ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុក្រឹត្យស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនមែនជាការបង្កើតពន្ធថ្មីនោះទេ

72

 

ភ្នំពេញ ៖ អនុក្រឹត្យស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនមែនជាការបង្កើតពន្ធថ្មីនោះទេ ហើយការអនុវត្តអនុក្រឹត្យនេះក៏អាចទាក់ទាញឱ្យ មានការវិនិយោគមកក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀតក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ដែលនឹងជំរុញឱ្យមានការរីកចម្រើននៃវិស័យនេះ។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានចេញសេចក្តីពន្យល់បន្ថែម លើអនុក្រឹត្យស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៖
១. មិនមែនជាការបង្កើតពន្ធថ្មីនោះទេ។ អាករលើតម្លៃបន្ថែម (VAT)ជាប្រភេទពន្ធដែលបានអនុវត្តជាទូទៅរួចហើយ,
២. អនុក្រឹត្យមានវិសាលភាពលើអ្នកផ្គត់ផ្គង់អនិវាសនជន ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅព្រះរាជាណាចក្រកម្ពុជា,
៣. ការអនុវត្តនេះស្របតាមឧត្ដមានុវត្តន៍ជាអន្តរជាតិ ដែលអគ្គនាយកដ្ឋានពន្ធដារ និងក្រុមការងារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តួចផ្តើមគិតគូរតាមរយៈការសិក្សាស្រាវជ្រាវ នៅតាមបណ្ដាប្រទេសសំខាន់ៗមួយចំនួនអស់រយៈពេលជាងមួយឆ្នាំរួចហើយ។

បើតាមសេចក្តីប្រកាសព័ត៌មាន អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ លើអនុក្រឹត្យស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក , អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសស្គូមជម្រាបជូនសហគ្រាស និងសាធារណជនជាតិនិងអន្តរជាតិ ទាំងអស់ជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្តអាករលើតម្លៃបន្ថែមចំពោះទំនិញឌីជីថល និងសេវាឌីជីថល ដែលត្រូវបានផ្គត់ផ្គង់ និងប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិកដោយអ្នកផ្គត់ផ្គង់អនិវាសនជន ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅព្រះរាជាណាចក្រកម្ពុជា។

អនុក្រឹត្យស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនមែនជាការបង្កើតពន្ធថ្មីនោះទេ ប៉ុន្តែជាការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តបទប្បញ្ញត្តិស្តីពីអាករលើតម្លៃបន្ថែមដូចមានចែងក្នុងមាត្រា ៧៥ នៃច្បាប់ ស្តីពីសារពើពន្ធប៉ុណ្ណោះ ហើយក៏ស្របតាមនិយាមអន្តរជាតិផងដែរ។ កន្លងមក អាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិកនេះមិនទាន់អនុវត្តបាន ព្រោះពុំទាន់មានច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលធ្វើការកំណត់ និយមន័យឱ្យបានច្បាស់អំពីការធ្វើពាណិជ្ជតាមប្រព័ន្ធអេឡិចត្រូនិក ហើយយោងតាមច្បាប់នេះបានចាត់ទុកថាការធ្វើសកម្មភាព អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកក៏ជាពាណិជ្ជកម្មមួយផងដែរ ដូច្នេះអ្នកជាប់ពន្ធមានកាតព្វកិច្ចត្រូវបង់ពន្ធស្របតាមច្បាប់និង បទប្បញ្ញត្តិជាធរមាន ។ ម៉្យាងវិញទៀត អនុក្រឹត្យនេះត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និង យុទ្ធសាស្ត្រកៀរគរចំណូល ២០១៥-២០២៣ របស់រាជរដ្ឋាភិបាល ព្រមទាំងក្នុងគោលដៅប្រមូលចំណូលនិងពើងតម្លាភាព បង់ពន្ធ ក៏ដូចជាការធានាបាននូវការប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។ ទន្ទឹមនឹងនេះ ការអនុវត្តអនុក្រឹត្យ ខាងលើក៏អាចទាក់ទាញឱ្យមានការវិនិយោគមកក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀតក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ដែលនឹងជំរុញឱ្យមានការរីកចម្រើននៃវិស័យនេះ។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា សហគ្រាស និងសាធារណជនជាតិ និងអន្តរជាតិនឹងខិតខំ ពង្រឹងនូវការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានខ្ជាប់ខ្លួន ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង