ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកណ្តាល ចុះពិនិត្យទីតាំង ត្រៀមសម្រាប់ធ្វើជា ទីផ្សារបោះដុំបន្លែបណ្តោះអាសន្ន ជំនួសឲ្យផ្សារដើមគ រាជធានីភ្នំពេញ

60

 

ខេត្តកណ្តាល ៖ នៅវេលាយប់ថ្ងៃទី១៧មេសា នេះ អភិបាលខេត្តកណ្តាល ឯកឧត្ដម គង់សោភ័ណ្ឌ និងក្រុមការងារជំនាញពាក់ព័ន្ធ បានចុះពិនិត្យទីតាំង ត្រៀមសម្រាប់ធ្វើជាទីផ្សារបោះដុំបន្លែបណ្តោះអាសន្ន ជំនួសឲ្យទីផ្សារដើមគ ស្របតាមការស្នើសុំរបស់ សាលារាជធានីភ្នំពេញ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចនៅពេលថ្មីៗនេះ ផ្អាកលក់ដូរបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៨មេសា រហូតដល់ថ្ងៃទី១ឧសភាឆ្នាំ២០២១ បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយ ក្រសួងសុខាភិបាល បានរកឃើញករណី វិជ្ជមានវីរុសកូវីដ-១៩ លើអាជីវករ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមាណ១០០នាក់ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភះ ដែលប៉ុន្មានថ្ងៃនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហស័ គួរអោយព្រួយបារម្ភ ហើយ ដែលស្ថានភាពនេះ ត្រូវចាត់វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ចំពោះមុខជាបន្ទាន់។

ប៉ុន្តែទោះយ៉ាងណា អាជ្ញាធរខេត្តកណ្តាលពុំទាន់បញ្ជាក់ពីទីតាំងពិតប្រាកដនៅឡើយ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការជាបណ្ដោះអាសន្នមូលដ្ឋានផ្សារដើមគនិងផ្សារបន្លែស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដជាបន្ដបន្ទាប់ ។

ក្នុងសេចក្ដីជូនដំណឹង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អាស្រ័យដោយស្ថានភាព នៃការរីករាលជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខផ្សារដើមគ ចំនួនប្រមាណ១០០នាក់ បានឆ្លងជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។

ចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញ សូមផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទូលគោក និងខណ្ឌបឹងកេងកង សម្រាប់រយៈពេលពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលំរដ្ឋដែលបានចេញ-ចូលផ្សារនេ៖ គិតចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១មក ដែលមិនទាន់បានអញ្ជើញមកយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក
ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវបំផុត។

រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសអាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មក្នុងមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ មានការយោគយល់អធ្យាស្រ័យ និងចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង