ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​លី ហួរ កសិករ​ចិញ្ចឹម​ឃ្មុំ រកប្រាក់ ចំណូល បាន​១​ខែ ៥​ពាន់​ដុល្លារ

62

 

សៀមរាប​៖ វិស័យ​កសិកម្ម​នៅតែ​ជា​វិស័យ​មួយ ដែល​ជួយ​លើកស្ទួយ​ជីវភាព​ប្រជា​ពល រដ្ឋ​នៅ​តំបន់​ជន បទ ឱ្យមាន​ភាពល្អប្រសើរ​តាមរយៈ​ការចិញ្ចឹម​សត្វ ការដាំ​ដំណាំ​គ្រប់​ប្រភេទ បើទោះបីជា​ប្រទេស​កម្ពុជា កំពុងស្ថិត​នៅក្នុង​ស្ថានភាព​នៃ​ការរង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​។
ជាក់ស្តែង​មួយរយៈ​ចុងក្រោយ​នេះ នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប យើង​សង្កេតឃើញថា វិស័យ​កសិកម្ម​មា​នស​ន្ទុះ​កើនឡើង ជាពិសេស​ការដាំ​បន្លែ និង​ការ​ចិញ្ចឹមសត្វ​។ ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​នេះដែរ យុវជន​ម្នា​ក់បាន​ចាប់​របរ​ចិញ្ចឹម​ឃ្មុំ​ដោយ​ទទួលបាន​ប្រាក់ចំណូល​ប្រចាំខែ​ខ្ពស់​។
លោក លី ហួរ ជា​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្ត​សៀម រាប បានឱ្យដឹងថា លោក​បាន​ចិញ្ចឹម​ឃ្មុំ​ជាមួយ​អ៊ំ​របស់លោក​នៅ​ខេត្តរតនគិរី រយៈ​ចំនួន​៤​ឆ្នាំ​មកហើយ​។ បន្ទាប់ពី​ទទួលបាន​ជំនាញ​ច្បាស់លាស់​ពី​ការចិញ្ចឹម​ឃ្មុំ​នេះ លោក បានសម្រេច​ចិត្ត​មក​ចិញ្ចឹម​នៅ​ស្រុកកំណើត​របស់លោក​វិញ​ជាមួយនឹង​ធុង​សម្រាប់​ចិញ្ចឹម​ឃ្មុំ​ចំនួន ១០០ សម្រាប់​ជំហាន​ដំបូង​។​
លោក​បាន​បន្តថា ការចិញ្ចឹម​ឃ្មុំ​នេះ គឺមាន ភាពងាយស្រួល​ជាង​ការចិញ្ចឹម​សត្វ និង​ដាំ​ដំណាំ​ផ្សេងៗ ដោយ​ការចិញ្ចឹម​ឃ្មុំ​នេះ ដំបូង​ត្រូវមាន​ធុង បង្គង ក្រមួន និង​មេ​ឃ្មុំ ដែល​ទិញ​មកពី​អ្នក​ចិញ្ចឹម​មុនៗ​។ លោក​បន្ដថា សម្រាប់​ស្រុក​បន្ទាយស្រី​នេះ គឺជា​ទីតាំង​ល្អ​មួយ​ក្នុងការ​ចិញ្ចឹម​ឃ្មុំ ដោយសារ​ទីនេះ​មាន​ផ្កា​ព្រៃ និង​ផ្កា​ដែល​គេ​ដាំ​ច្រើន ស្រួល​ដល់​មេ​ឃ្មុំ​ទៅ​ក្រេប​យក​លម្អង​មក​។​
លោក លី ហួរ ពន្យល់ថា ឃ្មុំ​ដែល​ចិញ្ចឹម​នេះ គឺ​ទឹក​របស់​វា​មាន​លក្ខណៈ​ធម្មជាតិ​ដូច​ឃ្មុំ​ព្រៃ​ដែរ ព្រោះ​មេ​ឃ្មុំ​ដែល​លោក​ចិញ្ចឹម​នេះ​វា​ចេញទៅ​ក្រេប​ផ្កា​ព្រៃ ឬ​ផ្កា​ដែល​គេ​ដាំ​យកមក​ដូចគ្នា ដោយ​ពុំមាន​ដាក់​សារធាតុ​អ្វី​ផ្សេង​ទេ​។ លោក​បាន​បញ្ជាក់ថា សម្រាប់​ការងារ​ចិញ្ចឹម​ឃ្មុំ​របស់លោក​គឺមាន​ការ​បែង​ចែង​ជា​ពីរ​រដូវ​កាល គឺ​នៅ​រដូវប្រាំង ចាប់ពី​ខែមករា​ដល់​ឧសភា គឺ​លោក​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​។ ចាប់ពី​ខែមិថុនា ដល់​ខែកញ្ញា គឺ​លោក​ចិញ្ចឹម​ឃ្មុំ​យក​កូន​លក់​វិញ​។ សម្រាប់​ផលិតផល​ដែល​ទទួលបាន​សម្រាប់​ឃ្មុំ​ចំនួន ១០០​ធុង​នេះ ក្នុង​១​ខែ​លោក​អាច​ប្រមូល​ទឹកឃ្មុំ​បាន​ចំនួន​៣​ដង ក្នុង​មួយដង​បាន ១៥​កាន ស្មើ នឹង​៤៥០​លីត្រ ហើយ​តម្លៃ​នៃ​ការលក់​ចេញទៅ​កាន់​ទីផ្សារ​ក្នុង​មួយ​លីត្រ​១០​ម៉ឺន​រៀល​។ ប៉ុន្តែ​សម្រាប់​តម្លៃ​នៃ​ការលក់ដុំ​គឺមាន​តម្លៃ​ផ្សេង​ទៅតាម​ការចរចា​គ្នា​។ ដូច្នេះ​ក្នុង​មួយខែ​លោក​អាច​រកប្រាក់​ចំណេញ​ពី​ការលក់​ទឹកឃ្មុំ​ទៅឱ្យ​អ្នក​លក់ដុំ​បាន​ជាង ៥​ពាន់​ដុល្លារ​អាម៉េរិក​។​
ទៅ​ថ្ងៃ​អនាគត លោក​មាន​គម្រោង​ដាក់​ធុង​ចិញ្ចឹម​ឃ្មុំ​នេះ​ឱ្យបាន​ច្រើន និង​រៀបចំ​កន្លែង​ចិញ្ចឹម​ឃ្មុំ​នេះ ដើម្បី​អាចឱ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​ឈ្វេងយល់​ពី​របៀប​នៃ​ការចិញ្ចឹម​ឃ្មុំ ហើយនឹង​អាច​ក្លាយជា​ផលិតផល​ទេសចរណ៍​មួយ ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ស្នាក់នៅ​ខេត្តសៀមរាប​បានយូរ និង​ទាញយក​ចំណូល ពី​វិស័យ​ទេសចរណ៍​សម្រាប់ ប្រជាពលរដ្ឋ នៅ​ជនបទ​ដោយផ្ទាល់​៕ .​សំរិត​

អត្ថបទដែលជាប់ទាក់ទង