វិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺដុំពកស្បែកគោ និងក្របី
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងថា ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease-LSD) ជាជំងឺបង្កដោយវីរុសក្នុងក្រុម Poxviridae នៃប្រភេទ Capripoxvirus ដែលបានផ្ទុះឡើងជាលើកដំបូងនៅប្រទេសហ្សំប៊ី (Zambia) នៅឆ្នាំ១៩២៩ ហើយបាន ឆ្លងរាលដាលពាសពេញពិភពលោកក្នុងនោះមានទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា អឺរ៉ុបប៉ែកអាគ្នេយ៍ អាស៊ីកណ្តាល អាស៊ី ខាងត្បូង និងប្រទេសចិន ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គ្រួសារកសិករចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ។
នៅប្រទេសចិន ជំងឺនេះបានឆ្លងរាលដាលចាប់តាំងពីខែសីហា ឆ្នាំ២០១៩ រហូតមកដល់ខែមិថុនា ឆ្នាំ២០២០។ ចំណែក នៅប្រទេសវៀតណាមវិញ ជំងឺដុំពកលើស្បែកនេះ បានផ្ទុះឡើងចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ២០កន្លែងនៅភាគខាងជើង និងភាគកណ្តាល។
ថ្មីៗនេះ តាមរយៈរបាយការណ៍ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅប្រទេសថៃក៏មានករណីផ្ទុះឡើងនៃជំងឺនេះចំនួន ១៧ខេត្ត-ក្រុង ដែលក្នុងនោះមានខេត្តចំនួន៤ ដែលមានព្រំប្រទល់ជាប់ នឹងប្រទេសកម្ពុជា ដូចជា ខេត្តសុរិន្ទ ខេត្តបុរីរាំ ខេត្តអ៊ូប៊ុនរ៉ាតឆាថានី និងខេត្តស៊ីសាកេត។
ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease-LSD)នេះ កើតឡើងដោយមានរោគសញ្ញាសំខាន់ៗ ដែលមានអត្រាសត្វឈឺពី៥-៤៥% និងអត្រាងាប់តិចជាង១០% ដែលបង្កឱ្យមានការខាតបង់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ ដោយសារជំងឺនេះមានលេចចេញ នូវរោគសញ្ញាមានលក្ខណៈជាដុំពកៗ តូច ឬធំទៅតាមស្ថានភាពនៃជំងឺដែលគេរក ឃើញនៅលើស្បែកនៃដងខ្លួនសត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និងកំដៅខ្លួនអាចឡើងដល់ ៤១អង្សាសេ។
ដុំពកនេះអាចបង្កទៅជាក្រមរ ហើយអាចបង្កទៅជាដំបៅ ចំពោះសត្វឈ្មោលអាចបាត់បង់សមត្ថភាព បង្កកំណើត និងមេផើមអាចរលូតកូន។ មេរោគនេះអាចឆ្លងពីសត្វមួយ ទៅសត្វមួយទៀតតាមរយៈការប៉ះពាល់ផ្ទាល់ ពីសត្វទៅសត្វ) ដោយប្រយោលតាមភ្នាក់ងារចម្លងរោគ (ពពួកសត្វបឺតជញ្ជក់ឈាម៖ រុយ មូស ដង្ហែតាបោម.. ) មធ្យោបាយដឹកជញ្ជូន ចំណីសត្វ ទឹកមេជីវិតបង្កក បរិស្ថាន និងភ្នាក់ងារចម្លងផ្សេងៗទៀត។ មេរោគបង្កជំងឺនេះមាន ភាពធន់នៅក្នុងបរិស្ថាន និងអាចរស់នៅ បានក្នុងក្រមរស្បែកស្ងួតរហូតដល់៣ខែ និងរហូតដល់៦ខែនៅក្នុងទ្រុងសត្វ កខ្វក់ និងគ្មានពន្លឺចេញ-ចូលគ្រប់គ្រាន់។ មេរោគនេះអាចរស់នៅក្នុង pH ពី៦,៣ ទៅ៨,៣ ហើយនឹងងាយងាប់ដោយពន្លឺថ្ងៃ ជាតិអាស៊ីត ជាតិបាសខ្ពស់ និងបញ្ឈប់សកម្មភាពនៅសីតុណ្ហភាព៥៥អង្សាសេ ក្នុងរយៈពេល២ម៉ោង ៦០អង្សាសេ ក្នុងរយៈពេល១ម៉ោង និង៦៥អង្សាសេក្នុងរយៈពេល៣០នាទី និងងាយកម្ចាត់ដោយសារទឹកសាប៊ូ។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោ ក្របី ចូលមកព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាព ខ្ពស់នោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមធ្វើការណែនាំ ដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ជាពិសេសបណ្តាខេត្ត ជាប់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ ត្រូវអនុវត្ត និងចូលរួមសហការជាមួយអង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ៖
១. ត្រូវបន្តជំរុញការអនុវត្តវិធានការចាំបាច់ និងបន្ទាន់នានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ ដុំពកស្បែកគោ ក្របី (Lumpy Skin Disease-LSD) ដោយត្រូវធ្វើការតាមដាន ស្រាវជ្រាវយ៉ាងហ្មត់ចត់ និងជាប្រចាំលើសុខភាពសត្វគោ ក្របីនៅទូទាំងប្រទេស និងត្រូវអនុវត្តវិធានការជីវសុវត្ថិភាព អនាម័យ នៅគ្រប់ទីកន្លែងចិញ្ចឹម កន្លែងប្រមូលផ្តុំ និងទីផ្សារ។ ជាមួយគ្នានេះផងដែរ ក៏ត្រូវពង្រឹងការត្រួតពិនិត្យ អនាម័យសាច់ និងផលិតផលសត្វ ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយតាមគ្រប់រូបភាពដល់ ប្រជាពលរដ្ឋឱ្យមានការយល់ដឹងពី ជំងឺដុំពកស្បែកគោ ក្របី និងចូលរួមអនុវត្តវិធានការឱ្យបានត្រឹមត្រូវ។
២. ទប់ស្កាត់ការនាំចូលគោ ក្របីរស់ និងផលិតផលគោ ក្របី ទឹកមេជីវិតបង្កក គ្រប់ប្រភេទដែលខុសច្បាប់ ដោយសហការជាមួយ អាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ជាពិសេសសមត្ថកិច្ចនៅតាមច្រកព្រំដែន។
៣. បង្កើនការអង្កេតតាមដាន និងឃ្លាំមើលស្ថានភាពសុខភាពសត្វគោ ក្របីនៅតាមមូលដ្ឋាន កន្លែងចិញ្ចឹមសត្វ និងតាមកសិដ្ឋានជាប្រចាំ ព្រមទាំងធ្វើការប្រមូលសំណាកដែលសង្ស័យ រួចបញ្ចូនមកមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីវិភាគរកមេរោគដោយអំនុវត្តវិធានបសុពេទ្យ ឱ្យបានទាន់ពេលវេលា។
៤. អប់រំណែនាំដល់ប្រជាពលរដ្ឋ ភ្នាក់ងារសុខភាពសត្វភូមិអ្នកចិញ្ចឹមសត្វគោ ក្របីគ្រប់កម្រិតពីការរៀបចំ ទ្រុង ការថែទាំ ការផ្តល់ទឹកនិងចំណី ការអនុវត្តវិធានការអនាម័យ ការតាមដានសុខភាពសត្វ និងការអនុវត្ត វិធានជីវសុវត្ថិភាពឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងរាយការណ៍នូវករណីសង្ស័យនៃជំងឺដុំពកស្បែកគោ ក្របី។
៥. លុបបំបាត់ភ្នាក់ងារចម្លងមេរោគដូចជា ពពួកសត្វបឺតជញ្ជក់ឈាម (មូស រុយ តាបោម ដង្កែ…) តាមរយៈ ការប្រើប្រាស់ថ្នាំសម្លាប់ ការដាក់មុង ការប្រើប្រាស់អំពូលភ្លើងឆក់ ឬបណ្ដេញសត្វល្អិត ការដុតសំរាម បណ្ដេញសត្វល្អិត និងការប្រមូលកាកសំណល់ដូចជា សំរាម សំបកកង់ឡានចាស់ៗ ដើម្បីដុត ឬកប់ចោល។
៦. ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease-LSD) ក្នុងករណីចាំបាច់ និងមានពិសោធន៍ពី ប្រសិទ្ធភាពនៃវ៉ាក់សាំងឱ្យបានត្រឹមត្រូវ។
៧. បន្តការអប់រំដល់ប្រជាជន និងកសិករចិញ្ចឹមសត្វគោ ក្របីអំពីផលប៉ះពាល់ និងការខូចខាតធ្ងន់ធ្ងរលើ ផលិតកម្មគោ ក្របី ផ្នែកសេដ្ឋកិច្ចបណ្ដាលមកពីជំងឺដុំពកស្បែកគោ ក្របីនេះ។
៨. ពង្រឹងការត្រួតពិនិត្យរាល់ការចរាចរសត្វគោ ក្របីរស់ ទឹកមេជីវិតបង្កក និងផលិតផលសាច់គោ ក្របី
ដែលនាំចូលត្រូវមានវិញ្ញាបនបត្រ អនាម័យពីប្រទេសនាំចេញ និងត្រូវស្ថិតក្រោមការត្រួតពិនិត្យសុខភាពសត្វ នឹងការធ្វើចត្តាឡីស័ក ពីមន្ត្រីជំនាញបសុពេទ្យ។
៩. ជំរុញនិងសហការឱ្យបានល្អ និងជិតស្និទ្ធជាមួយភាគី ប្រទេសវៀតណាម និងប្រទេសថៃ ក្នុងការផ្លាស់ប្តូរ ព័ត៌មានទាក់ទង នឹងជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease-LSD) ដើម្បីធ្វើការទប់ស្កាត់ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ទទួលបានសារាចរណែនាំនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ត្រូវសហការឱ្យបានល្អជាមួយនឹងអាជ្ញាធរ ថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា ដើម្បីអនុវត្តសារាចរណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និង ទទួលបានជោគជ័យ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕