ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជិះកង់ពីកម្ពុជាឆ្ពោះទៅទ្វីបអឺរ៉ុប៖ ឧបសគ្គ មិនមែនជារនាំបង្អាក់ដំណើរ ចំពោះបេសកកម្មមនុស្សធម៌ រៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផានោះទេ

22

ភ្នំពេញ៖យុវជន ទីវ តារារិទ្ធិ ជាអ្នកជិះកង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ក្នុងបេសកកម្មរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា បានឱ្យដឹងថា គិតមកដល់ថ្ងៃទី៣០ ខែមេសា បេសកកម្មរបស់លោកបានប្រព្រឹតទៅអស់រយៈពេល ១១ខែ គឺលោកបានធ្វើដំណើរចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា ដោយឆ្លងកាត់ជាង១៥ ប្រទេស លើតម្រាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ និងបានជួបឧបសគ្គជាច្រើន នៅលើផ្លូវបេសកកម្មដ៏សែនវែងឆ្ងាយមួយនេះ។
ជាមួយនឹងដំណើរផ្លូវដ៏សែនវែងឆ្ងាយ និងមានឧបសគ្គជាច្រើនយ៉ាងណាក្តី តែលោក ទីវ តារារិទ្ធិ បានគូសបញ្ជាក់ថា ទាំងនេះវាមិនបានក្លាយជារនាំងបិទផ្លូវដល់ដំណើរកៀងគរថវិកាថវិកាពីសប្បុរសជននានា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជានោះទេ។
នៅក្នុងឱកាសដែលឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យយុវជន ទីវ តារារិទ្ធិ ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១២ ខែឧសភានេះ យុវជន តារារិទ្ធិ បានឱ្យដឹងថា ចំពោះឧបសគ្គធំៗនៅក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌របស់លោក គឺការស្នើសុំវីសា ដើម្បីឆ្លងកាត់ប្រទេសនីមួយៗ ជាក់ស្តែងនៅពេលឆ្លងកាត់ប្រទេសឥណ្ឌា គឺត្រូវរងចាំវីសារហូត ៨សប្តាហ៍ឯណោះ ចំណុចនេះបានធ្វើឱ្យការធ្វើដំណើររៃអង្គាសថវិការបស់លោកត្រូវយឺតយ៉ាវ។ ដែលផែនការឆ្ពោះកាន់ទ្វីបអឺរ៉ុប ខកខានពោលគឺរយៈពេល១១ខែមកនេះ លោកទើបធ្វើដំណើរមកតំបន់មជ្ឈឹមបូព៌ាតែប៉ុណ្ណោះ។
យុវជន ទីវ តារារិទ្ធិ បានបញ្ជាក់ថា ក្នុងដំណើរបេសកម្មជិះកងឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបនេះ លោកបានដាក់គោលដៅរៃថវិកា ២៥ម៉ឺនដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ យុវជន ទីវ តារារិទ្ធិ នឹងមិនបញ្ចប់បេសកកម្មនេះត្រឹមតែឆ្លងទៅដល់ទ្វីបអឺរ៉ុបទេ ផ្ទុយទៅវិញ រូបលោកកាន់តែពេញចិត្តចំពោះកិច្ចការសប្បុរសធម៌ ដែលប្រកបដោយការផ្សងព្រេងនេះ។ យុវជន តារារិទ្ធិ បានបញ្ជាក់ថាលោកនឹងបន្ដដំណើរទៅទ្វីបអាហ្វ្រិកខាងត្បូងទៀត។ ការធ្វើដំណើរពីទ្វីបអឺរ៉ុប ទៅទ្វីបអាហ្វ្រិកខាងត្បូង មានចម្ងាយជាង ២ម៉ឺនគីឡូម៉ែត្រ ដែលធ្វើឱ្យអ្នកជិះកង់រូបនេះ ជឿថាអាចនឹងត្រូវចំណាយពេល ១ឆ្នាំបន្ថែមទៀត។
យុវជនរូបនេះ បានរម្លឹកថា កាលពីឆ្នាំ២០២៣ កន្លងទៅលោកបានធ្វើដំណើរជិះកង់ឆ្លងប្រទេស ដោបានធ្វើដំណើរទៅកាន់ភូមិភាគអាស៊ីអាគ្នេយ៍ ដោយឆ្លងកាត់៦ប្រទេស រហូតដល់ព្រំដែនប្រទេសភូមា ដើម្បីធ្វើសកម្មភាពមនុស្សធម៌តាមរយៈការជិះកង់ប្រមូលមូលនិធិថវិកាដើម្បជួយកុមារកម្ពុជា៕
សូមចូលរួមបរិច្ចាគជួយដល់កុមារកម្ពុជាជាច្រើនតាមរយៈ #មូលនិធិជិះកង់ដើម្បីកុមារកម្ពុជា៖ ធនាគារអេស៊ីលីដា (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN ជិះកង់ដើម្បីកុមារកម្ពុជា); បរិច្ចាគតាម Link QR ធនាគា៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay ឬបរិច្ចាគតាម LINK របស់មន្ទីរពេទ្យ៖ https://shorturl.at/tc72l

អត្ថបទដែលជាប់ទាក់ទង