ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ក្រសួងកសិកម្ម​ឆ្លើយតប​ទៅនឹង​មតិ​សាធារណជន ដែលមាន​ការព្រួយបារម្ភ ទៅលើ​ការធ្លាក់ចុះ​នៃ​តម្លៃ​ផ្លែស្វាយ​កែវ​រមៀត​

286

​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការឆ្លើយតប​ទៅនឹង​មតិ​សាធារណជន ដែលមាន​ការព្រួយបារម្ភ ទៅលើ​ការធ្លាក់ចុះ​នៃ​តម្លៃ​ផ្លែស្វាយ​កែវ​រមៀត ដែល​បងប្អូន​ប្រជាពលរដ្ឋ ដាំ​ដុះ​នៅក្នុង​ប្រទេស​កម្ពុជា ។​

​ថ្មីៗ​នេះ មាន​ព័ត៌មាន​មួយចំនួន​បានលើកឡើង​អំពី​បញ្ហា​តម្លៃ​ស្វាយកែវ​រមៀត​ធ្លាក់ចុះ​នៅ​តំបន់​មួយចំនួន ដែល​ធ្វើឱ្យ​អ្នក​ដាំ​ដុះ​ស្វាយ​មានការ​ត្អូញត្អែរ​អំពី​បញ្ហា​តម្លៃ​ស្វាយ​នេះ​។ ជាទូទៅ ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង បណ្តា​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក តម្លៃ​ផលិតផល​កសិកម្ម រួមទាំង​ស្វាយ​ផងដែរ មានការ​ប្រែប្រួល ឡើង​ចុះ​មិន​ទៀងទាត់​តាម​រដូវ​កាល និង​អាស្រ័យ​លើ​ទំហំ​នៃ​ការផ្គត់ផ្គង់ និង​តម្រូវការ​។​

ជាក់ស្តែង ដើមឆ្នាំ​នេះ ផ្លែស្វាយ​មានតម្លៃ​ល្អប្រសើរ ប៉ុន្តែ​នា​ដើមខែ​កុម្ភៈ​នេះ តម្លៃ​ផ្លែស្វាយ​មានការ​ធ្លាក់ចុះ ដោយសារ​ដល់​រដូវ​កាល ប្រមូល​ផល​មាន​បរិមាណ​ផ្លែស្វាយ​ច្រើន​។​

ទន្ទឹមគ្នា​នេះដែរ ក៏មាន​អ្នក​ដាំ​ស្វាយ​មួយចំនួន​លក់បាន​តម្លៃ​ទាប ដោយ​មូល​ហេតុថា ផ្លែស្វាយ​មិនទាន់​មានគុណ​ភាពល្អ​ស្របតាម​ស្តង់ដារ ដូចជា​មាន​ទំហំ​តូច គ្មាន​សោភ័ណភាព និង​មិនទាន់​ស្របតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ការបញ្ជាទិញ​របស់​ក្រុមហ៊ុន​ស្របពេល​នឹង​រដូវ​កាល​ចូលឆ្នាំ​ប្រពៃណី namu និង​ចិន ធ្វើឱ្យ​ពាណិជ្ជករ​ផ្អាក​ការបញ្ជាទិញ​។​

​ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​តម្លៃ​សមស្រប និង​មាន​ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម ជម្រាប​ជូនដំណឹង​សាជាថ្មី​ដល់​អ្នក​ដាំ​ដុះ​ដំណាំ​ស្វាយ​ទាំងអស់ សូម​រួសរាន់​ធ្វើការ​ចុះបញ្ជី​កសិដ្ឋាន​ដាំ​ស្វាយ សម្រាប់​នាំចេញ​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​ងាយស្រួល​ទទួលបាន​ព័ត៌មាន និង​សេវា​បណ្តុះបណ្តាល បច្ចេកទេស​ក្នុងការ​បង្កើន​ផលិតភាព​និង​គុណភាព​ផ្លែស្វាយ​ស្របតាម​ស្តង់ដារ ព្រមទាំង​រៀបចំ​ចងក្រង​ជា បណ្តុំ​អាជីវកម្ម​ស្វាយ សម្រាប់​ទំនាក់​ទំនងជា​មួយក្រុម​ហ៊ុន​ក្នុង​និង​ក្រៅ​ស្រុក ចុះកិច្ចសន្យា​ប្រមូល​ទិញ​ធ្វើការ កែច្នៃ​និង​នាំចេញ​។​

​ជាក់ស្តែង ក្នុង​គោលដៅ​ជំរុញ​ការនាំ​ផ្លែស្វាយ​ទៅ​ប្រទេស​ចិន អគ្គនាយកដ្ឋាន​កសិក​ម្ម​នៃ​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​ផ្ញើជូន​កសិដ្ឋាន​ដែល​បាន​ចុះបញ្ជី​ជា​កសិដ្ឋាន​សម្រាប់​ការនាំចេញ​ស្វាយ ទៅកាន់​ប្រទេស​ចិន​ចំនួន​២៥​កសិដ្ឋាន និង​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​ពងរុយ​ចោះ​ផ្លែស្វាយ​ដែល​បាន​សាង សង់​រួចរាល់​ចំនួន ៣​បន្ថែមទៀត​ទៅ​ប្រទេស​ចិន​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​បន្ត​។ សរុបមក កម្ពុជា​នឹងមាន កសិដ្ឋាន​ចំនួន​៣០ និង​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​ពងរុយ​បោះ​ផ្លែស្វាយ​ចំនួន​០៤ ដែល​ប្រទេស​ចិន នឹង​ពិនិត្យ សម្រេច​អនុញាតឱ្យ​នាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។​

​នាពេល​ថ្មីៗ​នេះ ឯកឧត្តម​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការបំពេញ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​
​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។​

​ឯកឧត្តម​វេ​ង សាខុន បាន​ថ្លែងថា ដំណាំ​ស្វាយកែវ​រមៀត​គឺជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម មួយ​ក្នុងចំណោម​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ផ្សេងទៀត​
​ដែលមាន​សក្តានុពល​ស​ម្រា​ប់​ធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ប្រទេស​ចិន និង​កូរ៉េ​ជា​លក្ខណៈ​ស្រស់
​និង​ក្រៀម​។ យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ បានឱ្យដឹងថា
​បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស​មាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយ​សរុប​ចំនួន ១២៤ ៣១៩​ហ​.​ត ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន ៩១ ៣៩៨​ហ​.​ត
​ដោយ​ទទួល​ទិន្នផល​ជា​មធ្យម​ចំនួន​១៦​តោន​/​ហ​.​ត​/​រដូវ ដែលមាន​បរិមាណ​ផល​សរុប​ចំនួន​១ ៤៤៨ ៦៧៧​តោន​។​
ក្នុង​ឆ្នាំ​២០២០​កន្លងទៅ ការនាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​មាន​ចំនួន ៩៥៧ ៦៨០​តោន ក្នុងនោះ​ចំនួន​១០៧ ៦៨០​តោន បាន​នាំចេញ​ដោយមាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ និង​ចំនួន​៨៥០ ០០០​តោន បាន​នាំចេញ​ដោយ​គ្មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​។ ដោយឡែក ក្នុង​ឆ្នាំ​២០២១ គិត​ត្រឹម​ខែមករា ការនាំចេញ​ផ្លែស្វាយ​ស្រស់​មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​បាន​ចំនួន​ប្រមាណ ១១ ៦៣៨​តោន និង​គ្មាន​វិញ្ញាបនបត្រ​ភូតគាម អនាម័យ​ចំនួន​ប្រមាណ​ជា ១៨ ០០០​តោន (​ប្រភពពី​អ្នកប្រមូល​ទិញ​-​លក់​បន្ត​ឱ្យ​ឈ្មួញ​នាំចេញ​)​។​

​ដោយ​យោងតាម​របាយការណ៍​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ពិធីសារ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ដែល​ក្រសួង​ទទួលបាន​ពី​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​អគ្គនាយក​ដ្ឋា​ន​កសិកម្ម បានឱ្យដឹងថា​៖
– ពិធីសារ​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន (GACC) ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២០​។​

– អគ្គនាយកដ្ឋាន​កសិក​ម្ម បានទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ចំនួន​៥៥ ក្រុមហ៊ុន​/​ម្ចាស់​ចម្ការ​/​សហគមន៍​កសិកម្ម​។

– ដំណាក់កាល​ទី​១: អគ្គនាយកដ្ឋាន​កសិក​ម្ម​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​វាយតម្លៃ​លើ​កសិដ្ឋាន​ដែលមាន​សក្តានុពល​ខ្ពស់ និង​ស្របតាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន​ចំនួន​០៥ និង​ទីតាំង​វេច​ខ្ចប់​ដែល​បាន​សាងសង់​រួចរាល់​ចំនួន​០១ និង​បាន​ផ្ញើជូន GACC កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០​។​

– ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ឱ្យបាន​ល្អ សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន អគ្គនាយកដ្ឋាន​កសិក​ម្ម បាននិងកំពុង​អនុវត្ត​សកម្មភាព​មួយចំនួន​នៅតាម​ទីតាំង​ចម្ការ​ដែល​បានដាក់​ពាក្យស្នើសុំ​ឱ្យបំពេញ​បាន​នូវ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន​។ សកម្មភាព​ទាំងនោះ​រួមមាន (១)-​ចុះ​បណ្តុះបណ្តាល​បច្ចេកទេស​ស្តីពី​ការអនុវត្ត​កសិកម្ម​ល្អ (២)-​ចុះ​បណ្តុះបណ្តាល​បច្ចេកទេស​ស្តីពី​ការគ្រប់គ្រង​សមាសភាព​ចង្រៃ ៣)-​ចុះ​បណ្តុះបណ្តាល​បច្ចេកទេស​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់ (៤)-​ចុះ​អង្កេត​តាមដាន​និង​រៀបចំ​ប្រព័ន្ធ​ព្យាករណ៍​សមាសភាព​ចង្រៃ​នៅតាម​ចម្ការ​ដែល​បាន​ចុះបញ្ជី​នាំចេញ និង​(៥)-​ចុះ​ត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព​ដំណាំ​ស្វាយ​។​

– ក្រុមការងារ​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​វាយតម្លៃ​ចម្ការ​ស្វាយ​ដើម្បី​ចុះបញ្ជី​កសិដ្ឋាន​ការអនុវត្ត​កសិកម្ម​ល្អ (GAP) និង​ចុះបញ្ជី​កសិដ្ឋាន​សម្រាប់​នាំចេញ​ស្វាយ​ទៅកាន់​ប្រទេស​ចិន​បាន​ចំនួន ២៥​កសិដ្ឋាន ដើម្បី​ត្រៀម​ផ្ញើជូន​ភាគី​ចិន​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​បន្ថែមទៀត​។​

– គិត​ត្រឹម​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ មាន​ក្រុមហ៊ុន​ចំនួន​០៤ ដែល​បាននិងកំពុង​ប្រតិបត្តិ​ការសាងសង់​ទីតាំង​វេច​ខ្ចប់​ដោយមាន​បំពាក់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​កម្ចាត់​ពងរុយ​ចោះ​ផ្លែស្វាយ និង​ឃ្លាំង​ត្រជាក់​ដែល​ក្នុងនោះ​រួមមាន​៖
1. ក្រុមហ៊ុន​បឹង កេ​ត ហ្វ្រេស ហ្រ៊ូ្វ​ត ឯ​.​ក មាន​ទីតាំងនៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុង​តម្លើង​ម៉ាស៊ីនទឹក​ក្តៅ (Hot Water Treatment-HWT) ដែល​បាន​សន្យាថា​នឹង​បញ្ចប់​នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ​។​

2. ក្រុមហ៊ុន បា​មីន អេ​ហ្គ្រី​ខ​ល​ឈ័​រ ហាយ​-​ថេ​ក ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក មាន មាន​ទីតាំងនៅ​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាននិងកំពុង​តម្លើង​ម៉ាស៊ីន ច​ចំហាយ​ទឹក​ក្តៅ (Vapor Heat Treatment-VHT) ដែល​បាន​សន្យាថា​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ​២០២០ កន្លងទៅ​។​

3. ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd មាន​ទីតាំងនៅ​ភូមិ​ទី​៥ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុង​ដឹក​សម្ភារៈ​ពី​ប្រទេស​ចិន​មក​សាងសង់ ដែល​បាន​សន្យាថា​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​២០២១​។​

4. ក្រុមហ៊ុន អាល់ ហ្សា​ហ្ស៊ី​លេន ហ្វ៊ូ​ដ ភី​ធី​អ៊ី (​ម្ចាស់​ក្រុមហ៊ុន HUNTY CO., LTD) មាន​ទីតាំងនៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាននិងកំពុង​តម្លើង​ម៉ាស៊ីន HWT ដែលមាន​ផែនការ​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០២០​។​

​ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ចំនួន​៦​ផ្សេងទៀត ដែលមាន​ផែនការ​បំពាក់​ឧបករណ៍​/​សម្ភារៈ​ឱ្យបាន​មុន​ដំណាច់ឆ្នាំ​២០២០​នេះ បាន​ផ្អាក​បណ្តោះអាសន្ន ដោយសារ​វិបត្តិ​ជំងឺ COVID 19​។ ក្រុមហ៊ុន​ទាំងនោះ​រួមមាន​៖ (១)-​ក្រុមហ៊ុន​អង្គរ ហា​វេស ឯ​.​ក (២)-​ហ្គ្រី​ន ស៊ី អេ​ហ្គ្រី​ខ​ល​ឈ័​រ (៣)-​ឃី​ង ដឹ​ម​ហ្វ្រូ​ត អ៊ិន​ធើ​ណេ​សិ​នណល (៤)-Green Centric Farm Co., Ltd (៥)-​អង្គរ​ហ្គ្រី​ន អ៊ិន​វេស​មេន អេ​ន ឌី​វេឡុ​ប​មេន (​អេ​ជី​អាយ​ឌី​) និង (៦)-First Bio-Tech Agricultural (Cambodia) Co., Ltd ។​

ដោយឡែក​នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​កសិក​ម្ម បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន​ចំនួន​៤ ដែល​កំពុងដំណើរការ​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​កម្ចាត់​ពងរុយ​ចោះ​ផ្លែស្វាយ ដើម្បី​ពិនិត្យ​វឌ្ឍនភាព និង​វាយតម្លៃ​ចុងក្រោយ​ដើម្បី​រៀបចំ​ឯកសារ​បច្ចេកទេស​ផ្ញើជូន​អគ្គ​រដ្ឋបាល​គយ​ចិន​ពិនិត្យ​សម្រេច​។ លទ្ធផល​ដែល​ទទួល​ពី​កិច្ចប្រជុំ​នេះ មាន​ដូចខាងក្រោមៈ​
1. ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd មាន​ទីតាំងនៅ​ភូមិ​ទី​៥ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបញ្ចប់​ការសាងសង់​ម៉ាស៊ីន HWT ជា​ស្ថាពរ​។ តាមរយៈ​ការចុះ​ត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ​ឃើញថា ការសាងសង់ បាន​អនុវត្ត​ត្រឹមត្រូវ​តាម​បច្ចេកទេស ហើយ​ក្រុមហ៊ុន​អាច​ទទួលបាន​ការចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​សម្រាប់​ផ្ញើ​ជូនទៅ GACC ដើម្បី​ពិនិត្យ​សម្រេច​។​

2. ក្រុមហ៊ុន​បឹង កេ​ត ហ្វ្រេស ហ្រ៊ូ្វ​ត ឯ​.​ក មាន​ទីតាំងនៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបញ្ចប់​ការ​តម្លើង​ម៉ាស៊ីន HWT រួចរាល់​។ តាមរយៈ​ការចុះ​ត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ​ឃើញថា ក្រុមហ៊ុន​នៅមាន​ចំណុច​ខ្វះខាត​បន្តិចបន្តួច (​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ធ្វើឱ្យប៉ះពាល់​សម្បក​ផ្លែស្វាយ​) ដែល​ទាមទារ​ធ្វើការ​កែតម្រូវ​ឱ្យបាន​ត្រឹមត្រូវ ទើប​ទទួល​ការចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​សម្រាប់​ផ្ញើ​ជូនទៅ GACC ។ ក្រុមហ៊ុន​បាន​សន្យាថា នឹងធ្វើ​ការកែសម្រួល​តា​ម​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ​នៅ​សប្តាហ៍​នេះ​។​

3. ក្រុមហ៊ុន អាល់ ហ្សា​ហ្ស៊ី​លេន ហ្វ៊ូ​ដ ភី​ធី​អ៊ី (​ម្ចាស់​ក្រុមហ៊ុន HUNTY CO., LTD) មាន​ទីតាំងនៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បានបញ្ចប់​ការសាងសង់​ម៉ាស៊ីន HWT​។ តាមរយៈ​ការចុះ​ត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ​ឃើញថា ក្រុមហ៊ុន​នៅមាន​ចំណុច​ខ្វះខាត​ខ្លះ​ដែល​មិនទាន់​ឆ្លើយតប​ទៅនឹង​លក្ខណៈ​បច្ចេកទេស និង​ពិធីសារ (​ការកំណត់​សីតុណ្ហភាព​ទឹក​ក្តៅ​មិនទាន់​ត្រឹមត្រូវ និង​មិនទាន់មាន​អនាម័យ​ល្អ​) ដែល​ទាមទារ​ឱ្យមាន​ការកែតម្រូវ​ជាមុនសិន​។ ភាគី​ក្រុមហ៊ុន​បាន​សន្យាថា​នឹងធ្វើ​ការកែសម្រួល​នូវ​ចំណុច​ដែល​ខ្វះខាត​ក្នុង​រង្វង់ ៣​ថ្ងៃ​ខាងមុខនេះ​ឱ្យបាន​រួចរាល់​។​

4. ក្រុមហ៊ុន សាង ដា ជាន ហួយ អ៊ិន​ធើ​ណេ​សិ​នណល អេ​ហ្គ្រី​ខ​ល​ឈ័​រ ប្រដាក់ អេ​ន ឡូ​ជី​ស្ទីក ឯ​.​ក (​អតីត​
​ឈ្មោះ បា​មីន អេ​ហ្គ្រី​ខ​ល​ឈ័​រ ហាយ​-​ថេ​ក ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក​) មាន​ទីតាំងនៅ​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាននិងកំពុង​តម្លើង​ម៉ាស៊ីន VHT​។ តាមរយៈ​ការចុះ​ត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ​ឃើញថា ក្រុមហ៊ុន​មិនទាន់​បានបញ្ចប់​ការសាងសង់​នៅឡើយ ទាំង​ការ​តម្លើង​ម៉ាស៊ីន និង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​។ ក្រុមហ៊ុន​បាន​ទទួលស្គាល់ថា​ការសាងសង់​មានការ​យឺត​យាវ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីត​១៩ ធ្វើឱ្យ​រាំ​ស្ទះ​ដល់​ការដឹក​សម្ភារៈ និង​ការធ្វើដំណើរ​របស់​ជំនាញការ ហើយ​បាន​សន្យាថា​នឹង​ព​ន្លឿ​ន​ការងារ​សាង់សង់​ឱ្យបាន​លឿន​បំផុត រួច​រាយការណ៍​មក​អគ្គនាយកដ្ឋាន​កសិក​ម្ម​ដើម្បី​ចុះ​វាយតម្លៃ​។​

​ដើម្បី​សម្រេច​គោលបំណង​នាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ឱ្យទាន់​រដូវ​ប្រមូល​ផល​ខាង​
​មុខ​នេះ អង្គប្រជុំ​ក៏បាន​ឯកភាពគ្នា​ដូចខាងក្រោមៈ​
– បន្ទាប់ពី​ការកែសម្រួល​របស់​ក្រុមហ៊ុន​នូវ​ចំណុច​ខ្វះខាត​ឱ្យបាន​រួចរាល់​ក្នុង​សប្តាហ៍​នេះ អគ្គនាយកដ្ឋាន​កសិក​ម្ម​នឹង​រៀបចំ​ឯកសារ​ផ្ញើជូន​អគ្គ​រដ្ឋបាល​គយ​ចិន​ចំនួន​០៣​ក្រុមហ៊ុន​ជាមួយគ្នា​តែម្តង​។

– ដោយឡែក ក្រុមហ៊ុន សាង ដា ជាន ហួយ អ៊ិន​ធើ​ណេ​សិ​នណល អេ​ហ្គ្រី​ខ​ល​ឈ័​រ ប្រដាក់ អេ​ន ឡូ​ជី​ស្ទីក ឯ​.​ក នៅពេល​បញ្ចប់​ការសាងសង់​ម៉ាស៊ីន VHT និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​រួចរាល់ អគ្គនាយកដ្ឋាន​កសិក​ម្ម នឹង​ចុះ ពិនិត្យ​វាយតម្លៃ​ដើម្បី​ចុះ​ប​ញ្ចី និង​រៀបចំ​ឯកសារ​ផ្ញើជូន​អគ្គ​រដ្ឋបាល​គយ​ចិន​តាម​ក្រោយ​ជា​បន្តទៀត​។

– ដំណាក់កាល​ទី​២: អគ្គនាយកដ្ឋាន​កសិក​ម្ម​គ្រោង​នឹង​ផ្ញើជូន​កសិដ្ឋាន​ដែល​បាន​ចុះបញ្ជី​ជា​កសិដ្ឋាន​សម្រាប់​ការនាំចេញ​ស្វាយ​ទៅកាន់​ប្រទេស​ចិន​ចំនួន ២៥​កសិដ្ឋាន និង​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​ពងរុយ​ចោះ​ផ្លែស្វាយ​ដែល​បាន​សាងសង់​រួចរាល់​ចំនួន​៣​បន្ថែមទៀត ទៅ​ភាគី GACC ដើម្បី​ពិនិត្យ និង​វាយតម្លៃ​បន្ត​។​

– សរុប កម្ពុជា​នឹងមាន​កសិដ្ឋាន ចំនួន​៣០ និង​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​ពងរុយ​ចោះ​ផ្លែស្វាយ​ចំនួន​០៤ ដែល​GACC នឹង​ពិនិត្យ និង​វាយតម្លៃ​សម្រេច​ក្នុងការ​អនុញាត​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន​។​

អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ ឯកឧត្តម​វេ​ង សាខុន សូម​សាធារណជន និង​អ្នកពាក់ព័ន្ធ​ទាំងអស់ បាន​ជ្រាប និង​បន្ត​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ធ្វើឱ្យ​សម្រេច​នូវ​ផែន​ការនាំ​ស្វាយ​ចេញទៅ​កាន់​ប្រទេស​ចិន នាពេលខាងមុខ​ដ៏​ខ្លី​ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង