ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានរដ្ឋបាលខណ្ឌប្ញស្សីកែវ នាំយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាតស្បៀងអាហារ ចំនួន ១,៥០០ គ្រួសារ នៅតាមសង្កាត់ទាំង៧

292

 

ភ្នំពេញ៖នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌឫស្សីកែវ បានពាំនាំស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភជូនដល់បងប្អូនប្រជាពលរដ្ឋ កំពុងប្រឈមនឹងបញ្ហា ខ្វះខាតស្បៀងអាហារ ដោយសារតែស្ថិតក្នុងតំបន់ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់និងកាត់ផ្ដាច់ ការចម្លងមេរោគកូវីដ១៩ នៅទូទាំងមូលដ្ឋានខណ្ឌ សរុបចំនួន ១,៥០០ គ្រួសារ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
នាឱកាសនោះអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចទាំងទ្វេ តាមរយៈ លោកអភិបាលរាជធានីភ្នំពេញ បានផ្តល់ជូនបងប្អូនទាំង ១,៥០០ គ្រួសារខាងលើ ដោយក្នុងមួយគ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គីឡូក្រាម មី ១ កេស ទឹកត្រី ១យួរ និងត្រីខ ១០ កំប៉ុង។
ដោយឡែកនៅថ្ងៃដដែលនេះ រដ្ឋបាលខណ្ឌប្ញស្សីកែវ បាននាំយក អំណោយដ៏ថ្លៃថ្លារបស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ផ្ដល់តាមរយៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ មកឧបត្ថម្ភដល់ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មករ កម្មារីនី ស្នាក់នៅតាមបន្ទប់ជួលចំនួន ៥០ គ្រួសារដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ នៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។
អំណោយផ្ដល់ជូន ក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ១៥ គីឡូក្រាម, ទឹកក្រូច ១ កេស, ទឹកស៊ីអ៉ីវ ១ ដប ,ទឹកត្រី ១ ដប ,ត្រីខ ១០ កំប៉ុង, ម៉ាស់ ១ ប្រអប់ និងសាប៊ូ ១ ដុំ៕

អត្ថបទដែលជាប់ទាក់ទង