ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីខ្មែរម្នាក់អាយុ២៨ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ១៩

40

 

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល ករណីស្លាប់ស្រ្តីជនជាតិខ្មែរអាយុ២៨ឆ្នាំ ដោយសារជំងឺកូវីដ១៩។​ យុវតីខ្មែររូបនោះ រស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ខណៈកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

បើតាមក្រសួងសុខាភិបាល យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ ដែលរស់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៤០នាទីរសៀល។ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្ត្រីខាងលើត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ដោយមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយស្ត្រីខាងលើ ក៏ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅថ្ងៃទី៣០ខែមីនា ឆ្នាំ២០២១។

អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ តាំងពីចូលសម្រាកដំបូង ដោយសារគាត់មានជំងឺប្រចាំកាយដូចជា៖ ជំងឺទឹកនោមផ្អែមប្រភេទ១ ជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ អាចជាមូលហេតុបណ្តាលឱ្យអ្នកជំងឺនេះ ធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទោះបីជាក្រុមគ្រូពេទ្យ បានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះ ព្យាបាលតាមបច្ចេកទេស ដោយរួមផ្សំការប្រើប្រាស់ ម៉ាស៉ីនជំនួយដង្ហើមផងនោះ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៤០នាទីរសៀល។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតសងខាង ដោយសារកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ និងជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕

អត្ថបទដែលជាប់ទាក់ទង