ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនស៊ីវិលម្នាក់ ពាក់អាវ និងមួកនគរបាល អះអាងថាខ្លួនជាសមត្ថកិច្ច ដើរយកប្រាក់ ពីប្រជាពលរដ្ឋលក់ដូរ លើចិញ្ចើមផ្លូវសាធារណៈ

57

 

ព្រះសីហនុ ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៧ និង០០នាទីព្រឹក នៅតាមបណ្តោយផ្លូវបូរីកម្មករ ( ផ្លូវ CT ) ចាប់ពីចំណុចមុខគ្លីនិកដើមស្វាយ ដល់មុខផ្សារពាណិជ្ឋកម្ម ស្ថិតនៅក្រុមទី១២ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានករណីបុរសម្នាក់ឈ្មោះ ភាង កុសល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរសន្តិសុខឯកជន (មុន្នីឯករាជ្យ) បច្ចុប្បន្នស្នាក់នៅក្រុមហ៊ុន សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានដើរយកប្រាក់ពីបងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ។

ផ្អែកតាមការចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា កន្លងមកគាត់ធ្លាប់បានដើរទារប្រាក់ ពីប្រជាពលរដ្ឋក្នុងការលក់ដូរ តាមចិញ្ចើមផ្លូវបូរីកម្មករ ចាប់តាំងពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ មកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានប្រាក់ជាបន្តបន្ទាប់ ហើយបានពាក់អាវ និងមួកនគរបាល ព្រមទាំងអះអាងប្រាប់អ្នកលក់ដូរថា ខ្លួនជាសមត្ថកិច្ចថែមទៀត។

យោងតាមការបំភ្លឺរបស់ប្រជាពលរដ្ឋ បានឲ្យដឹងថាជនសង្ស័យខាងលើ ដែលនគរបាលឃាត់ខ្លួននេះ រយ:ពេលកន្លងមក បានដើរយកប្រាក់ពីប្រជាពលរដ្ឋ ដែលលក់ដូរតាមចិញ្ចើមផ្លូវ តាំងពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្នុងមួយថ្ងៃបាន១១.០០០រៀល ទៅ១៥.០០០រៀលក្នុង១កន្លែង ។

សូមបញ្ជាក់ជូនបន្ថែម ៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ជននេះធ្លាប់បានស្លៀកពាក់ ឯកសណ្ឋានបន្លំធ្វើជានគរបាល នៅផ្សារពារណិជ្ជកម្ម ហើយត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ បានចាប់នាំយកមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការអប់រំ និងចុះកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាព បន្លំធ្វើជានគរបាលម្តងរួចមកហើយ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង