ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរសម្រេចបិទផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក មួយទៀត ជាបណ្ដោះអាសន្ន

27

ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក បានចេញសេចក្តីជូនដំណឹង ស្តីពីដំណើរការផ្អាកជាបណ្តោះអាសន្ន មូលដ្ឋានផ្សារដេប៉ូស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌទួលគោកមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ពិសេសអាជីវករទាំងអស់ឲ្យបានជ្រាបថាៈ អាស្រ័យដោយស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករនិងប្រជាពលរដ្ឋ បានឆ្លងវីរុសកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ២០២១ ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។

ចំពោះមុខ រដ្ឋបាលខណ្ឌទួលគោក សូមផ្អាកដំណើរការជាបណ្ដោះអាសន្ននូវមូលដ្ឋានផ្សារដេប៉ូ សម្រាប់ រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញចូល ក្នុងទីតាំងផ្សារខាងលើ។

ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌទួលគោក សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើ ការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញចូលផ្សារខាងលើ គិតចាប់ពីថ្ងៃ ទី០៧ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១. បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងវីរុសកូវីដ-១៩. សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅបរិវេណ ទីរួមផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ព្រមទាំងអនុវត្តន៍វិធានការចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវបំផុត។

រដ្ឋបាលខណ្ឌទួលគោកសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករទាំងអស់ ដែលកំពុងប្រកប អាជីវកម្មក្នុងមូលដ្ឋានផ្សារដេប៉ូ មានគារយោគយល់ និងចូលរួមអនុវត្តន៍សេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង