ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ADB និង CDRI ប្រកាសភាពជាដៃ គូសម្រាប់បណ្ណាល័យអនឡាញ ជាមួយការផ្សព្វផ្សាយសៀវភៅសំខាន់មួយ

538

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (១៦ មិថុនា ២០២១)៖ ធនាគារអភិវឌ្ឍន៍អាស៊ី​​ (ADB) និង​ វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានប្រកាសភាពជាដៃគូដំបូង បំផុត​ ដើម្បីបញ្ចូលឯកសារបោះពុម្ពផ្សាយក្នុងទម្រង់ឌីជីថល របស់ធនាគារអភិវឌ្ឍន៍អាស៊ីមាន ទៅក្នុងបណ្ណាល័យអនឡាញរបស់ CDRI រួមជាមួយកម្មវិធីផ្សព្វផ្សាយសៀវភៅសំខាន់មួយស្តីអំពី “ដំណើរឆ្ពោះទៅកាន់វិបុលភាព​របស់​អាស៊ី៖ គោលនយោបាយ ទីផ្សារ និងបច្ចេកវិទ្យា ក្នុងរយៈពេលជាង ៥០ឆ្នាំ”។

នៅប្រទេសកម្ពុជា​ CDRI គឺជាមជ្ឈមណ្ឌលចំណេះដឹងដំបូងគេ ដែលត្រូវបានជ្រើសរើសជាដៃគូ សម្រាប់បណ្ណាល័យបញ្ញើផ្លូវការ​ នៃកម្មវិធីបណ្ណាល័យបញ្ញើរបស់ ADB។ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន១៥ នៅទូទាំងទ្វីបអាស៊ីនិងប៉ាស៊ីហ្វិកដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធីនេះ ក្នុងបំណង លើកកម្ពស់ចំណេះដឹង​ និងភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហានានាក្នុងការងារអភិវឌ្ឍន៍​ប្រទេស។

នាយិកាប្រចាំប្រទេសកម្ពុជា របស់ADB លោកស្រី Sunniya Durrani-Jamal​ បានមានប្រសាសន៍ ថា​ “ប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានលើសពីការផ្តល់ជំនួយហិរញ្ញប្បទាន​ ដោយរួមបញ្ចូល នូវការ​ផ្តល់​នូវចំណេះដឹងសម្រាប់​ដំណោះស្រាយ ដែលជាមធ្យោបាយល្អបំផុតដើម្បីធានាកំណើន​ និងការអភិវឌ្ឍប្រកប​ដោយនិរន្តរភាព។ តួនាទីនេះកាន់តែមានសារៈសំខាន់ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងងើបចេញពីវិបត្តិសុខភាពសាធារណៈ​ និងសេដ្ឋកិច្ច​ ដែលបណ្តាលមកពីកូវីដ១៩”។

រៀងរាល់ត្រីមាស​ ធនាគារអភិវឌ្ឍន៍អាស៊ី​ រំពឹងថានឹងចែករំលែកយ៉ាងហោចណាស់ ការបោះពុម្ពផ្សាយចំនួន ៥០ ដល់ CDRI​ ដែលរួមមានឯកសារស្តីពីវិស័យជាច្រើនដូចជា​ ផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកជញ្ជូន ពាណិជ្ជកម្ម បរិស្ថាននិងធនធានធម្មជាតិ ការអប់រំ យេនឌ័រ កសិកម្ម និងភាពច្នៃប្រឌិត។

ក្នុងឱកាសផ្សព្វផ្សាយកិច្ចសហការជាដៃគូសម្រាប់បណ្ណាល័យបញ្ញើអនឡាញនេះដែរ​ ADB និង CDRI ក៏បានផ្សព្វផ្សាយ​អំពីសៀវភៅសំខាន់មួយស្តីអំពី “ដំណើរឆ្ពោះទៅកាន់វិបុលភាពរបស់អាស៊ី៖ គោលនយោបាយ ទីផ្សារ និងបច្ចេកវិទ្យា ក្នុងរយៈពេលជាង ៥០ឆ្នាំ”។ សៀវភៅនេះបកស្រាយទិដ្ឋភាពទូទៅនៃការលូតលាស់និងការផ្លាស់ប្តូរនៅអាស៊ីក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយ ព្រមទាំងពិភាក្សាមេរៀនគោលនយោបាយសំខាន់ៗទាញចេញពីបទពិសោធន៍ក្នុងតំបន់។

នាយកប្រតិបត្តិស្តីទី CDRI បណ្ឌិត អេង នេត្រា​ ​បានមានប្រសាសន៍ថា “សៀវភៅស្តីពីដំណើរឆ្ពោះទៅកាន់វិបុលភាពរបស់អាស៊ី ស្ថិតក្នុងចំណោមឯកសារចំណេះដឹងរបស់ ADB ជាច្រើនក្នុងទម្រង់ឌីជីថល​ដែលមានក្នុងបណ្ណាល័យអនឡាញរបស់ CDRI។ CDRI ជឿជាក់ថា ភាពជាដៃគូសម្រាប់បណ្ណាល័យអនឡាញ​​​នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្សនៅកម្ពុជា។ រហូតមកដល់ពេលនេះ​ CDRI បានបញ្ចូលឯកសារដែលបានបោះពុម្ពផ្សាយដោយADB ចំនួនជាង ១.០០០​ ហើយទៅ​ក្នុង​បណ្ណាល័យអនឡាញរបស់យើង ដែលអាចចូលទៅមើលបាននៅ <http://library.cdri.org.kh> ដោយមិន​គិតថ្លៃ ​សម្រាប់សាធារណៈទូទៅ អ្នកសិក្សាស្រាវជ្រាវ​ ក្រុមអ្នកជំនាញ ស្ថាប័ននានារួមមានភ្នាក់ងាររាជរដ្ឋាភិបាល​ វិស័យឯកជន ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល” ។

បច្ចុប្បន្នធនាគារអភិវឌ្ឍន៍អាស៊ីកំពុងអនុវត្តគម្រោងវិនិយោគដែលមានទឹកប្រាក់ ២,១ ពាន់លានដុល្លារ​នៅកម្ពុជា​ តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសឆ្នាំ ២០១៩-២០២៣ ដោយមានបញ្ចូលកម្មវិធីជំនួយបច្ចេកទេស និងចំណេះដឹងដ៏ទូលំទូលាយ។ នៅឆ្នាំ២០២១ ADB គ្រោងនឹងបោះផ្សាយ ឯកសារចំណេះដឹងចំនួន ២៧ និងរៀបចំកម្មវិធីផ្សព្វផ្សាយចំណេះចំនួន ១១ បន្ថែមទៀត​ រួមទាំងឯកសារ និងកម្មវិធីដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើបឡើងវិញរបស់ប្រទេសកម្ពុជា ពីការរាតត្បាតកូវីដ១៩។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង