ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្ត មណ្ឌលគិរី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ប្រជាពលរដ្ឋ ដែលបានកាប់រុករានដី នៅតាមព្រំដែនយកធ្វើជាកម្មសិទ្ធិ ត្រូវដកហូតទុកជាដីរបស់រដ្ឋ

41

 

មណ្ឌលគិរី ៖ ក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវតាមខ្សែបន្ទាត់ព្រំដែន ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ប្រជាពលរដ្ឋទាំងឡាយណា ដែលបានកាប់រុករានដីនៅតាមព្រំដែន យកធ្វើជាកម្មសិទ្ធិត្រូវដកហូតដីទាំងអស់នោះទុកជាដីរបស់រដ្ឋវិញ ។

ស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី បានចេញផ្សាយព័ត៌មានថា នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបី បានអញ្ជើញអមដំណើរ ឯកឧត្តមសា្វយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យស្ថានភាពផ្លូវតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្រ្តប៉ុស្តិ៏នគរបាលការពារព្រំដែនគោកប៊ូស្រា វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ ស្ថិតក្នុងស្រុកពេជ្រា និងនៅតាមខ្សែបន្ទាត់ព្រំដែនប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទួលស្វាយ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ ស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ស្ថិតក្នុងឱកាសនៃការចុះពិនិត្យផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែនស្ថិតនៅក្នុងភូមិសាស្រ្តស្រុកពេជ្រាដា ឯកឧត្តមបានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើប្រជាពលរដ្ឋមួយចំនួនដែលបានកាប់រុករានទន្រ្ទានយកដីដែនជម្រកសត្វព្រៃភ្នំណាំលៀ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបានឲ្យផ្នែកជំនាញនៃមន្ទីរបរិស្ថានខេត្ត ធ្វើការដកហូតដីទាំងអស់នោះយកមកជាកម្មសិទ្ធិរបស់រដ្ឋវិញ។

មិនតែប៉ុណ្ណោះក្នុងដំណើរនៃការចុះពិនិត្យផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តបានអញ្ជើញចុះត្រួតពិនិត្យផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទួលស្វាយ ស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ឯកឧត្តមបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ប្រជាពលរដ្ឋទាំងឡាយណា ដែលបានកាប់រុករានដីនៅតាមព្រំដែន យកធ្វើជាកម្មសិទ្ធិត្រូវដកហូតដីទាំងអស់នោះ ទុកជាដីរបស់រដ្ឋវិញ រីឯដីដើមស្រស់ដែលមានជនខិលខូចមួយចំនួន កាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិនោះ ឯកឧត្តម បានអនុញ្ញាតឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តធ្វើការវាស់វែងឲ្យបានគ្រប់ចំនួន និងធ្វើការប្រគល់ឲ្យក្រុមហ៊ុនហ៊ូជីសាន្តវិញ ៕

អត្ថបទដែលជាប់ទាក់ទង