ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ កម្មករ កម្មការិនី រស់នៅខណ្ឌកំបូល បន្តសម្រុកទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩លើកទី១ តាមការអំពាវនាវរបស់រាជដ្ឋាភិបាល

40

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី រស់នៅ ក្នុងខណ្ឌកំបូល បានបន្តនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ លើកទី(ដុសទី១) ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ។ ជាមួយគ្នានេះគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស កំពុងបង្កើនសកម្មភាពចាក់ វ៉ាក់សាំង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមានកិច្ចស ហការយ៉ាងល្អជាមួយនឹងអាជ្ញាធរមូលដ្ឋាននៃខណ្ឌនីមួយៗ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២១ នេះ មាន បងប្អូន ប្រជាពលរដ្ឋ កម្មករ កម្មការិនី យ៉ាងច្រើន រស់នៅក្នុងខណ្ឌកំបូល ដែលពួកគាត មិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.19 រួចពួកគាតបានបន្ដ មកចាក់វ៉ាក់សាំង នៅក្នុងទីតាំងសាលាបឋមសិក្សា កំបូល ក្បែរសាលាសង្កាត់ កន្ទោកយ៉ាង ច្រើន ព្រមទាំងបង្ហាញនូវក្តីរីករាយ ដែលខ្លួនបានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ដែលជារបាំងមួយថ្មីទៀត ធ្វើឲ្យពួកគាត់ អាចការពារបានមួយចំណែក ពីការវាយលុកនៃជំងឺដ៏កាចសាហាវ ដែលកំពុងឆ្លងរីករាលដាល យ៉ាងខ្លាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួនទៀត នៃប្រទេសកម្ពុជា។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឲ្យដឹងថា ពលរដ្ឋនៅក្នុងខណ្ឌកំបូល នេះ នៅសេសសល់ប្រមាណជា ៣០ ភាគរយប៉ុណ្ណោះ ដែលមិនទាន់បានទទួលវ៉ាក់ សាំងបង្ការកូវីត.19។ ហើយថ្ងៃនេះ ក្រុមការ ងារចំពោះកិច្ចរបស់យើងបានបន្តកិច្ចការយ៉ាង សកម្មក្នុងការចាក់វ៉ាក់សាំងជូនបងប្អូន ប្រជាពលរដ្ឋដែលនៅសេសសល់ទាំងនេះ ឲ្យបានរួចរាល់។
លោកបន្តថា៖ ដោយមើលឃើញពីការចូលរួមរបស់បងប្អូន ក្នុងការមកចាក់វ៉ាក់សាំងយ៉ាង ច្រើននោះ លោកគិតថា មិនលើសពី២ទៅ៣ ថ្ងៃទេ បងប្អូនទាំងអស់នៅក្នុងខណ្ឌកំបូលនឹងទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា។ សម្រាប់ថ្ងៃនេះ ក្រុមការងារចំពោះកិច្ច អាចនឹងចាក់វ៉ាក់សាំងជូនបងប្អូន ប្រជាពលរដ្ឋបានយ៉ាងតិចជាង១ពាន់នាក់។
លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌកំបូល ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នឹងទទួល បានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គ្រប់ៗគ្នាទៅតាម គោលការណ៍របស់រាជរដ្ឋាភិបាល។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺប្រជាពលរដ្ឋ ដែលបានទទួលវ៉ាក់សាំងរួចហើយ បានបង្ហាញនូវស្នាមញញឹមនិងអំណរគុណដល់អាជ្ញាធរ និងក្រុមការងារចំពោះកិច្ចដែលបានជួយ សម្របសម្រួលផ្តល់បណ្ណជូនពួកគាត់ ដើម្បីមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ជាពិសេសអរគុណដល់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងស្វែងរក វ៉ាក់សាំងបង្ការកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា៖ គណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស ដែលមានលោកជំទាវឱ វណ្ណឌីន ជាប្រធាន បាននឹងកំពុងបង្កើនល្បឿនក្នុង ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅភ្នំពេញ ដោយបន្ថែមទៅលើខណ្ឌចំនួន៣បន្ថែមទៀត គឺខណ្ឌ៧ មករា ខណ្ឌច្បារអំពៅ និងចំការមន។ តាមការគ្រោងទុកនៅក្នុងខែមិថុនានេះ ប្រជាពលរដ្ឋនៅភ្នំពេញទាំងអស់ នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវិដ-១៩គ្រប់គ្នា ក្នុងពេលដែលពលរដ្ឋនៅភ្នំពេញ ចំនួនជាង២លាននាក់ហើយ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ.19 ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង