ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឲ្យបញ្ឈប់រាល់ការយកភាស៊ីការលក់ដូរតាមកញ្ច្រែង កញ្ចើ ល្អី របស់ប្រជាពលរដ្ឋតាមបណ្តាផ្សារនានា ទូទាំងខេត្តព្រះសីហនុ

59

 

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បន្តក្រើនរំលឹកឲ្យបញ្ឈប់រាល់ការយកភាស៊ីការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី របស់ប្រជាពលរដ្ឋតាមបណ្តាផ្សារនានា ទូទាំងខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បានជម្រាបមក លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ស្តីពីការបង់ភាស៊ី បង់ថ្លៃជួលតូប រាន_ស្តង់ ព្រមទាំងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅបន្ទុក នឹងបញ្ឈប់ការយកភាស៊ីរាល់ការលក់ដូរតាម កញ្រ្ចែង កញ្ជើ ល្អី របស់ប្រជាពលរដ្ឋ ។

យោងៈ សារាចរលេខ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពីការលុបការបង់ថ្លៃចំពោះ ប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី ។

តបតាមកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលខេត្តព្រះសីហនុរូមជម្រាបជូន លោកអភិបាល នៃគណៈ អភិបាលក្រុង ស្រុក ជ្រាបថា អនុលោមតាមបទប្បញ្ញត្តិគតិយុត្តជាធរមានពាក់ព័ន្ធ នឹងការគ្រប់គ្រងផ្សារនៅទូទាំង ប្រទេស អាជីវករលក់ដូរក្នុងផ្សារមានកាតព្វកិច្ចបង់ចំណូលចូលថវិកាខេត្ត ដែលមានជាអាទិ៍ ការបង់ភាស៊ី និងការ បង់ថ្លៃជួល តូប រាន ស្តង់ និងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅបន្ទុក ព្រមទាំងបង់ពន្ធដារ តាមការកំណត់នៃច្បាប់។

ដើម្បីបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាព ក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដល់ លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ត្រូវពង្រឹងការអនុវត្តតាមខ្លឹមសារសារាចរលេខ ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួន និងត្រូវ៖ ណែនាំដល់ប្រធានផ្សារ ។ អ្នកគ្រប់គ្រងផ្សារនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ឱ្យបញ្ឈប់ការយក ភាស៊ី និង សេវាផ្សេងៗ ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញែង កញ្ជើ ល្អី និងត្រូវបង្កលក្ខណៈ ងាយស្រួលដោយរៀបចំទីតាំងសមស្របដល់បងប្អូនប្រជាព័ររដ្ឋ ដែលរកស៊ីលក់ដូរឥវ៉ាន់ កំប៉ិកកំប៉ុកតាមកញ្រ្ចែង កញ្ជើ ល្អី។ ណែនាំដល់ប្រធានផ្សារ អ្នកគ្រប់គ្រងផ្សារត្រូវអនុវត្តការប្រមូលចំនូល តាមរយៈការបង់ភាស៊ី និងការបង់ថ្លៃជួល តូប រាន ស្តង់ និងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅបន្ទុក។ ណែនាំដល់ប្រធានផ្សារ អ្នកគ្រប់គ្រងផ្សារត្រូវលើកស្លាកតារាងតម្លៃភាស៊ីនៅតាមទីផ្សារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

អាស្រ័យហេតុនេះ សូមលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក អនុវត្តឱ្យមាន ប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវរកឃើញការពិតហើយថា រឿងសន្តិសុខផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្ម(ផ្សាចិន)អូរ១ក្រុងព្រះសីហនុ បំផ្លាញពងទារបស់ពលរដ្ឋ កើតឡើងដោយសារសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុរូបនោះ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងថាការបកស្រាយខ្លះកន្លងមកថាជាការលេងសើចជាមួយគ្នា មិនត្រឹមត្រូវទេ បើទោះជាភាគីទាំងពីរព្រមព្រៀងគ្នាថាបញ្ចប់រឿង ដោយការសងនិងទទួលយកសំណងក៍ដោយ។
ករណីនេះដើម្បីជាការព្រមាននិងជាមេរៀនសម្រាប់អ្នកប្រតិបត្តិការលើការទារភាសុីក្នុងផ្សារ ក្នុងខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តបានសំរេចក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយមន្ត្រីនិងអង្គភាពកងកម្លាំងមានសមត្ថកិច្ច កាលពីរសៀលថ្ងៃ២១មីនា២០២១ ដូចខាងក្រោម៖

សម្រេចដាក់ពិន័យរដ្ឋបាល ដោយបានណែនាំដល់ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ មិនត្រូវបន្តការប្រើប្រាស់បុគ្គលរូបនេះបន្តទៀតទេ គឺត្រូវបញ្ចប់ការងារ ពីភ្នាក់ងារទារភាស៊ី ឬសន្តិសុខ ចាប់ពីពេលនេះតទៅ។

ជាមួយគ្នានេះដែរ ដើម្បីជាការប៉ះប៉ូវជំងឺចិត្តដល់អាជីវករដែលរងគ្រោះ ឯកឧត្តមអភិបាលខេត្ត បានសម្រេចឱ្យប្រធានគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ លើកលែងការយកប្រាក់ភាស៊ីលើអាជីវកម្មរបស់គាត់ពេលមួយឆ្នាំពេញ។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង ស្រុក និងអ្នកគ្រប់គ្រងផ្សារ ត្រូវអនុវត្តតាមសារាចរលេខ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ជាប្រចាំដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អសេវាសាធារណៈជូនប្រជាពលរដ្ឋដោយលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី និងត្រូវលើកស្លាកតារាងតម្លៃការបង់ថ្លៃភាស៊ីនៅតាមទីផ្សារទូទាំងខេត្តព្រះសីហនុ៕

 

អត្ថបទដែលជាប់ទាក់ទង