ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ បន្តចែកអំណោយជូនពលរដ្ឋទាំងថ្ងៃទាំង យប់រាល់ថ្ងៃ ដើម្បីកាត់បន្ថយការលំបាក ខណៈរួមគ្នាផ្ចាច់ជម្ងឺកូវីដ-១៩

67

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ដែលជាអំណោយ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងមានជីវភាពខ្វះខាតចំនួន ១.០០០គ្រួសារមកពីសង្កាត់ទាំងប្រាំបី នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២៤ មេសានេះនៅលើផ្លូវលេខ៣៦៩ ជាប់ផ្សារបន្លែច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ២៥០ នាក់ប៉ុណ្ណោះ ជាមួយនិងការរក្សាគម្លាតសុវត្ថិភាព ល្អប្រសើរ ។ ចំពោះប្រជាពលរដ្ឋជាង៧០០គ្រួសារទៀត អាជ្ញាធរច្បារអំពៅជាអ្នកចែកបន្ត ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការបិទខ្ទប់ភូមិដ្ឋានរបស់បងប្អូនជាការសម្រេចចិត្តដ៏លំបាកបំផុតរបស់រាជរដ្ឋាភិបាល ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ទាំងអស់គ្នា ពិសេសត្រូវរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងអនុវត្ត៣ការពារ ៣កុំ ជាប់ជានិច្ច។
លោក ឃួង ស្រេង បន្តទៀតថា បើបងប្អូនមានអត់ធ្មត់ ចូលរួមជាមួយរាជរដ្ឋាភិបាលអោយបានល្អប្រសើរជុំវិញការបិទខ្ទប់ រហូតកាត់ផ្ដាច់ជម្ងឺកូវីដ-១៩ បាន នោះរដ្ឋាភិបាលនិងបើកក្រុងឡើងវិញ ហើយនៅពេលបើកឡើងវិញ មិនមានប្រឈមនិងជម្ងឺកូវីដ-១៩ នោះកម្ពុជាយើងនឹងដំណើរការប្រសើរឡើងវិញ ជីវភាពប្រជាពលរដ្ឋក៏ប្រសើរឡើងវិញព្រមៗគ្នាផងដែរ។
លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមទៀតថា មានជនអគតិមួយចំនួនបានតែស្រែក ពេលមានបញ្ហាលំបាក មិនដែលឃើញមុខពួកគេនោះ ចុះមកជួយប្រជាពលរដ្ឋទេ មានតែសម្ដេចតេជោទេ ដែលបាននៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ទោះបីស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បែបណាក៏ដោយ។ ជាក់ស្តែងសម្រាប់សភាពការណ៍ពេលនេះ សម្ដេចតេជោ បានចាត់ចែងឱ្យ អាជ្ញាធរ ចុះចែកគ្រឿងឧបភោគបរិភោគភ្លាមៗជូនដល់ប្រជាពលរដ្ឋ នៅតំបន់ត្រូវបិទខ្ទប់ និងចុះសុខទក្ខប្រជាពលរដ្ឋជាប្រចាំ បើមានការខ្វះខាតអ្វីយើងជួយពួកគាត់បានភ្លាមតែម្តង ដោយមិនទុកអោយពួកគាត់អត់បាយឡើយ។
គួរបញ្ជាក់ថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ មានជីវភាពខ្វះខាតខាងលើនេះ មានចំនួន ១.០០០គ្រួសារ មកពីសង្កាត់ទាំងប្រាំបី នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូ មីមួយកេស ត្រីខមួយយួរ៕

 

អត្ថបទដែលជាប់ទាក់ទង