ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​ចុះ​ត្រួតពិនិត្យ​ និង​ធ្វើការ​ណែនាំ​បែងចែក​ការងារ​ដល់​កងកម្លាំង​តាម​គោលដៅ​ ​បន្ត​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តា​ខ្មៅ​ នៃ​ខេត្តកណ្ដាល​ ដើម្បី​បង្ការ​ ទប់ស្កាត់​ ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-១៩​

114

 

​រាជធានី​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២១​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ ព្រមទាំង​ធ្វើការ​ណែនាំ​ និង​បែងចែក​ការងារ​ដល់​កងកម្លាំង​តាម​គោលដៅ​ ជា​ពិសេស​ គឺ​កម្លាំង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដែល​មាន​ភារកិច្ច​ទទួលខុសត្រូវ​ល្បាត​ក្នុង​តំបន់​ក្រហម​ តំបន់​រឿង​ទុំ​ និង​តំបន់​លឿង​ ក្នុងភូមិ​សាស្ត្រ​ចំនួន​ ០៥​ខណ្ឌ​ គឺ​ ខណ្ឌទួលគោក​ ពោធិ៍​សែន​ជ័យ​ មាន​ជ័យ​ ដង្កោ​ និង​ ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​ផែនការ​ផ្អែក​តាម​ខ្លឹមសារ​ នៃ​សេចក្តីសម្រេច​លេខ​ ៥៤​សសរ​ ចុះ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២១​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ស្ដី​ពី​ការ​បន្ត​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តា​ខ្មៅ​ នៃ​ខេត្តកណ្ដាល​ ក្នុង​ការ​បង្ការ​ ទប់ស្កាត់​ ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-១៩​។​

​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​គោលដៅ​ទទួលខុសត្រូវ​ខាងលើ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​ចំនួន​០២​រូប​ គឺ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ចាន់​ ស៊ី​ថា​,​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឡោ​ សុ​ឡេ​ង​ រួម​ជាមួយ​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ង៉េ​ង​ ជួ​ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​,​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហេង​ ចាន់​ធា​រី​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​,​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សែ​ម​ សុ​តាន់​ ប្រធាន​អង្គភាព​តម្រួត​បទបញ្ជា​ និង​អាជ្ញាធរ​មូលដ្ឋាន​ ព្រម​ជាមួយ​កងកម្លាំង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ​។​

​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​ណែនាំ​ និង​បែងចែក​ការងារ​ដល់​កងកម្លាំង​តាម​គោលដៅ​ទាំងអស់​ ត្រូវ​អនុវត្ត​តាម​ខ្លឹមសារ​ នៃ​សេចក្តីសម្រេច​ស្តី​ពី​ការ​បិទ​ខ្ទប់​ ឲ្យ​បាន​ត្រឹមត្រូវ​ ម៉ឺងម៉ាត់​ ប៉ុន្តែ​ទន់ភ្លន់​ និង​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​កងកម្លាំង​នគរបាល​ជាតិ​ ។​ ឯកឧត្តម​ បាន​សង្កត់ធ្ងន់​ថា​ កងកម្លាំង​ដែល​មាន​ភារកិច្ច​ចុះ​ល្បាត​ផ្នែក​ខាងក្នុង​នៃ​តំបន់​ក្រហម​ និង​តំបន់​លឿងទុំ​ ត្រូវ​យកចិត្ត​ដាក់​ខ្ពស់​បំផុត​ចំពោះ​វិធានការ​អនាម័យ​ ពិសេស​គឺ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ៣​ការពារ​ ៣​កុំ​ ព្រោះ​តំបន់​នេះ​ជា​តំបន់​ប្រឈម​ខ្ពស់​ ។​
​ឯកឧត្តម​ ថ្លែង​បន្ត​ថា​ នៅ​ក្នុង​ការ​ដឹកនាំ​កម្លាំង​ចម្រុះ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ចុះ​ល្បាត​តាម​គោលដៅ​តំបន់​ក្រហម​ និង​តំបន់​លឿងទុំ​ នៅ​ថ្ងៃនេះ​បាន​ណែនាំ​បន្ថែម​ពី​គោលការណ៍​នានា​ ដែល​ត្រូវ​បាន​កំណត់​ក្នុង​តំបន់​ក្រហម​ និង​តំបន់​លឿងទុំ​ ដើម្បី​កងកម្លាំង​អនុវត្ត​ឲ្យ​ត្រូវ​តាម​លក្ខខណ្ឌ​ ស្រប​តាម​វិធានការ​បិទ​ខ្ទប់​ ក្នុង​យុទ្ធនាការ​បង្ការ​ ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជម្ងឺ​កូ​វិ​ដ​-១៩​ ដែល​កំពុង​រាតត្បាត​ខ្លាំង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម​ បាន​បញ្ជាក់​បន្ថែម​ថា​ តំបន់​ក្រហម​ គឺ​ត្រូវ​បាន​ហាមឃាត់​ទាំងស្រុង​លើ​រាល់​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​ ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញពី​លំនៅ​ដ្ឋា​ន​ ឬ​ទី​សំណាក់​បច្ចុប្បន្ន​ រួម​ទាំង​សកម្មភាព​កីឡា​នៅ​មុខ​ផ្ទះ​។​ ករណី​មានការ​បំពាន​វិធានការ​ហាមឃាត់​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល​ ឬ​អនុវត្ត​ច្បាប់​ ។​ ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​ចេញពី​លំនៅ​ដ្ឋា​ន​ ឬ​ពី​ទី​សំណាក់​បច្ចុប្បន្ន​ ឬ​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​តំបន់​ក្រហម​ អាច​ទទួល​បានការ​អនុញ្ញាត​ក្នុង​ករណី​ចាំបាច់​ដូច​ជា​ ៖​ ការ​ធ្វើ​ដំណើរ​ដោយ​មូលហេតុ​សុខភាព​បន្ទាន់​,​ ការ​ធ្វើ​ដំណើរ​ចេញ​ទៅ​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វិ​ដ​-១៩​ ឬ​ការ​ចេញ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​។​

​ឯកឧត្តម​ បាន​បញ្ជាក់​ទៀត​ថា​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​តំបន់​ក្រហម​ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ ដោយ​ចូល​ដល់​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​ ដែល​មិន​ចាំបាច់​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ទៅ​ចាក់​នៅ​ខាងក្រៅ​តំបន់​នោះ​ទេ​។​ ឯកឧត្តម​ ក៏​បាន​ស្នើ​ដល់​មេបញ្ជាការ​តាម​គោលដៅ​ទាំងអស់​ ពិនិត្យ​មើល​ និង​ណែនាំ​កងកម្លាំង​ឲ្យ​យល់​ច្បាស់​ពី​ប្រតិបត្តិការ​ ដែល​ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ​។​

​ដោយឡែក​ ចំពោះ​តំបន់​លឿងទុំ​ ឯកឧត្តម​ បាន​បញ្ជាក់​ដល់​កងកម្លាំង​ថា​ បុគ្គល​គ្រប់​រូប​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញពី​លំនៅ​ដ្ឋា​ន​ ឬ​ទី​សំណាក់​បច្ចុប្បន្ន​។​ ក្នុង​ករណី​បំពាន​វិធានការ​នេះ​ អាជ្ញាធរ​នឹង​ឃាត់​ទុក​បណ្តោះអាសន្ន​ ម​ធ្យោ​យ​បាយ​ធ្វើ​ដំណើរ​ និង​អនុវត្ត​ទោស​តាម​ច្បាប់​ជា​ធរមាន​ ។​ ក្នុង​នោះ​ អនុញ្ញាត​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកប​របរ​អាជីវកម្ម​ ឬ​ការ​បំពេញការងារ​វិស័យ​ឯកជន​ ដែល​មានការ​អនុញ្ញាត​តាម​ការ​ណែនាំ​ របស់​រាជរដ្ឋាភិបាល​ គឺ​ត្រូវ​មាន​លិខិតបញ្ជាក់​ការងារ​ និង​អត្តសញ្ញាណប័ណ្ណ​ ។​ល​។​ ចំណុច​នេះ​ ឯកឧត្តម​ បាន​ដាស់តឿន​ដល់​កងកម្លាំង​តាម​គោលដៅ​ និង​កម្លាំង​ដែល​ល្បាត​ក្នុង​តំបន់​លឿងទុំ​ នៅ​ពេល​ដែល​ឃាត់​សួរ​អ្នកដំណើរ​ ដែល​ចេញ​ទៅ​បំពេញការងារ​ អាជីវកម្ម​ ដែល​មាន​លិខិតអនុញ្ញាត​ កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​ផ្អែក​លើ​មូលដ្ឋាន​វិន័យ​របស់​កងកម្លាំង​ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ និង​សេចក្តី​ថ្លៃថ្នូរ​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​ថ្លែង​បន្ត​ថា​ ចំពោះ​ករណី​ឃើញ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ក្នុង​តំបន់​លឿងទុំ​ ដោយ​ថ្មើរជើង​ ចេញ​ក្បែរ​ផ្ទះ​ កងកម្លាំង​ត្រូវ​ចុះ​ទៅ​ធ្វើការ​អប់រំ​ ណែនាំ​ពួក​គាត់​តាម​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​ សេចក្តីណែនាំ​នានា​ និង​ច្បាប់​ដែល​បាន​កំណត់​។​ តែ​បើសិនជា​បុគ្គល​នោះ​ មាន​ប្រតិកម្ម​តប​ ចចេស​រឹងរូស​ គឃ្លើន​ មិន​ស្តាប់​ ត្រូវ​ទាក់ទង​ទៅ​មេបញ្ជាការ​នៃ​គោលដៅ​នោះ​ ដើម្បី​ទំនាក់ទំនង​សុំ​យោបល់​សម្រេច​ពី​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ ដើម្បី​អនុវត្ត​គោលការណ៍​ជំនាញ​ និង​នីតិវិធី​។​

​គួរ​បញ្ជាក់​ថា​ សេចក្តីសម្រេច​លេខ​៥៤​សសរ​ ចុះ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២១​ របស់​រាជរដ្ឋាភិបាល​ ស្តី​ពី​ការ​បន្ត​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តា​ខ្មៅ​ នៃ​ខេត្តកណ្តាល​ ដើម្បី​ទប់ស្កាត់​ការ​ចម្លងការ​រាលដាល​ជម្ងឺ​កូ​វិ​ដ​-១៩​ បាន​សម្រេច​បន្ត​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល​ រយៈពេល​៧​ថ្ងៃ​បន្ថែម​ទៀត​ រហូត​ដល់​ថ្ងៃ​ទី​៥​ ខែឧសភា​ ឆ្នាំ​២០២១​ ។​ នៅ​ក្នុង​ប្រការ​២​ នៃ​សេចក្តីសម្រេច​នេះ​ បាន​ចែង​បញ្ជាក់​អំពី​ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​បែងចែក​ជា​ «​តំបន់​ក្រហម​»​ «​តំបន​លឿងទុំ​»​ និង​ «​តំបន់​លឿង​»​។​ ដោយឡែក​ ចំពោះ​ការ​កំណត់​បន្ថែម​ ឬ​ផ្លាស់​ប្តូរ​ភូមិសាស្ត្រ​ណាមួយ​ជា​ «​តំបន់​ក្រហម​»​ «​តំបន់​លឿងទុំ​»​ និង​ «​តំបន់​លឿង​»​ ត្រូវធ្វើ​ឡើង​ដោយ​សេចក្តីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ៕

អត្ថបទដែលជាប់ទាក់ទង