្ពុជា បានសហការគ្នារៀបចំពិធីបើកកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការរៀបចំក្រុមហ៊ុនស្របតាមស្ដង់ដារក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ និងការចូលរួមកម្មវិធីឧត្ដមភាពលើកទី២” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃ គ.ម.ក. និងលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅទីស្តីការ គ.ម.ក .។
សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងទិសដៅចូលរួមចំណែក អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាចូលរួមស្តារសម្បទាសេដ្ឋកិច្ចកម្ពុជា ដែលទទួលរងឥទ្ធិពលពីការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ គ.ម.ក. បាន និងកំពុងរៀបចំ “កម្មវិធីឧត្តមភាពលើកទី២” ដែលជាកម្មវិធីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមទៅលើផ្នែកអភិបាលកិច្ចសាជីវកម្ម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ និងអនុលោមភាពតាមច្បាប់៕