ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន២៦០នាក់នៅខេត្តព្រះសីហនុ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ

131

 

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម គួច ចំរើន អភិបាល នៃ គណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញ សំណេះសំណាល និងផ្ដាំផ្ញេីរជាមួយអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ២៦០នាក់ មុនពេលវិល ត្រឡប់ទៅលំនៅដ្ឋានវិញ និងតម្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ តាមការណែនាំរបស់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យសម័យថ្មីអន្តរជាតិ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីសុខាភិបាល ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ថ្ងៃនេះដោយបានពិនិត្យឃើញស្ថានភាព បងប្អូនប្រជាពលរដ្ឋដែលចូលមកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យសម័យថ្មីអន្តរជាតិបានជាសះស្បើយ កាលពីម្សិលមិញមានចំនួនប្រមាណជាង ២៥០នាក់។ ទន្ទឹមនោះបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែមានការនឹករឭកសួរនាំ តាមរយៈយើងខ្ញុំជាប្រចាំអំពីស្ថានភាពសុខភាព ការដោះស្រាយ និងការព្យាបាល។ ពិតណាស់មកដល់ពេលនេះ ជំងឺរាតត្បាតបានឆ្លងក្នុងក្របខ័ណ្ឌទូទាំងប្រទេស តែមានខេត្តខ្លះឆ្លងតិច និងខេត្តខ្លះឆ្លងច្រើន។ សម្ដេចតេជោ និងសម្ដេចកតិ្តព្រឹទ្ធបណ្ឌិតបានខិតខំរិះរកគ្រប់វិធានការ គ្រប់មធ្យោបាយ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាល ម្យ៉ាងទៀតការខិតខំព្យាបាលអ្នកជំងឺការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ និងវិធានការនានាទៅតាមតំបន់បិទខ្ទប់មួយចំនួន ជាក់ស្ដែងការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាល គឺគិតគូរពីសុខភាពសាធារណ: របស់បងប្អូនប្រជាពលរដ្ឋ គិតគូរពីសេដ្ឋកិច្ចចំពោះមុខ និងអនាគត។ សម្ដេចក៏បានគិតគូរដល់បងប្អូនរងគ្រោះដោយ សារជំងឺកូវីដ-១៩ លើក្រុមគ្រួសារអ្នកឆ្លងជំងឺ ក្រុមគ្រួសារកម្មករ កម្មការិនីដែលរងផលប៉ះពាល់ ក្រុមគ្រួសារដែលមានសមាជិកទទួល មរណភាពដោយសារជំងឺកូវីដ-១៩ ព្រមទាំងគិតគូរដល់ក្រុមគ្រួសារ ដែលរងឥទ្ធិពលដោយសារការបិទខ្ទប់ ព្រោះការបិទខ្ទប់មិនមែន ជាបំណងរបស់យើងទេ ប៉ុន្តែប្រសិនបើយើងមិនធ្វើការបិទខ្ទប់ វាកាន់តែឆ្លងរាលដាលធ្ងន់ធ្ងរក្នុងសហគមន៍ ។

ឯកឧត្តមអភិបាលខេត្តបន្តថា ប្រមុខរាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកបានរួមគ្នាខិតខំធ្វើកិច្ចការនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ឱ្យនៅចំណុចតូចបំផុត។ ដោយសារការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រុមគ្រូ ពេទ្យរបស់យើង ត្រូវបានប្រជាពលរដ្ឋឧទ្ទេសនាមថា ជាយុទ្ធជនអាវសរបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីបុព្វហេតុសុខមាលភាពរបស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈក្រុមគ្រូពេទ្យត្រូវ ប្រឈមនិងជំងឺឆ្លងយ៉ាងធ្ងន់ធ្ងរក្នុង ប្រតិបត្តិការពិនិត្យព្យាបាលជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីកាត់ផ្តាច់ប្រភពចម្លង ។

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋដែលបានព្យាបាល ជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញនាពេលនេះ ត្រូវបន្តតែថែទាំសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្តទៀត ក្រោយពីការយកសំណាក លើកចុងក្រោយបញ្ជាក់ថា អវិជ្ជមានកូវិដ-១៩ ទើបបងប្អូនធ្វើសមាហរណកម្មរស់នៅ ក្នុងក្រុមគ្រួសារបានធម្មតាវិញ និងបានជូនពរបងប្អូនប្រជាពលរដ្ឋឱ្យមានសុខភាពល្អ រស់នៅតាមបែបគន្លងថ្មីរបស់ ក្រសួងសុខាភិបាល និងការណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង