រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកាប្រមាណ៥៣លានដុល្លារក្នុងឆ្នាំ២០២៦ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំដែលជាក្រុមគោលដៅនៅទូទាំងប្រទេស
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចវិភាជ ឬបញ្ចេញថវិកាក្នុងឆ្នាំ២០២៦ ចំនួនជាង ២១៣ ប៊ីលានរៀល ឬសមមូលនឹងចំនួនប្រមាណជាង ៥៣លានដុល្លារអាម៉េរិក សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់ទារក និងកុមារ។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនេះ ជាកម្មវិធីដ៏សំខាន់មួយក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា។ បច្ចុប្បន្ន, កម្មវិធីនេះ បាន និងកំពុងគ្របដណ្តប់លើក្រុមគោលដៅសំខាន់ៗចំនួន៦ នៅទូទាំងប្រទេស រួមមានស្ត្រី និងកុមារមកពី៖ (១)គ្រួសារមានបណ្ណសមធម៌, (២) កម្មករ-និយោជិតដែលជាសមាជិក ប.ស.ស, (៣) មន្ត្រីរាជការស៊ីវិល, មន្ត្រីកិច្ចសន្យា, មន្ត្រីកម្មសិក្សា, (៤) មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ, (៥) ជនជាប់ឃុំ និងកូនតាមម្តាយក្នុងពន្ធនាគារ, និង (៦) ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់។
វិសាលភាពនៃការគ្របដណ្តប់ប្រព័ន្ធគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំនេះ មានសន្ទុះយ៉ាងលឿននៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណ និងថាមភាព របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយអ្នកទទួលផលបានកើនឡើងពីចំនួន ១ ១០៦ ៦៣០នាក់ កាលពីចុងឆ្នាំ២០២៣ ដល់ ២ ២៥២ ២៦៧នាក់ ឬមានកំណើន ១០៣,៥២% គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦នេះ។
ការកើនឡើងទ្វេដងនៃចំនួនអ្នកទទួលផលនេះ ស្តែងឱ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលបន្ទុកជីវភាពរបស់ពលរដ្ឋ ជាពិសេសការវិនិយោគលើធនធានមនុស្សចាប់តាំងពីនៅក្នុងផ្ទៃមាតា រហូតដល់អាយុ២ឆ្នាំ (១ ០០០ ថ្ងៃដំបូងនៃជីវិត) ដើម្បីធានាបាននូវការលូតលាស់ទាំងកាយសម្បទា និងប្រាជ្ញាស្មារតីរបស់ទារក និងកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ។
សូមជម្រាបជូនថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនេះ ជាកម្មវិធីគោលនយោបាយអាទិភាព ១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៕
