ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងក្រុងព្រះសីហនុ និងអ្នកធ្វើដំណើរ ឆ្លងកាត់មកកាន់ក្រុងព្រះសីហនុ ត្រូវគោរពឱ្យបាននូវវិធានការសុខាភិបាល និងការណែនាំ ៣.ការពារ និង៣.កុំរបស់សម្ដេច

41

 

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភាឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សាវាយតម្លៃការបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងការត្រៀមអនុវត្តវិធានការបន្ត ដោយមានការចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍កោតសរសើរ និងវាយតម្លៃចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្តក្នុងការបំពេញតួនាទី ភារកិច្ចក្នុងការបិទខ្ទប់តំបន់ក្រហមកន្លងមកទទួលបានលទ្ធផលផ្លែផ្កា រហូតជំងឺកូវីដ-១៩ មានការថយចុះជាបន្តបន្ទាប់។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត បានសម្រេច៖
ទី១.បន្តការបិទខ្ទប់បន្តទៅទៀត រយៈពេល១៤ថ្ងៃ តែបន្ថយនូវកម្រិតនៃការបិទខ្ទប់ដោយមិនមានតំបន់ក្រហមបន្តទៀតទេ ដោយហេតុថាក្នុងរយៈពេលជា២០ថ្ងៃកន្លងមកនេះ ចាប់ពីការបិទខ្ទប់លើកដំបូង និងការបន្តបិទខ្ទប់លើកទី២ក្នុងរយៈពេល៧ថ្ងៃទៀតនេះ គឺក្រុមការងារបានប្រមូលយកសំណាកនៅក្នុងតំបន់ក្រហម នឹងបញ្ចប់ទាំងស្រុងនៅក្នុងថ្ងៃនេះ។ ចំនុចនេះអាចបញ្ជាក់ថា ក្រុមការងារខេត្តបានប្រមូលអ្នកវិជ្ជមានទាំងអស់មកទទួលការព្យាបាល ហើយអ្វីដែលជាតំបន់តទៀតត្រូវបានដកចេញ ប៉ុន្តែទីតាំងផ្ទះ និងទីសំណាក់មួយចំនួនដែលរកឃើញអ្នកវិជ្ជមានកូវីដ-១៩ គឺនៅជាទីតាំងក្រហមនៅឡើយ ដោយក្រុមការងារខេត្តបានចុះបិទឃ្លុំតែទាំងនោះតែប៉ុណ្ណោះ ដើម្បីកុំឱ្យមានការប៉ះពាល់ជាមួយទីតាំងផ្សេងទៀត។ ដើម្បីកុំឱ្យប៉ះពាល់នឹងជីវភាព និងសិទ្ធិក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ គឺបានកាត់បន្ថយពីតំបន់ក្រហមឱ្យទៅនៅរួមតូចជាទីតាំងក្រហម គឺផ្ទះឬទីសំណាក់ដែលមានអ្នកវិជ្ជមាន នឹងបន្តការគ្រប់គ្រងបន្តទៀត។

ទី២. ការកំណត់តំបន់លឿងទុំ រយៈពេល១៤ថ្ងៃទៀត តែបានបង្រួមឱ្យនៅតូច ដោយសារនៅមានអ្នកឆ្លង និងអ្នកប៉ះពាល់ផ្ទាល់មួយចំនួនដែលមិនទាន់ចេញរោគសញ្ញា។

ទី៣. កំណត់តំបន់លឿង ដោយអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបាន ប៉ុន្តែគឺមានការហាមប្រាមមួយចំនួន ដូចជាការប្រមូលផ្តុំ ការធ្វើពិធីផ្សេងៗ សកម្មភាពកីឡាជាក្រុម និងបន្តបិទបំរាមគោចរនៅពេលយប់។

ទី៤. ការគំរាមកំហែងធ្ងន់ធ្ងរនៅក្រុងព្រះសីហនុរបស់យើងនេះ គឺផ្តើមចេញពីទីផ្សារដែលមានការលក់ដូរ ប្រមូលផ្តុំគឺជាកន្លែងដែលមានការចម្លងខ្លាំង ចម្លងលឿន និងចម្លងច្រើន ដូច្នេះយើងសម្រេចមិនអនុញ្ញាតឱ្យ បើកផ្សារទាំងអស់ឡើងវិញទេ ប៉ុន្តែយើងលើកទឹកចិត្តឱ្យបងប្អូនអាជីវករដែល បានត្រួតពិនិត្យសុខភាពទទួល លទ្ធផលអវិជ្ជមានពីរដងរួចហើយ បងប្អូនអាចលក់ដូរនៅតាមផ្ទះ បានដោយគោរពទៅតាមស្តង់ដារផ្សារ បណ្តោះអាសន្នដែលរដ្ឋបាលខេត្តបាន កំណត់(ពាក់ម៉ាស, គម្លាតសុវត្ថិភាព រវាងអ្នកលក់ និងអ្នកទិញ, លើកទឹកចិត្តឱ្យទូទាត់ថ្លៃទំនិញតាមប្រព័ន្ធធនាគារ(QRCODE) ករណីទូទាត់ប្រាក់សុទ្ធគឺមិនអនុញ្ញាតឱ្យ ប្រគល់ទទួលដោយផ្ទាល់នោះឡើយ, ដាក់តារាងតម្លៃ ។ល។)។

ទី៥. នៅតាមព្រំប្រទល់តំបន់លឿងគឺយើងបានដាក់ប៉ុស្តិប្រចាំការនៅតាមគោលដៅនីមួយៗ សម្រាប់ការត្រួតពិនិត្យការ ធ្វើដំណើរចេញចូលរបស់បងប្អូនប្រជាពលរដ្ឋដើម្បី ឱ្យគោរពទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ដែលបានធ្វើការណែនាំ រីឯអ្នកធ្វើដំណើរដោយរថយន្តឯកជនអាចជិះបានត្រឹម៤នាក់ រថយន្តសាធារណៈត្រូវកាត់បន្ថយ នៅត្រឹមពាក់កណ្តាល ត្រូវមានម៉ាស និងគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ មកកាន់ក្រុងព្រះសីហនុត្រូវគោរពឱ្យបាននូវវិធានការសុខាភិបាល និងការណែនាំ ៣.ការពារ និង៣.កុំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង ចៀសផុតពីការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការ ណែនាំរបស់កងកម្លាំងប្រដាប់ប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចនៅតាមគោលដៅនៅក្នុងមូលដ្ឋាន ព្រមទាំងអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរមកពីខាងក្រៅ បើមានបញ្ហាសុខភាពមិនប្រក្រតី សូមប្រញាប់ទៅយកសំណាកនៅវេទិកា ៧មករា ដែលមានទីតាំងស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលរដ្ឋបាលខេត្តបានរៀបចំទទួល ប្រជាពលរដ្ឋមកយកសំណាកគ្រប់ ពេលម៉ោងធ្វើការទាំងថ្ងៃឈប់សម្រាក៕

អត្ថបទដែលជាប់ទាក់ទង