ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីសម្រេចជ្រើសរើសយកការដឹកជញ្ជូនទឹកស្អាតលក់ជូនប្រជាពលរដ្ឋក្នុងតម្លៃទាប មុនការតបណ្តាញទុយោទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមកដល់

295

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានសម្រេចជ្រើសរើសយកការដឹកជញ្ជូនទឹកស្អាតលក់ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ក្នុងតម្លៃទាប មុនពេលដែលការតបណ្តាញទុយោមេ ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមកដល់បំណាច់ឆ្នាំ២០១៨និង២០១៩ខាងមុខនេះ។
ការសម្រេចបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ចុះពិនិត្យលទ្ធភាព ដើម្បីតទឹកស្អាតជូនប្រជាពលរដ្ឋ បានប្រើប្រាស់នៅក្នុងភូមិទាំង៨ នៃសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ខណៈដែលនៅក្នុងសង្កាត់នេះនៅមិនទាន់មានទឹកម៉ាស៊ីនប្រើប្រាស់នូវឡើយនោះ។
បើតាមគម្រោងដែលបញ្ជាក់អោយដឹង ដោយមន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថា តាមគម្រោងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យនេះនឹង តបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋបានប្រើប្រាស់នៅចុងឆ្នាំ២០១៨និងឆ្នាំ២០១៩នេះហើយ។ ដូច្នេះទេដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបានប្រើប្រាស់ទឹកជាបណ្តោះអាសន្នសិន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចថានឹងប្រើប្រាស់រថយន្តដឹកទឹកជូនប្រជាពលរដ្ឋបានប្រើប្រាស់ ដោយក្នុងមួយម៉ែត្រគុបតម្លៃ៧០០រៀលប៉ុណ្ណោះ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ការចុះពិនិត្យលទ្ធភាពដើម្បីផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋនេះ យើងបានរកទីតាំង ដើម្បីដាក់ទឹកជូនប្រជាពលរដ្ឋ ពោលគឺប្រជាពលរដ្ឋមកដឹកទឹកដោយខ្លួនឯងនៅទីតាំងផ្គត់ផ្គង់ទឹក គឺយើងលក់អោយក្នុងមួយម៉ែត្រគុបតម្លៃ៥០០រៀលប៉ុណ្ណោះ តែបើអោយរដ្ឋបាលខណ្ឌឬក្រុងដឹកអោយដល់ផ្ទះគឺក្នុងមួយម៉ែត្រគុបតម្លៃ៧០០រៀល ។ ដែលតម្លៃ២០០រៀលនេះគឺទុកអោយថ្លៃពលកម្មទៅលើកម្មករ ដោយមិនគិតពីរថយន្តនិងប្រេងនោះទេ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់បន្តថា នៅដើមឆ្នាំ២០១៨និង២០១៩ខាងមុខនេះ បណ្តាញទឹកស្អាតនិងតមកដល់ភូមិដ្ឋាន ប្រជាពលរដ្ឋនៅតំបន់នេះហើយ ហើយពេលនោះ តម្លៃទឹក កុងទ័រទឹកមានតម្លៃដូចអ្នកនៅកណ្តាលរាជធានីភ្នំពេញដែរ ពោលគឺប្រើតិចអស់តិចប្រើច្រើនអស់ច្រើន។ជាងនេះទៀតដើម្បីជំរុញការងារនេះអោយបានលឿនរដ្ឋបាលរាជធានីភ្នំពេញនឹងប្រគល់ដីមួយកន្លែងទំហំប្រមាណ១ហិកតានៅម្តុំស្ពាន៧មករា អោយទៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីកសាងស្ថានីយទឹកស្អាតមួយកន្លែងទៀត។ ក្រោយការកសាងស្ថានីយថ្មីនេះបានហើយនោះ ការបែងចែងទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់នេះនឹងបានលឿនទៅតាមការចង់បានរបស់បងប្អូនប្រជាពលរដ្ឋជាក់ជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង