ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ពីការលក់ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ ដោយក្រសួងពាណិជ្ជកម្ម សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម

82

 

ភ្នំេពញ ៖ ដោយមានការផ្តល់មតិយោបល់ជាចំហក្នុងន័យស្ថាបនា ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិត និងមតិវាយប្រហារ បន្ទុចបង្អាក់សកម្មភាពរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងការបង្ហោះរូបភាពមួយចំនួននៅក្នុងបណ្ដាញសង្គម ដែលមានលក្ខណៈបំភ្លៃការពិត និងច្នៃ ប្រឌិតព័ត៌មានបង្កឲ្យមានការភាន់ច្រលំដល់សាធារណជន បង្កចលាចលក្នុងសង្គម និងធ្វើឲ្យបាត់បង់ទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ពីសំណាក់មហាជនក្នុងបណ្តាញសង្គម និងពីប្រជាពលរដ្ឋនៅមូលដ្ឋានបិទខ្ទប់បណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងជួបប្រទះការលំបាក និងខ្វះខាតស្បៀងអាហារមូលដ្ឋាន ក្រសួងពាណិជ្ជកម្ម មានកិត្តិយស សូមឆ្លើយបំភ្លឺជូនសាធារណជនមេត្តាជ្រាបអំពី អាណត្តិ និងភារកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជ កម្ម ក្នុងការងារលក់ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយលក់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដូចខាងក្រោម៖

សេចក្ដីណែនាំលេខ ០១ សណន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្ដីពីវិធានការលម្អិត ដើម្បី រឹតបន្តឹងការអនុវត្តសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានប្រគល់ភារកិច្ចឲ្យក្រសួងពាណិជ្ជកម្មលក់ស្បៀងមូលដ្ឋានជាបន្ទាន់ និងសម្របសម្រួលឲ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដោយហេតុថាទីផ្សារ និងទីកន្លែងលក់ម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគ មួយចំនួន ត្រូវបានផ្អាកសកម្មភាពជាបណ្តោះ អាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ- ១៩ ក្នុង
កំឡុងពេលដែលប្រជាពលរដ្ឋក្នុងតំបន់ក្រហមត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅដ្ឋាន ឬ ទីសំ ណាក់ លើកលែងតែករណីចាំបាច់និងបន្ទាន់មួយចំនួន ដូចមានចែងក្នុងសេចក្តីណែនាំខាងលើ។ ដូច្នេះហើយទើបក្រសួង ពាណិជ្ជកម្មបានរៀបចំឲ្យមានការផ្គត់ផ្គង់លក់ស្បៀងតាមរថយន្តចល័ត តាមស្តង់ និងសេវាលក់ស្បៀងមូលដ្ឋានតាមប្រព័ន្ធទូរស័ព្ទ និងលក់តាមទីផ្សារអនឡាញ ហើយដឹកជញ្ជូនចែកចាយដល់មុខផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់ ក្រហម ៖

− ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាមូលដ្ឋានដែលលក់ផ្គត់ផ្គង់ ដោយក្រសួងពាណិជ្ជកម្មក្នុងតម្លៃទាបជាងទីផ្សារ រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអីវ ទឹកសុទ្ធ ឆៃប៉ូវ និងស្បៀងមួយចំនួនទៀតដែលដាក់លក់នៅលើទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម ដោយផ្តល់សេវាដឹកជញ្ជូនដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមដោយមិនគិតថ្លៃឈ្នួល ដែលរៀបចំដោយក្រុមការងារក្រសួងពាណិជ្ជកម្មផ្ទាល់ សំដៅចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវបំផុតនូវវិធានការការពារកូវីដ-១៩ កំណត់ដោយក្រសួងសុខាភិបាល

− គិតមកដល់ថ្ងៃនេះ ក្រសួងបានទទួលការបញ្ជាទិញយ៉ាងច្រើនពីប្រជាជន លើទីផ្សារអនឡាញក្រសួងពាណិជ្ជកម្ម ដោយបាននិងកំពុងសម្របសម្រួលបញ្ជូនស្បៀងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមបានចំនួន ៦០០ ការបញ្ជាទិញ

− ចំពោះប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបប្រទះនូវបញ្ហាខ្វះខាតស្បៀងអាហារប្រចាំថ្ងៃចាំបាច់ជាបន្ទាន់ នៅក្នុងកំឡុង ពេលនៃការបិទខ្ទប់នេះ ហើយគ្មានលទ្ធភាពទិញស្បៀងដែលលក់ផ្គត់ផ្គង់ដោយក្រសួងពាណិជ្ជកម្ម និងលក់ដោយអាជីវករឯកជន ប្រជាពលរដ្ឋក្រីក្រទាំងនោះអាចជូនដំណឹងទៅគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ដែលហៅកាត់ថា “គ.ប.ខ.” តាមរយៈក្រុមតេឡេក្រាម (Group Telegram) “តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់ (គ.ប.ខ.)” ដោយបញ្ជាក់ឲ្យ បានច្បាស់លាស់អំពី៖ (១) ស្ថានភាពមុខរបរ (២) ស្ថានភាព គ្រួសារ (៣) ស្ថានភាពបន្ទាន់ចាំបាច់ដែលមានតម្រូវការស្បៀង (៤) ទីតាំងស្នាក់នៅ ដូចជា លេខផ្ទះ លេខផ្លូវ សង្កាត់ ខ័ណ្ឌ និង (៥) លេខទំនាក់ទំនង ដើម្បីទទួលបាននូវស្បៀងជំនួយសង្គម។ បន្ទាប់មក គណៈកម្មការ
គ.ប.ខ. នឹងរៀបចំចាត់ចែងជូនតាមសំណូមពរជាបន្ទាន់ និងតាមការចាំបាច់។

ជាមួយនឹងការលក់ផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់ប្រជាពលរដ្ឋនៅ ក្នុងតំបន់ក្រហមដូចបានបញ្ជាក់ខាងលើ ក្រសួងពាណិជ្ជកម្មក៏បានបញ្ចេញស្បៀងឲ្យចរាចរណ៍ក្នុងទីផ្សារតាម រយៈរថយន្តចល័តរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ និងរបស់ក្រសួងចំនួន៨គ្រឿង និងបើកស្ដង់លក់ទំនិញរបស់ក្រសួងពាណិជ្ជកម្ម សរុបមាន១១ទីតាំង ដែលមាន ២៥ស្តង់ ដើម្បីទ្រទ្រង់ស្ថិរភាពថ្លៃទំនិញជាស្បៀងមូលដ្ឋាន ក៏ដូចជាទប់ស្កាត់ការឡើងថ្លៃហួសហេតុដែលបង្កឡើង ដោយជនឆក់ឱកាស និងជនខិលខូចមួយចំនួន។
ក្រសួងពាណិជ្ជកម្មក៏បានចាត់មន្ត្រីរបស់ខ្លួនឲ្យបន្តចុះត្រួតពិនិត្យ និងតាមដានសន្ទស្សន៍ថ្លៃទំនិញតាមទីផ្សារជាប្រចាំ ដើម្បីទប់ស្កាត់ការបន្លំគុណភាព ការលក់ដូរបំប៉ោងតម្លៃទំនិញ ព្រមទាំងណែនាំដល់អាជីវករទាំងអស់ឲ្យបិទស្លាកថ្លៃនៅលើមុខទំនិញ និងកុំឲ្យមានការផ្លាស់ប្តូរថ្លៃទំនិញតាមអំពើចិត្តលើសពីតម្លៃទំនិញដែលបានលក់មុនពេលបិទខ្ទប់។
ក្នុងករណីមានការលួចបន្លំ ដំឡើង ថ្លៃណាមួយកើតឡើង ប្រជាពលរដ្ឋអាចរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធរបស់ក្រសួង ឬមន្ត្រីប្រចាំការនៅតាមស្តង់លក់ទំនិញ ដើម្បីចាត់វិធានការឲ្យបានទាន់ពេលវេលា។
ដើម្បីបម្រើតម្រូវការទំនិញជាស្បៀង និងគ្រឿងឧបភោគបរិភោគដទៃទៀតក្រៅពីស្បៀងដែលក្រសួងលក់ផ្គត់ផ្គង់ ក្រសួងពាណិជ្ជកម្មបានសម្របសម្រួលជាមួយក្រុមហ៊ុនឯកជន និងអាជីវករមួយចំនួន ដើម្បីចូលរួមផ្គត់ផ្គង់ទំនិញចាំបាច់ដទៃទៀតជូនដល់ប្រជាពលរដ្ឋ។ តាមរយៈការសម្របសម្រួលនេះ ក្រសួងពាណិជ្ជកម្មបានតម្រូវឲ្យមានការលក់តែទំនិញដែលមានតម្រូវការចាំបាច់បំផុតដូចជា មាន់ ត្រី សាច់ បន្លែ ផ្លែឈើ អាហារសម្រាប់កុមារ និងម្ហូបក្រៀម ផ្សេងៗក្នុងតម្លៃសមស្រប និងតម្រូវឲ្យការលក់មានរបៀបរៀបរយតាមវិធានការការពាររបស់សុខាភិបាល
បន្ទាប់ពីមានវិធានការដាក់ចេញជាបន្តបន្ទាប់ ដោយរាជរដ្ឋាភិបាលសំដៅការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសការផ្អាកជាបណ្ដោះអាសន្ននូវទីផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ ក៏មានការលើកឡើងជាមតិចំហក្នុងបណ្ដាញសង្គមមួយចំនួនថា ក្រសួងពាណិជ្ជកម្មគួរអនុញ្ញាតឲ្យប្រជាពលរដ្ឋនិងអាជីវករ ចូលរួម លក់ទំនិញតាមទីតាំងរបស់ក្រសួងពាណិជ្ជកម្ម ដែលបង្កើតឡើងក្នុងទ្រង់ទ្រាយតូចៗ ដែលប្រការនេះគឺផ្ទុយទាំង ស្រុ ងទៅនឹងវិធានការការពាររបស់រាជរដ្ឋាភិបាល ដែលបានហាមប្រាមការប្រមូលផ្ដុំមនុស្សច្រើន ហើយវាមានន័យស្មើគ្នានឹងការអនុញ្ញាតឲ្យបង្កើតផ្សារសាជាថ្មីឡើងវិញ ដែលអាចជាប្រភពនៃការចម្លងខ្ពស់ ឬបង្កើនការរីករាល ដាលនៃជំងឺកូវីដ-១៩ ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង