ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះគ្រាប់មីនតោនស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ពេលបើកគោយន្តកិនចំមីនតោន

77

 

បាត់ដំបង ៖ មានករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោន សំណល់ពីសង្គ្រាម​ បណ្តាឱ្យស្លាប់ប្រជាពលរដ្ឋម្នាក់ និងរងរបួសធ្ងន់ម្នាក់​ ព្រមទាំងបំផ្លាញគោយន្តមួយគ្រឿងទាំងស្រុង។

លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា នៅម៉ោងជិត៣ល្ងា​ចថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២១នេះ​ នៅភូមិចំការចេក​ ឃុំស៊ុង​ ស្រុកសំឡូត​ ខេត្តបាត់ដំបង​ មានករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម​ ដែលបណ្តាឱ្យស្លាប់ប្រជាពលរដ្ឋម្នាក់និងរងរបួសធ្ងន់ម្នាក់​ ព្រមទាំងបំផ្លាញគោយន្តមួយគ្រឿងទាំងស្រុង។ សូមចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសព និងសូមវិញ្ញាណក្ខន្ធសព បានទៅកាន់សុខគតិភពកុំបីខានឡេីយ ។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៣០នាទីនៅចំណុចភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្ត បាត់ដំបង មានស្នូរផ្ទុះយ៉ាងកក្រេីកដីជាហេតុ បង្កឱ្យមានការភ្ញាក់ផ្អេីល ដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមានសមត្ថកិច្ចនៅទី នោះ។
ស្ងាត់សម្លេងផ្ទុះនេះភ្លាមបុរសម្នាក់ឈ្មោះ ប៊ន សុគា ភេទប្រុស អាយុ ២៨ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះបានស្លាប់ រីឯ ឈ្មោះ ហង់ លីហ័រ ភេទប្រុស អាយុ ២៦ ឆ្នាំ ជាអ្នកជិតខាងរួមដំណើរជាមួយគ្នា ទទួលរងរបួស ធ្ងន់ ចំណែកគោយន្តត្រូវបានបំផ្លាញ ខ្ទេចខ្ទីដោយសារកម្លាំងផ្ទុះនៃគ្រាប់មីនតោន។

ទទួលបានព័ត៌មានច្បាស់អំពីរឿងហេតុ ដ៏រន្ធត់ នេះលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរ បាលស្រុកសំឡូត បានរាយការណ៍បន្ទាន់ជូនលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបងបានជ្រាប និងសុំយោបល់អនុ វត្តបន្ត។

ក្រោមយោបល់ណែនាំរបស់លោក ស្នងការ លោកអធិការនគរបាលស្រុក បានបញ្ជូនកម្លាំងទៅដល់កន្លែងកេីតហេតុ លោកវរសេនីយ៍ទោ ម៉ែន រីម បានឱ្យដឹងថា ចំណុចដែលមានករណីផ្ទុះមីនតោននេះជាសមរភូមិប្រយុទ្ធគ្នាពីមុនមក ហេីយរហូតមកដល់ពេលនេះមិនទាន់មានការ បោស សំអាតរំដោះយក យុទ្ធ ភ័ណ្ឌពីក្នុងដីអស់នៅឡេីយទេ ផ្លូវ ដែលគោយន្តរបស់គាត់បេីកបរ ទៅជាន់លេីគ្រាប់មីននាពេលនេះគឺជាផ្លូវ(ចាស់) ក្នុងសម័យសង្រ្គាមហេីយក្រោយមក មិនមានអ្នកណាប្រេីប្រាស់លេីផ្លូវនេះទេ តែជាអកុសលថ្ងៃនេះ ខណៈជនរងគ្រោះបេីកបរគោយន្តរវាងឡេីងលើផ្លូវ(ចា ស់) ក៏ជួបគ្រោះថ្នាក់នេះតែម្តង។

លោកអធិការបន្តថា ប្រសិនបេីមិនមានសមត្ថកិច្ចរបស់លោក ទៅដល់និងមានវិធានការភ្លាមៗនៅកន្លែងកើតហេតុទេនោះ គោយន្តមួយគ្រឿងផ្សេងទៀត រួមទាំងអ្នកចូលទៅជួយសង្រ្គោះផង ដែលបម្រុងចូលទៅដឹកយកសពជនរងគ្រោះខាងលេ ីចេញពីទីនោះនឹងជួបគ្រោះថ្នាក់ជាន់គ្រាប់ មីនបន្ថែមទៀតជាក់ជាមិនខាន ព្រោះស្ថិតនៅក្បែរទីកន្លែងផ្ទុះនោះ ត្រូវបានប្រទះឃេីញគ្រាប់មីនតោនចំនួន ០១គ្រាប់និងគ្រាប់មីន(ផ្កាចាន់) ចំនួន០១គ្រាប់ទៀតស្ថិតនៅលើគ្នា។

នៅពេលនេះមន្រ្តីជំនាញនៃអង្គភាពCMAC បាន ពិនិត្យនិងហ៊ុមព័ទ្ធចំណុចនោះទុកដេីម្បីធ្វេីការ បន្តនៅថ្ងៃស្អែកទៀត។

អាជ្ញាធរមីន បានឲ្យដឹងថា ប្រព័ន្ធព័ត៌មានជនរងគ្រោះ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា (CMVIS) បង្កើតឡើងនៅឆ្នាំ១៩៩៤ ដើម្បីប្រមូលទិន្នន័យ វិភាគទិន្នន័យ បកស្រាយទិន្នន័យ និងចែកចាយទិន្នន័យជនរងគ្រោះ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១ ក្រុមការងារ CMVIS បានចុះយកព័ត៌មាន នៅទីកន្លែងគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលមានឧប្បត្តិហេតុគ្រោះថ្នាក់ ២១លើក និងមានប្រជាពលរដ្ឋចំនួន ២៤នាក់បានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម តួលេខនេះបានថយចុះ ២៥% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រុមការងារ CMVIS បានចុះផ្តល់សារអប់រំ កាត់បន្ថយគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋចំនួន ១៧១៥នាក់ ដែលកំពុងរស់នៅ តាមតំបន់ដែលមានហានិភ័យ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ជាមួយគ្នាផងដែរ CMVIS បានរាយការណ៍ផ្តល់ព័ត៌មាន ពីទីតាំងគ្រាប់ នៅតាមមូលដ្ឋានបានចំនួន ៥៦គ្រាប់ ទៅប្រតិបត្តិករសកម្មភាពមីន ដើម្បីយកចេញ និងកម្ទេចចោល៕

 

អត្ថបទដែលជាប់ទាក់ទង