ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងរដ្ឋជាសមាជិកអាស៊ាន ប្តេជ្ញាធ្វើឱ្យប្រសើរឡើង នូវការដឹកជញ្ជូនក្នុងតំបន់

88

 

ភ្នំពេញ ៖ កម្ពុជា និងរដ្ឋជាសមាជិកអាស៊ាន ប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងតំបន់ ខណៈពេលវិស័យនេះ កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាតត្បាតនៃជំងឺកូវីដ-១៩។នេះបើតាមការចេញផ្សាយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៨ឧសភា២០២១នេះ។

យោងតាមកិច្ចប្រជុំសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤០ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែល កម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី ២៣-២៤ ខែមីនា ឆ្នាំ២០២១ នាពេលថ្មីៗកន្លងទៅនេះ ប្រទេស កម្ពុជា និងប្រទេសជាសមាជិកអាស៊ាន បានប្តេជ្ញាធ្វើឱ្យប្រសើរឡើង នូវការដឹកជញ្ជូនក្នុងតំបន់ ខណៈ ពេលវិស័យនេះកំពុងទទួលរងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាតត្បាតនៃជំងឺកូវីដ-១៩។

បច្ចុប្បន្ននេះសមាជិកអាស៊ានទាំងអស់កំពុងពិភាក្សា រកវិធីសម្របសម្រួលការ ដឹកជញ្ជូនឱ្យមានភាព ប្រសើរឡើង ដោយក្នុងនោះមាន កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានចំនួន៤ បានចាប់ផ្តើមអនុវត្តជាជំហានៗ ដើម្បីស្តារការដឹកជញ្ជូនក្នុងតំបន់ឡើងវិញ ប៉ុន្តែដោយសារតែបញ្ហា នៃការរាតត្បាតជំងឺកូវីដ-១៩ ការអនុវត្ត កិច្ចព្រមព្រៀងទាំងនេះ បានជួបប្រទះនូវបញ្ហារអាក់រអួល។

ជាមួយគ្នានេះផងដែរ ភាគីកម្ពុជាកំពុងខិតខំប្រឹងប្រែង ធ្វើការជាមួយភាគីថៃក្នុងការរិះរកនីតិវិធីបើកច្រកទ្វារ ព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ឆ្លងកាត់ច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ និងធ្វើការជាមួយភាគីវៀតណាម ដើម្បីបើកច្រកទ្វារ ព្រំដែនព្រៃវល្លិ៍-ព្រែកចាកផងដែរ។ ប្រសិនបើច្រកទ្វារទាំងនេះ ត្រូវបានបើកដំណើរការ វានឹងជួយសម្រួលដល់ការដឹក ជញ្ជូនទំនិញ ជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ បើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិ ការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។

ជាងនេះទៅទៀត កម្ពុជាបាននិងកំពុងខិតខំ ប្រែងប្រែងពង្រីក និងបង្កើនចំនួន គន្លងផ្លូវដឹកជញ្ជូននៅច្រក ទ្វារព្រំដែនបាវិត ព្រំដែនកម្ពុជា-វៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ សម្រួលដល់ការដឹកជញ្ជូនទំនិញ ឱ្យបានឆាប់រហ័ស ទៅមកជាមួយភាគីវៀតណាម។

ទោះជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនទំនិញនៅក្នុងតំបន់អាស៊ាន នៅតែមានភាពល្អប្រសើរជាទូទៅ ទោះបីជាមានឧបសគ្គខ្លះ ក្នុងកំឡុងពេលមានជំងឺរាលដាល។ ការដឹកជញ្ជូនរបស់បណ្តាប្រទេសអាស៊ាន ត្រូវបានរាំងស្ទះ ដោយសារតែសមាជិក អាស៊ានបានរឹតបន្តឹងសន្តិសុខ ផ្ទៃក្នុងរបស់ខ្លួនរៀងៗខ្លួន ក្នុងនោះ ប្រទេសនីមួយៗរបស់អាស៊ាន បានរឹតបន្ដឹងការឆ្លងកាត់ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ឧទាហរណ៍ពីមុន គេអាចដឹកទំនិញបានក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវត្រូវចំណាយពេលពី២ទៅ៣ថ្ងៃ ទើបអាចធ្វើទៅបាន។ ចំពោះ ការដឹកជញ្ជូនទ្វេភាគីនៅ តែមានភាពរលូន បន្ទាប់ពីមានវិបត្តិកូវីដ-១៩ អស់រយៈពេលជាង មួយឆ្នាំកន្លង ទៅ។

សូមជម្រាបជូនថា៖ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លេខាធិការដ្ឋានអាស៊ាន បានរៀបចំសិក្ខា សាលាលើកទីមួយលើកសាង សមត្ថភាពថ្នាក់តំបន់តាម ប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមប្រធានបទ៖ “ការ រក្សាការតភ្ជាប់សម្រាប់ ខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព និងភាពធន់” សហការជាមួយអង្គការUNESCAP និងវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF) ដើម្បីប្រមូលធាតុចូល និងស្វែងរកដំណោះស្រាយ ចំពោះបញ្ហានៃការដឹកជញ្ជូន របស់អាស៊ានក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយ មានការចូលរួមពីតំណាងរដ្ឋ ជាសមាជិកអាស៊ានទាំងអស់ នៅទីក្រុងJakarta ប្រទេសឥណ្ឌូនេស៊ី។

ដោយឡែក បច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងរិះរកវិធានការអនុវត្តប្រកប ដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមកាត់ បន្ថយចំណាយលើសេវាដឹកជញ្ជូនទំនិញ នៅកម្ពុជា និងជំរុញការអនុវត្តគោលនយោបាយ កិច្ចសម្រួលពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល និងលើកកម្ពស់ឧត្តមភាព ប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងស្ថានភាពនៃការផ្ទុះរីករាលដាលនៃជំងឺកូវិដ-១៩៕

អត្ថបទដែលជាប់ទាក់ទង