ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរមានផ្ទុកជម្ងឺកូវីដ១៩ ឆក់ទូរស័ព្ទ បានសម្រេចជិះម៉ូតូ បុករថយន្តរងរបួសធ្ងន់

46

 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាព ឆក់ទូរស័ព្ទពីស្ត្រីម្នាក់ បានសម្រេចជិះម៉ូតូ ទៅបុករថយន្តក្រោយរងរបួសធ្ងន់ កាលពីវេលា ម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ បានជិះមួយគ្រឿង ម៉ាកស៊ុយស៊ុគីនិចមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1GP-7967 ធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាកVIVO ពីស្ត្រីម្នាក់ឈ្មោះ មុើយ ពៅ ចិន្តា អាយុ៣៤ឆ្នាំ បានសម្រេច ហើយជនសង្ស័យ ក៏បានជិះម៉ូតូគេចខ្លួនតែសំណាងអាក្រក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្តព្រុសមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 2AX-2807 ដែលបម្រុងនឹងបត់ឆ្វេង ចូលបុរីពិភពថ្មីទី១ បណ្តាលឲ្យជនសង្ស័យ រងរបួសធ្ងន់បាក់ជើងខាងស្តាំ និងបែកមុខបែកមាត់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយ របស់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោ យកទៅធ្វើការសង្រ្គោះភ្លាមៗផងដែរ ។
មួយសន្ទុះក្រោយមក ម្ចាស់ទូរស័ព្ទបានតេមក សមត្ថកិច្ចក៏បានលើកទូរស័ព្ទ របស់ជនរងគ្រោះ និយាយជាមួយទើបដឹងថា ជនរងគ្រោះ គឺជាជនសង្ស័យដែលឆក់ទូរស័ព្ទ ហើយព្យាយាមជិះម៉ូតូគេចខ្លួន តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងបន្ថែមទៀតថា ជនសង្ស័យមានផ្ទុកជម្ងឺកូវីដ១៩ផងដែរ ក្រោយពេលគ្រូពេទ្យពិនិត្យសំណាករួច ។

សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ បើកការស្រាវជ្រាវ និងបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ ដែលជាម្ចាស់ទូរស័ព្ទ។បច្ចប្បន្នជនសង្ស័យ កំពុងស្ថិតនៅមន្ទីរពេទ្យ និងបន្តចាត់ការបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង