រដ្ឋមន្ត្រីក្រសួងសាធារណការ ថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ នៃមន្ទីរសាធារណការខេត្តព្រះវិហារបានបំពេញតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់
ព្រះវិហារ៖នៅេសៀលថ្ងៃអាទិត្យទី១៥មិថុនា២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ច និងសំណេះសំណាលដោយភាពកក់ក្ដៅជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។
ក្នុងពិធីសំណេះសំណាលនោះក៏មានការចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមទាំងថ្នាក់ដឹកនាំក្រសួងជាច្រើនរូបទៀតផងដែរ។ វត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត។
ក្នុងឱកាសនោញឯកឧត្តមប៉េង ពោធិ៍រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារដែលបានបំពេញតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងសកម្មក្នុងការសម្រេចបាននូវស្នាដៃជាច្រើនរបស់មន្ទីរ។
ឯកឧត្តម ប៉េង ពោធិ៍ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍លើកឡើងថា៖វិស័យសាធារណការ និងដឹកជញ្ជូន គឺមានការខិតខំតាំងពីរាជរដ្ឋាភិបាលអណត្តិមុនៗ តាំងពីអណត្តិទី១ដល់អណ្តិទី៦ ពិសេសក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអភិវឌ្ឍន៍វិស័យសាធារណការរបស់យើង មានការសាទរជាច្រើនពីប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំនៅក្នុងប្រទេសរបស់យើង។ឯកឧត្តមរដ្ឋមន្ត្រីថា ចំពោះវិស័យសាធារណការ និងដឹកជញ្ជូន សម្រាប់អណត្តិទី៧ក៏យើងខិតខំដូចអណត្តិមុនៗដែរ គឺយើងបន្តអភិវឌ្ឍន៍វិស័យផ្លូវទឹក វិស័យផ្លូវគោក វិស័យផ្លូវដែក វិស័យកំពង់ផែ ហើយវិស័យទាំងនេះសម្តេចមហាបវរធិបតីបានប្រកាសរួចហើយ។
ឯកឧត្តម ប៉េង ពោធិ៍នា សំណេះសំណាលដោយភាពកក់ក្ដៅជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាបែបនេះដើម្បីលើក
ទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលតែងតែខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
ក្នុងឱកាសនោះដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់នូវគុណបំណាច់ទាំងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបំពាក់មេដាយការងារជូនដល់មន្ត្រីឆ្នើមមួយចំនួន ព្រមទាំងបានឧបត្ថម្ភថវិកា និងសម្ភារៈចាំបាច់មួយចំនួនទៀត ដើម្បីបន្តជំរុញប្រសិទ្ធភាពការងាររបស់មន្ទីរនាពេលអនាគត៕