ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំពោះបងប្អូនខ្មែរឥស្លាម ដែលបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌន

38

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរ និងជូនពរជ័យ ដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោក ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បងប្អូនឥស្លាមកម្ពុជា ដែលចូលរួមថែរក្សាសុខសន្តិភាព ដោយជំនឿជឿជាក់ លើការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហេីយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃព្រហស្បតិ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤២ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ២ កេីត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ដែលត្រូវនឹងថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២១។

ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់ សេចក្តីសម្រេចសារាចរណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល ។

នៅក្នុងពេលវេលាដែលប្រទេស យើងកំពុងតែប្រយុទ្ធ ប្រឆាំងជម្ងឺឆ្លង កូវិដ-១៩ ដ៍កាចសាហាវនេះ
ខ្ញុំសូមអំពាវនាវ ឱ្យបងប្អូនបង្កេីនការប្រុងប្រយ័ត្ន ទ្វេដង និងអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការការពារពីជំងឺកូវីដ-១៩នេះ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានឆក់យកជីវិតមនុស្សចំនួន ១៣៦ នាក់រួចមកហេីយនៅប្រទេសកម្ពុជាយើងគិតត្រឹមថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២១ គឺយើងមិនត្រូវមានការធ្វេសប្រហែស និងមើលស្រាលចំពោះជំងឺឆ្លងដ៏កាចសាហាវនេះ នោះឡើយ ដោយត្រូវអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ ជាប់ជានិច្ច ។

សូមបងប្អូនអញ្ជើញទៅចូលរួមយុទ្ធនាក្នងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីបងប្អូន គ្រួសារបងប្អូន និង ជាតិរបស់យើង ។

ខ្ញុំ និង ភរិយា សូមបួងសួងអោយបងប្អូនទាំងអស់ ទទួលបាន នូវសេចក្កីសុខ ស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចំរើនព្ហារ៉កាត់ សុភមង្គល ក្ដីមេត្តាករុណា និងអាណិត ស្រឡាញ់ ពីអល់ឡោះគ្រប់ៗគ្នា និង សុំអោយអល់ឡោះ ទទួលយកនូវកុសលផល បុណ្យទាំងឡាយនៃខែបួសរ៉ម៉ាឌនដែលបងប្អូនបានប្រតិបត្តិកុំបីខានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង