ទំនិញមានផ្ទុកសារធាតុគីមី បូរ៉ាក់ (Borax) និងហួសកាលបរិច្ឆេទ ប្រើប្រាស់ប្រមាណ ១១៦គីឡូក្រាម ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. រកឃើញ នៅតាមបណ្តាផ្សារ
ខេត្តតាកែវ៖ នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ ខេត្តរតនគិរី និងខេត្តសៀមរាប សហការជាមួយមន្ ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានតម្លៃទំនិញ នៅតាមបណ្តាផ្សារ ក្នុងខេត្តតាកែវ ខេត្តរតនគិរី និងខេត្តសៀមរាប។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ១១៦គីឡូក្រាម រួមមាន៖ – ពពុះសណ្តែក មានសារធាតុគីមី បូរ៉ាក់ (Borax) ចំនួន ៣.៨៨គីឡូក្រាម – បាញ់កាញ់ មានសារធាតុគីមី បូរ៉ាក់ (Borax) ចំនួន ៥គីឡូក្រាម – ស្រាបៀរ ចំនួន ១២៥កំប៉ុង ស្មើនឹង ៤៧.៤គីឡូក្រាម – ទឹកក្រូចកំប៉ុង ចំនួន ២៩កំប៉ុង ស្មើនឹង ៩.៥គីឡូក្រាម – ទឹកក្រូចដប ចំនួន ១២០ដប ស្មើនឹង ៣៩.៦គីឡូក្រាម – ទឹកត្រី ចំនួន ៩ដប ស្មើនឹង ៤.៥គីឡូក្រាម – នំចម្រុះ ចំនួន ៤គីឡូក្រាម – មីកំប៉ុង ចំនួន ២៤កំប៉ុង ស្មើនឹង ១.៧៥គីឡូក្រាម។
បន្ទាប់មកមន្ត្រីជំនាញសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី៕