សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងសម្រួលនីតិវិធីផ្សេងៗ ដើម្បីទាក់ទាញនាវាចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុកាន់តែច្រើន, តែមិនមែនមានន័យថា កាត់ចំណូលឡើយ
ព្រះសីហនុ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងគិតគូរក្នុងការកាត់សម្រួលនីតិវិធីផ្សេងៗ ដើម្បីកុំឲ្យមានភាពស្មុគស្មាញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅពេលមាននាវាមកដាក់ទំនិញ ឬយកទំនិញត្រឡប់ទៅវិញ សំដៅធ្វើយ៉ាងណាទាក់ទាញនាវាមកកំពង់ផែស្វយ័តនេះឲ្យកាន់តែច្រើនបន្ថែមទៀត។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា ការកាត់សម្រួលនីតិវិធីនានា មិនមែនសំដៅដល់ការកាត់បន្ថយចំណូលនោះទេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា នៅតាមបណ្ដាប្រទេសនានានៅលើពិភពលោក គឺកំពុងអនុវត្តបែបនេះ ពោលធ្វើយ៉ាងណាកុំឲ្យនីតិវិធីមានភាពស្មុគស្មាញ សំដៅបង្កើនល្បឿនក្នុងការទូទាត់ និងពិនិត្យទំនិញពីមួយដំណាក់កាលទៅមួយដំណាក់កាល។ សម្ដេចបន្ដថា ប្រសិនបើនីតិវិធីស្មុគស្មាញត្រូវបានលុបបំបាត់ នោះនាវានឹងមានការចេញចូលច្រើន ហើយចំណូលនឹងមានការកើនឡើងដូចគ្នា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងត្រូវតែខិតខំប្រឹងប្រែងបន្ដទៀត កាត់នីតិវិធីមិនមែនមានន័យថា កាត់ចំណូលនោះទេ។ បើសិននីតិវិធីច្រើន អាចបង់ថ្លៃតាមដំណាក់កាលមួយៗ ប៉ុន្ដែទំនិញចូលតិច តែបើកាត់នីតិវិធីខ្លះ ទំនិញចូលកាន់តែច្រើន បានន័យថា យើងយកចំណេញតិច ប៉ុន្ដែបានច្រើន។ បើយកចំណេញច្រើនផលិតផលលក់បានតិច អាចតិចជាងចំណេញតិចលក់បានច្រើន»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ក្នុងករណីកុងទឺន័រចូលមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ១លានទូរ ប្រើប្រាស់ពេលមួយខែដើម្បីពិនិត្យជាការប្រើប្រាស់ពេលមួយដ៏យូរ។ ផ្ទុយទៅវិញ បើសិន១លានទូរ ប្រើពេលត្រឹមមួយសប្ដាហ៍ដើម្បីពិនិត្យ និងបញ្ចេញទំនិញ មានន័យថា ក្នុងរយៈពេល១ខែ អាចពិនិត្យ និងបញ្ចេញទំនិញបានដល់៤លានទូរកុងទឺន័រឯណោះ ដូច្នេះនេះជាលំហូរមួយដ៏ច្រើន និងចំណេញជាងមុន។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ នឹងខិតខំប្រឹងប្រែងពិនិត្យ កែសម្រួលនីតិវិធីផ្សេងៗ ដោយបូកបញ្ចូលជាមួយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមួយចំនួន ដើម្បីពិនិត្យមុនពេលកុងទឺន័រមកដល់កំពង់ផែ នឹងល្បឿននៃការពិនិត្យនៅពេលកុងទឺន័រមកដល់ជាក់ស្ដែង កាន់តែមានភាពឆាប់រហ័សថែមទៀត។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាទីតាំងមួយដែលអ្នកវិនិយោគបរទេស តែងតែប្រាថ្នាចង់បាន និងលើកសំណើសុំវិនិយោគទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ពោលតាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន នៅកាន់តំណែងជានាយករដ្ឋមន្ដ្រីមកម្ល៉េះ ប៉ុន្ដែរាល់សំណើទាំងអស់នោះ ត្រូវបានរាជរដ្ឋាភិបាលបដិសេធ ដោយទុកឲ្យរដ្ឋជាអ្នកគ្រប់គ្រងដដែល។
លើសពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, ជាពិសេស ក្រុមប្រឹក្សាភិបាល, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក, កម្មករនិយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម និងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែកពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ-អន្តរជាតិពាក់ព័ន្ធនឹងវិស័យការងារ ដើម្បីធានាបាននូវប្រសិទ្ធភាព និងស្ថិរភាពលទ្ធផលអាជីវកម្មរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្វើឲ្យចំណូលកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ៕