ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងប្រុសអាយុជាង៣ខួបម្នាក់ ត្រូវរថយន្តកិនស្លាប់

45

 

ភ្នំពេញ ÷ ក្មេងប្រុសអាយុជាង៣ខួបម្នាក់ ត្រូវរថយន្តកិនបែកក្បាលស្លាប់ កាលពីវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី៣១ខែមីនាឆ្នាំ២០២១ ស្ថិតនៅផ្លូវលំមួយកន្លែងក្នុងសិប្បកម្មជាន់ថ្នេរពុម្ភ ភូមិចាក់ជ្រូក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សពកុមារារងគ្រោះខាងលើមានឈ្មោះ រ៉េត ពេជ្រសុខបញ្ញា ភេទប្រុស អាយុ៣ខួប២ខែ ដែលមានឪពុក ឈ្មោះរ៉េត ធារិដ្ឋ អាយុ៣២ឆ្នាំ ចំណែកម្តាយឈ្មោះ ពៅ រតនា អាយុ៣០ឆ្នាំ មុខរបរគណនេយ្យនៅសិប្បកម្មជាន់ថ្នេរ ស្នាក់នៅភូមិសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

តាមការរៀបរាប់ស្ត្រីជាជីដូនក្មេងប្រុសរងគ្រោះ បានឲ្យដឹងថា ឪពុកម្តាយក្មេងប្រុសខាងលើ បានលែងលះគ្នាជាង១ឆ្នាំមកហើយ ហើយក្មេងប្រុសខាងលើ បាននៅជាមួយគាត់និងកូនស្រី ដែលត្រូវជាម្តាយបង្កើតរបស់ក្មេងប្រុសរងគ្រោះ នៅម្តុំវត្តសន្សុំកុសល់ ហើយមួយរយ:ពេលមានការផ្ទុះជំងឺកូវីដខ្លាំងពេក នៅម្តុំផ្ទះរបស់គាត់ នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ដោយរូបគាត់មានក្តីព្រួយបារម្ភ ខ្លាចចៅរបស់គាត់ឆ្លងជំងឺដ៏កាចសាហាវនេះ ទើបសម្រេចចិត្តឲ្យចៅរបស់គាត់ មកនៅជាមួយម្តាយបង្កើតនៅកន្លែងធ្វើការមួយរយ:សិន
លុះនៅរសៀលថ្ងៃនេះ គាត់បានទទួលដំណឹងថា ចៅរបស់គាត់ត្រូវរថយន្តកិនស្លាប់ ធ្វើឲ្យគាត់ស្លុតចិត្តរន្ធត់ទន់ដៃទន់ជើងស្ទើរគាំងបេះដូង ខណ:បាត់បង់ចៅប្រុសជាទីស្រឡាញ់។

ក្នុងករណីខាងលើនេះ ទោះបីជាខាងម្ចាស់សិប្បកម្មចង់លាក់បាំងព័ត៌មានយ៉ាងណាក៏ដោយ ក៏ស្ត្រីជាជីដូនស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលបានបើករថយន្តកូរ៉េមួយគ្រឿង បុកកិនចៅប្រុសរបស់គាត់ស្លាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសង្កាត់ចោមចៅទី៣ សហការជាមួយនគរបាលជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ រួមនិងកម្លាងជំនាញចរាចរណ៍ក្រុង បានចុះទៅធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ និងឆែកតាមកាម៉េរ៉ាសុវត្ថិភាព ដើម្បីរកជនបង្កយកមកផ្តន្ទារទោស តាមនីតិវិធីនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង