ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីចុះពិនិត្យមើល ការស្តារប្រឡាយមេរំដោះទឹក ក្នុងខណ្ឌ៤នៅជាយក្រុង ដើម្បីរំដោះទឹកនៅរដូវវស្សានេះ

148

ភ្នំពេញ៖ ដើម្បីជម្រុញអោយការងារស្តារ ប្រឡាយទួលពង្រទំហំ៨ម៉ែត្រទទួលបានជោគជ័យនិងទាន់ពេលវេលាមុនរដូវវស្សាមកដល់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨កុម្ភៈនេះបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីពិសេសអាជ្ញាធរខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យនិងខណ្ឌមានជ័យចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៃតួប្រឡាយ ស្ថានីយលូប្រាំសំដៅធ្វើយ៉ាងណាបើកផ្លូវទឹកអោយហូរបានលឿន កាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌចំនួន៤នៅជាយក្រុង។

  ចំពោះសកម្មភាពដែលលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យនេះ មានដូចជាសកម្មភាពកាយបើកមុខទឹកប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ការពិនិត្យសកម្មភាពការស្ដារប្រឡាយភូមិម័រខណ្ឌដង្កោនិងការពិនិត្យកាយប្រឡាយនៅ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យនិងការពិនិត្យមើលស្ថានីយបូមទឹកលូ៥ជាដើម ដើម្បីជំរុញការងារស្ដារប្រឡាយនេះឲ្យលឿនទាន់ពេលវេលា មុនរដូវវស្សាមកដល់។

    លោកឃួង ស្រេងបានមានប្រសាសន៍ថា ប្រឡាយទាំងប៉ុន្មានខាងលើនេះ ជាប្រឡាយមេ ដែលមានសារៈសំខាន់បំផុតក្នុងការរំដោះ ទឹកពីផ្លូវជាតិលេខ៤ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោនិងខណ្ឌមានជ័យ។

    លោកបន្តទៀតថា ការស្ដារប្រឡាយខាងលើនេះបានធ្វើឲ្យប៉ះពាល់ដីកម្មសិទ្ធិឯកជនរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ហើយបងប្អូនប្រជាពលរដ្ឋក៏បានចូលរួមបរិច្ចាគដីដែលជាកម្មសិទ្ធិរបស់ខ្លួននោះជូនមកអោយរដ្ឋបាលរាជធានីភ្នំពេញផងដែរ លោកពិតជាអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមបរិច្ចាគដីដែលមានទំហំរហូតដល់២ម៉ែត្រនិងមានបណ្ដោយរហូតដល់៥០០ម៉ែត្រ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញមានលទ្ធភាពស្ដារប្រឡាយនេះអោយបានធំរហូតដល់៨ម៉ែត្រទៅតាមគម្រោង។

  លោកឃួង ស្រេង ក៏បានអំពីនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញដើម្បីស្ដារប្រឡាយទាំងនេះឱ្យបានលឿននិងធំទូលាយ។

   លោកបានបញ្ជាក់ផងដែរថា ចំពោះប្រឡាយដែលមានស្រាប់ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានរំលោភ ដោយសាងសង់ផ្ទះនៅលើតួប្រឡាយតែម្តង។បញ្ហានេះលោកសំណូមពរឲ្យបងប្អូនប្រជាពរដ្ឋរុះរើសំណង់នោះចេញពីតួប្រឡាយ ដើម្បីឲ្យក្រុមការងារមានលទ្ធភាព ស្ដារប្រឡាយដោះទឹកនេះអោយបានលឿនទៅតាមគម្រោងដែលបានគ្រោងទុក។

   គួរបញ្ជាក់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋធ្លាប់បានបញ្ជាក់អោយដឹងហើយថា ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញត្រូវស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុង ឲ្យបានទទឹង ៨ម៉ែត្របណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ម៉ែត្រប្រវែង១២២០ម៉ែត្រ  ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ៕

 

   

អត្ថបទដែលជាប់ទាក់ទង