ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលប្រើប្រាស់យុទ្ធសាស្រ្ត ដើម្បីធ្វើជាយុទ្ធនាការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា

48

 

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យប្រើប្រាស់នូវ «ផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១»។

ផែនការយុទ្ធសាស្ត្រ ដែលរៀបចំដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា រាជរដ្ឋាភិបាលប្រើប្រាស់យុទ្ធសាស្រ្ត ដើម្បីធ្វើជាយុទ្ធនាការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ដោយផ្តើមចេញពីរាជធានីភ្នំពេញដែលជាចំណុចបេះដូងនៃប្រទេស។

ជំងឺកូវីដ-១៩ បានឆ្លងរាលដាលដល់គ្រប់ប្រទេស និង ដែនដីទាំងអស់នៅលើសកលលោក ហើយបានបណ្តាលឲ្យមនុស្សប្រមាណ ១៥០ លាននាក់ ឆ្លងជំងឺ និង ប្រមាណជាង ៣ លាននាក់ បាត់បង់ជីវិត ។ បច្ចុប្បន្ន, ស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ក៏នៅតែបន្តវិវឌ្ឍយ៉ាងលឿន ជាពិសេស តាមរយៈការបំប្លែងខ្លួនជាប្រភេទវីរុសកូវីដ-១៩ ថ្មី (វីរុសបំប្លែងថ្មី) ដែលមានសមត្ថភាពចម្លង និង បង្ក គ្រោះថ្នាក់កាចសាហាវជាងមុនច្រើនដង ដល់អាយុជីវិតមនុស្ស ។ ក្នុងបរិការណ៍ដែលការព្យាបាលតាម បែបវេជ្ជសាស្ត្រនៅមិនទាន់មានភាពប្រាកដប្រជា, ប្រទេសជាច្រើនបានប្រើប្រាស់វិធានការសុខាភិបាល និងរដ្ឋបាលនានា រួមទាំងការបិទខ្ទប់តំបន់ ឬ ប្រទេសទាំងមូល ជាច្រើនលើកច្រើនសារ ។ ជាលទ្ធផល, វិធានការទាំងនេះបានចូលរួមចំណែកកាត់បន្ថយការឆ្លងរីករាលដាល និង ជួយសង្គ្រោះជីវិតប្រជា ពលរដ្ឋ តែបានបង្កើតជាសម្ពាធសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ លើប្រទេសទាំងនោះ ។ ទន្ទឹមនេះ, ក្នុងពេល ដែលការអភិវឌ្ឍវ៉ាក់សាំងបានឈានដល់ដំណាក់កាលនៃការដាក់ឲ្យប្រើប្រាស់, ប្រទេសទាំងអស់ក្នុង ពិភពលោក បានប្រកាន់យកវិធានការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំសហគមន៍ ដើម្បីរួមចំណែកគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ។

ក្នុងរយៈពេលជាង ១ ឆ្នាំ បន្ទាប់ពីជំងឺកូវីដ-១៩ បានផ្ទុះឡើងនៅកម្ពុជា, ទោះបីជារាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងស្មារតីបុរេសកម្ម និង ម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងការហូរចូល និង ការ ផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍ជាបន្តបន្ទាប់ក្តី, ការឆ្លងរីករាលដាលជាចង្កោមនៅក្នុងសហគមន៍ ដែលបណ្តាលមកពីប្រភេទវីរុសបំប្លែងថ្មី ឬហៅថា “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» បាន បង្កើតនូវសម្ពាធយ៉ាងធ្ងន់ធ្ងរមកលើប្រព័ន្ធសុខាភិបាលកម្ពុជា ព្រមទាំងបានអូសបន្លាយពេលវេលា និង បានពង្រីកវិសាលភាពនៃការឆ្លងជំងឺនេះ ។ គិតមកត្រឹមថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១, ប្រជាជន កម្ពុជាចំនួន ១៣ ៤០២ នាក់បានឆ្លងជំងឺនេះ ដែលក្នុងនោះ អ្នកជំងឺចំនួនត្រឹមតែ ៥ ១៥២ នាក់ បាន ជាសះស្បើយ ខណៈ ៩៣ នាក់ បានបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ។

ក្នុងគោលបំណងកាត់ផ្តាច់ការឆ្លងរីករាលដាលនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដ ខេត្តនានា, រាជរដ្ឋាភិបាលកម្ពុជាប្រកាន់យកវិធានការដាច់ខាត តាមរយៈការបិទខ្ទប់រាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្តាល ចាប់តាំងពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២១ ក៏ដូចជាបិទខ្ទប់ភូមិ ឬ ឃុំ នានា នៅតាមបណ្តាខេត្ត ទៅតាមស្ថានភាពតម្រូវជាក់ស្ដែង ។ វិធានការបិទខ្ទប់នេះ បាននាំមកនូវ ភាពជោគជ័យជាបឋម នោះគឺការកាត់ផ្តាច់ខ្សែរយៈនៃការចម្លងជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្របិទខ្ទប់ និង ការឆ្លងយឺត ឬ តិចតួច ពីភ្នំពេញទៅតាមបណ្តាខេត្តនានា ព្រមទាំងការកំណត់បាននូវតំបន់ទៅ តាមកម្រិតហានិភ័យ (ហានិភ័យខ្ពស់-ជាតំបន់ពណ៌ក្រហម, ហានិភ័យមធ្យម-ជាតំបន់ពណ៌លឿងទុំ និង ហានិភ័យទាប- ជាតំបន់ពណ៌លឿង) ក្នុងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ដោយបានអនុញ្ញាត ឲ្យមានការធ្វើចរាចរណ៍ និង សកម្មភាពសេដ្ឋកិច្ចឡើងវិញ នៅក្នុងតំបន់ពណ៌លឿង ។

ជាមួយស្មារតីបុរេសកម្ម និង ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និង គតិបណ្ឌិត របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើន ដែលមានភាពទន់ភ្លន់, តែម៉ឺងម៉ាត់ បត់បែនទៅតាមសភាពការណ៍ និង ទីតាំងភូមិសាស្ត្រជាក់ស្ដែង ។ រាជរដ្ឋាភិបាល ក៏បានយល់ច្បាស់ដែរថា វិធានការនានា ដែលត្រូវបានដាក់ចេញកន្លងមក ក៏ដូចជានៅក្នុងពេល អនាគតនឹងមិនអាចលុបបំបាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជារៀងរហូតបានទេ ។ ដូចគ្នានឹង ប្រទេសដទៃទៀតដែរ ក្នុងពេលដែលការព្យាបាលតាមបែបវេជ្ជសាស្ត្រនៅមិនទាន់មានភាពប្រាកដប្រជា ព្រមជាមួយនឹងការយល់ដឹងអំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំសហគមន៍ ដែលអាច នឹងជួយដល់ការគ្រប់គ្រងការឆ្លងរាលដាលនៃជំងកូវីដ-១៩ ក៏ដូចជាអាចជួយកាត់បន្ថយនូវអត្រាចូល សម្រាកពេទ្យ និង អត្រាមរណភាពបណ្តាលមកពីជំងឺកូវីដ-១៩ នេះ រាជរដ្ឋាភិបាលបានសម្រេចចិត្ត យ៉ាងត្រឹមត្រូវ និង ទាន់ពេល ក្នុងការកំណត់យកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយឥតគិតថ្ល និង ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ជាវិធានការយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ ដើម្បីរួមចំណែក គ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ និង ធានានូវការឈានយ៉ាងឆាប់រហ័សទៅរក «ប្រក្រតីភាពថ្មី» នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ និង កិច្ចដំណើរការនៃវិស័យសង្គម-សេដ្ឋកិច្ច ។

ដើម្បីគោលដៅនេះ, គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាន រៀបចំឡើងនូវ “ផែនការមេចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស» ។

ការវាយតម្លយុទ្ធនាការចាក់វ៉ាក់សាំង-ដំណាក់កាលទី ១

ជាមួយនឹងការកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រ , រាជរដ្ឋាភិបាលក៏បានខិតខំ ប្រឹងប្រែងក្នុងការទិញវ៉ាក់សាំងផ្ទាល់ពីប្រទេសអ្នកផលិត និង ស្វែងរកជំនួយជាវ៉ាក់សាំងពីស្ថាប័ន អន្តរជាតិនានា និង ពីប្រទេសជាមិត្ត ។ ជាផ្លែផ្កានៃកិច្ចខំប្រឹងប្រែងនេះ, កម្ពុជាបានក្លាយជាប្រទេស ទីមួយ, ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍, ដែលទទួលបានវ៉ាក់សាំងពីស្ថាប័នកូវ៉ាក់ ក៏ដូចជាទទួលបានជំនួយមនុស្សធម៌ជាវ៉ាក់សាំងពីមិត្តចិន និង ដែលបានអនុញ្ញាតឲ្យកម្ពុជាចាប់ផ្ដើម យុទ្ធនាការជាតិចាក់វ៉ាក់សាំង នៅដើមខែ កុម្ភៈ ឆ្នាំ ២០២១ ។ លើសពីនេះទៀត, វ៉ាក់សាំងដែលកម្ពុជា បានបញ្ហាទិញ ក៏បានមកដល់ជាហូរហែ ។ រហូតមកដល់ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១, កម្ពុជា ទទួលបានវ៉ាក់សាំងសរុបចំនួន ៤ ០២៤ ០០០ ដូស ។

គោលបំណងនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី ១ គឺបង្កើតភាពស៊ាំដល់អ្នកផ្តល់សេវាជួរមុខទូទាំងប្រទេស ដែលរួមមាន បុគ្គលិកសុខាភិបាល, កងកម្លាំង ប្រដាប់អាវុធ និង មន្ត្រីសាធារណៈ ព្រមទាំងក្រុមជនងាយរងគ្រោះមួយចំនួនទៀត ។ ក្នុងរយៈពេល ត្រឹម ៣ ខែ, គិតចាប់ពីខែ កុម្ភៈ ដល់ខែ មេសា ឆ្នាំ ២០២១ នេះ, មន្ត្រីសាធារណៈជួរមុខ , កងកម្លាំង ប្រដាប់អាវុធ, មន្ដ្រីរាជការ និងប្រជាពលរដ្ឋចំនួនជាង ១,៣ លាននាក់ ទទួលបាននូវការចាក់វ៉ាក់សាំង។ ជារួម, យុទ្ធនាការជាតិចាក់វ៉ាក់សាំង ដំណាក់កាលទី១ ដែលគ្រោងនឹងត្រូវបញ្ចប់នាពេលខាងមុខដ៏ខ្លីនេះ បានប្រព្រឹត្តទៅក្នុងល្បឿនមួយគួរឲ្យកត់សម្គាល់ និង សម្រេចបានលទ្ធផលតាមការគ្រោងទុក ។ ឈរលើលទ្ធផលនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង-ដំណាក់កាលទី ១, យើងអាចវាយតម្លៃអំពី ភាពខ្លាំង, ភាពខ្សោយ, កាលានុវត្តភាព និង ការគំរាមកំហែង នៅក្នុងយុទ្ធនាការកន្លងមកនេះ ដូចមាន ចែងក្នុងតារាង។

ទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា យោងតាមផែនការលទ្ធកម្មវ៉ាក់សាំងជាធរមាន, កម្ពុជារំពឹងថានឹងទទួលបានវ៉ាក់សាំងបន្ថែម ៧លានដូស ពីខែឧសភា ដល់ខែកក្កដា និង ២,៥លានដូសទៀត ពីខែសីហា ដល់ខែកញ្ញា។ វ៉ាក់សាំងដែលរំពឹងថានឹងទទួលបាននេះ មានចំនួនគ្រប់គ្រាន់ ដើម្បីសម្រេចឲ្យបាននូវ យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតំបន់អាទិភាពខ្ពស់ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នៅក្នុងឆ្នាំ២០២១។

លើមូលដ្ឋាននេះ និងដោយយោងលើលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងកន្លងមក, ការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំនៅក្នុងតំបន់អាទិភាពខ្ពស់ នឹងត្រូវរៀបចំឡើងជា ៣ជំហាន អនុលោមតាមអភិក្រម «ផ្ការីក» ចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេស ហើយពង្រីកចេញទៅតាមភាពសំខាន់នៃតំបន់ និងភាពប្រទាក់ក្រឡាគ្នានៃសង្គម-សេដ្ឋកិច្ច នៅក្នុងតំបន់អាទិភាពខ្ពស់ទាំងអស់ ដូចខាងក្រោម ៖

ជំហានទី ១-ពីខែឧសភា ដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១៖ ផ្តោតលើក្រុមប្រជាជនទាំងអស់ ចាប់ពីអាយុ ១៨ឆ្នាំឡើង ដែលធ្វើការ និងរស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលទាំងមូល (គ្របដណ្តប់ប្រមាណ ២៥ ក្រុង/ស្រុក/ខណ្ឌ) ដែលមានចំនួនសរុបជិត ២,៥ លាននាក់ និងត្រូវការវ៉ាក់សាំងចំនួនជិត ៥លានដូស

ជំហានទី ២-ពីពាក់កណ្តាលខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១៖ ផ្តោតលើក្រុមប្រជាជនចាប់ពីអាយុ ១៨ឆ្នាំឡើង ដែលធ្វើការ និងរស់នៅ ក្នុងខេត្តចំនួន១១ គ្របដណ្តប់ ៣៣ក្រុង/ស្រុក (តាកែវ, កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពង់ចាម, ព្រៃវែង, ក្រុងព្រះសីហនុ, ស្វាយរៀង, សៀមរាប, បន្ទាយមានជ័យ, កែប និង កំពត) ដែលមានចំនួនសរុបជាង ២លាននាក់ និង ត្រូវការវ៉ាក់សាំងចំនួនជាង ៤លានដូស

ជំហានទី ៣-ពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២១៖ ផ្តោតលើក្រុមប្រជាជន ចាប់ពីអាយុ ១៨ឆ្នាំឡើង ដែលធ្វើការ និងរស់នៅ ក្នុងខេត្តចំនួន១២ គ្របដណ្តប់ ១២ក្រុង/ស្រុក (កោះកុង, ឧត្តរមានជ័យ, ប៉ៃលិន, ពោធិ៍សាត់, បាត់ដំបង, ស្ទឹងត្រែង, ត្បូងឃ្មុំ, រតនគីរី, ព្រះវិហារ, កំពង់ធំ, ក្រចេះ និង មណ្ឌលគីរី) ដែលមានចំនួនសរុបជាង ៤,៤សែននាក់ និងត្រូវការវ៉ាក់សាំងចំនួនប្រមាណ ៩សែនដូស។

ដោយសារវ៉ាក់សាំងដែលរំពឹងថានឹងមកដល់កម្ពុជានៅក្នុងខែឧសភា និងមិថុនា មានចំនួនលើសពីតម្រូវការជាក់ស្តែងសម្រាប់ប្រើប្រាស់នៅក្នុងជំហានទី១, ការចាក់វ៉ាក់សាំងជំហានទី២ នៅតំបន់មួយចំនួន ដែលមានការផ្ទុះរីករាលដាលខ្លាំង ដូចជា ក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត ឬនៅតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ដូចជា ក្រុងសៀមរាប, បាវិត និងកែប ក៏អាចនឹងចាប់ផ្តើមទន្ទឹមគ្នានឹងជំហានទី១ ផងដែរ អាស្រ័យលើលទ្ធភាព និងសមត្ថភាពនៅក្នុងការរៀបចំចាត់ចែងកម្លាំងដើម្បីអនុវត្ត។ រីឯតំបន់ដទៃទៀតដែលមិនបានរៀបរាប់មុននេះ អាចនឹងត្រូវចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទៅតាមការកំណត់ខាងលើ គឺពីពាក់កណ្តាលខែកក្កដា ដល់ខែកញ្ញា ឬអាចចាប់ផ្តើមលឿនជាងកាលកំណត់ ក្នុងករណីដែលការចាក់វ៉ាក់សាំងនៅក្នុងជំហានទី១ ចប់បានលឿន និងមាននៅសល់វ៉ាក់សាំងសម្រាប់ចាក់បន្តទៀត។

ទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ជាគោលការណ៍, ការកំណត់នូវជំហាន និង ថិរវេលាខាងលើនេះ មានលក្ខណៈជាការចង្អុលបង្ហាញ ដើម្បីងាយប៉ាន់ប្រមាណលទ្ធភាពក្នុងការអនុវត្តប៉ុណ្ណោះ។ ដោយឡែក, ការអនុវត្តជាក់ស្តែងអាចមានវិសាលភាព និងល្បឿន ខុសពីជំហាន និងថិរវេលាចង្អុលបង្ហាញខាងលើ អាស្រ័យ, ម៉្យាង, លើសមត្ថភាពក្នុងការអនុវត្តផែនការចាក់វ៉ាក់សាំង, និងម្យ៉ាងទៀត, លើបរិមាណ និងល្បឿននៃការទទួលបានវ៉ាក់សាំង។ ជាគោលដៅរួមសម្រាប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងតំបន់អាទិភាពខ្ពស់នេះ គឺត្រូវសម្រេចឲ្យបាននៅក្នុងឆ្នាំ២០២១នេះ, កាន់តែឆាប់ កាន់តែប្រសើរ។

ដោយឡែក, ការចាក់វ៉ាក់សាំងជូនប្រជាជន ចាប់ពីអាយុ ១៨ឆ្នាំឡើង ដែលធ្វើការ និងរស់នៅក្នុងតំបន់អាទិភាពមធ្យម និងទាប នឹងត្រូវរៀបចំលម្អិតទៅតាមក្រោយ ដោយអាស្រ័យលើផែនការនៃការបញ្ជាទិញវ៉ាក់សាំង និងការវិវឌ្ឍនៃជំងឺកូវីដ-១៩ ក៏ដូចជាអាស្រ័យលើលទ្ធផលនៃការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាជន ចាប់ពីអាយុ ១៨ឆ្នាំឡើង ដែលធ្វើការ និងរស់នៅ ក្នុងតំបន់អាទិភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង