ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិន្នន័យពីទីតាំងជំរឿនសត្វត្មាត ៤កន្លែង អ្នកជំនាញកត់ត្រាវត្តមានសត្វត្មាតចំនួន ៨២ក្បាល

52

 

ព្រះវិហារ ៖ បើតាមក្រសួងបរិស្ថាន បានឲ្យដឹងថា ទិន្នន័យពីទីតាំងជំរឿនសត្វត្មាត ៤កន្លែងថ្ងៃទី១០ ខែមិថុនា អ្នកជំនាញកត់ត្រាវត្តមាន សត្វត្មាតចំនួន ៨២ក្បាល, ការជំរឿនមានចំនួន ៥ ដងទៀត ដើម្បីសន្មត់ថារបាយប្រជាសាស្ត្រ នៃសត្វត្មាតឆ្នាំ២០២១ នេះធ្លាក់ចុះឬកើនឡើង។

បច្ចុប្បន្នភាពលទ្ធផលនៃការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានកត់ត្រាវត្តមានសត្វត្មាតចំនួន ៨២ ក្បាលក្នុងនោះមានត្មាតភ្លើង ១៣ក្បាល ត្មាតផេះ ៤២ក្បាល និងត្មាតត្នោត ២៧ក្បាល។ នេះជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្ យនៃក្រសួងបរិស្ថាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រោយពេលបើកការ ជំរឿនសត្វត្មាតកាលពីថ្ងៃទី១០ ខែមិថុនាកន្លងទៅ។

ជំរឿនសត្វត្មាតប្រចាំឆ្នាំ ២០២១ នៅកម្ពុជាសហការរៀបចំដោយក្រសួងបរិស្ថាន និងអង្គការដៃគូ ក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ ត្រូវបានបើកធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះ នៅលើទីតាំងចំនួន ៤ កន្លែងនៅក្នុងតំបន់ ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះដែលជឿជាក់ថាមានវត្តមានសត្វត្មាតរស់នៅ។
នេះជាការអង្កេតតាម ដានជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិ នៅកម្ពុជាដើម្បីដឹងថា តើនៅក្នុងតំបន់ការពារធម្មជាតិមានវត្តមានសត្វព្រៃ ជីវៈចម្រុះអ្វីខ្លះដើម្បី ងាយស្រួលក្នុងការរៀបចំផែនការ ការពារនិងអភិរក្សឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាឱ្យបាន នូវជីវៈចម្រុះដែលកម្ពុជាមាន។

តាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា វត្តមានសត្វត្មាតដែលបានកត់ត្រានៅទីតាំងជំរឿនទាំង ៤ កន្លែងនោះរួមមាន៖ ១) មានសត្វត្មាតចំនួន២៣ក្បាល ត្រូវបានកត់ត្រានៅអាហារដ្ឋានត្មាតខេត្តព្រះវិហារ; ២) មិនមានវត្តមានសត្វត្មាតនៅអាហារដ្ឋានខេត្តមណ្ឌលគិរី; ៣) មានសត្វត្មាតចំនួន ៥២ក្បាល ត្រូវបានកត់ត្រានៅអាហារដ្ឋានត្មាតខេត្តស្ទឹងត្រែង និង ៤) មានសត្វត្មាតចំនួន ៧ក្បាល ត្រូវបានកត់ត្រានៅ អាហារដ្ឋានត្មាតខេត្តក្រចេះ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាដើម្បីសន្និដ្ឋានថា ចំនួនប្រជាសាស្ត្រនៃសត្វត្មាត ដែលជាប្រភេទសត្វកម្រ ជិតផុតពូជ លើពិភពលោកមានការថយចុះ ឬកើនឡើង ក្រុមការងារបច្ចេកទេសក្រសួងបរិស្ថាន និងអង្គការដៃគូនឹង បន្តធ្វើជំរឿនទូទាំងប្រទេសចំនួន ៥ ដងទៀតគឺគ្រោងនឹងធ្វើនៅថ្ងៃទី២០ ខែមិថុនា ថ្ងៃទី១០ ខែកញ្ញា ថ្ងៃទី២០ ខែកញ្ញា ថ្ងៃទី១០ ខែធ្នូ និងថ្ងៃទី២០ ខែធ្នូ២០២១។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ជំរឿនសត្វត្មាតនៅប្រទេសកម្ពុជា ធ្វើឡើងដោយការប្រមូលទិន្ន័ន័យពី ៤ ទីតាំងផ្សេងគ្នានៅក្នុងភូមិ ភាគឦសាននៃប្រទេសកម្ពុជា ហើយត្រូវបានអនុវត្តនិងចូលរួម ដោយក្រុមការងារសត្វត្មាតកម្ពុជា (CVWG ) ដោយសហការជាមួយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជី វិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈ ចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ តាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ ចំនួនសត្វត្មាតច្រើនបំផុតមានត្រឹម ១២៩ក្បាលប៉ុណ្ណោះក្នុងប្រទេសកម្ពុជា។ ពួកវារស់នៅជាហ្វូងហើយ ស៊ីសាកសពជាអាហារ៕

អត្ថបទដែលជាប់ទាក់ទង