ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេក្ខជនប្រឡងក្របខ័ណ្ឌ មន្ត្រីរាជការ ក្រសួង ស្ថាប័ន ចំនួន៦ ត្រូវចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឱ្យបាន ពីរដូសជាមុន ទើបមានសិទ្ធិប្រឡង

114

 

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹងមួយថា បេក្ខជនដែលបានដាក់ពាក្យ សុំសិទ្ធិប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ចំនួន៦ ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង២លើកឲ្យបានរួចហើយ។

ក្រសួងមុខងារសាធារណៈ បានលើកឡើងថា អនុលោមតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការរៀបចំការ ប្រឡងប្រជែងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុង ក្របខ័ណ្ឌក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល សម្រាប់ឆ្នាំ២០២១ មេត្តាជ្រាបថា៖

១. បេក្ខជនដែលបានដាក់ពាក្យសុំសិទ្ធីប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ទាំង៦ខាងលើ ធានាឱ្យបានក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង២លើករួចហើយ។

២. នៅថ្ងៃប្រឡងបេក្ខជនទាំងអស់ត្រូវភ្ជាប់មកជាមួយនូវកាតសម្គាល់ដែលសាមីខ្លួនបានទទួលវ៉ាក់សាំង។

៣. ក្នុងករណីដែលបេក្ខជនមិនអាចទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩បាន ត្រូវមានលិខិត បញ្ជាក់ជាផ្លូវការពីមន្ទីរសុខាភិបាលរាជធានី ខេត្ត។

៤. ក្នុងករណីបេក្ខជនណាដែលមិនមានប័ណ្ណទទួលវ៉ាក់សាំងការពារជំងឺកូវី-១៩ ឬលិខិតបញ្ជាក់របស់មន្ទីរ សុខាភិបាលរាជធានី ខេត្ត គណៈកម្មការរៀបចំការប្រឡងមិនអនុញ្ញាតឱ្យបេក្ខជននោះចូលរួមប្រឡងឡើយ។

៥. គណៈកម្មការរៀបចំការប្រឡង នឹងធ្វើការបិទផ្សាយបញ្ជីឈ្មោះបេក្ខជន ដើម្បីទុកសិទ្ធិឱ្យតវ៉ាក្នុងករណី ដែលមិនមានឈ្មោះប្រឡង នៅពេលដែលព្រឹត្តិការណ៍សហគមន៍ថ្ងៃ២០ កុម្ភៈ ត្រូវបានបិទបញ្ចប់។

៦. ចំពោះសេចក្តីសម្រេចស្តីពីការអនុញ្ញាតឱ្យបេក្ខជនចូលរួមប្រឡង កាលបរិច្ឆេទប្រឡង និងមណ្ឌលប្រឡង គណៈកម្មការរៀបចំការប្រឡងនឹងជូនដំណឹងពេលក្រោយ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន សិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល មេត្តាជ្រាប។

ពាក់ព័ន្ធនឹងករណីខាងលើនេះសង្គមស៊ីវិលបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពី ស្នើលុបចោល ការកំណត់ ឱ្យបេក្ខជន ប្រឡង ក្របខ័ណ្ឌ មន្ត្រីរាជការ ត្រូវចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឱ្យបាន ពីរដូសជាមុន។ សមាគម សហជីព អង្គការសង្គមស៊ីវិល មានកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីជូនដំណឹងរបស់ក្រសួង មុខងារសាធារណៈ បានតម្រូវឱ្យបេក្ខជនដែលបានដាក់ពាក្យស្នើសុំសិទ្ធិ ប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ចំនួន៦ រួមមាន ក្រសួងមុខងារសាធារណៈ ក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួង ពាណិជ្ជកម្ម ក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋលេខាធិកាដ្ឋានអាកាសចរស៊ីវិល ត្រូវចាក់វ៉ាក់សាំង ចំនួនពីរដងរួចរាល់ជាមុនសិន។ ចំពោះបេក្ខជនណាដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬគ្មាន លិខិតបញ្ជាក់ពីករណីដែលពុំអាចចាក់វ៉ាក់សាំងបានពីមន្ទីរសុខាភិបាលរាជធានី-ខេត្ត នឹងពុំអនុញ្ញាតឱ្យ បេក្ខជនរូបនោះចូលរួមប្រឡងឡើយ៕

អត្ថបទដែលជាប់ទាក់ទង