ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកសិកម្ម បានរៀបចំនូវវិធានការ គោលនយោបាយជំរុញវារីវប្បកម្មឆ្នាំ២០២១-២០២៣ ក្នុងគោលបំណងបងើ្កន ផលិតភាពវារីវប្បកម្មឱ្យមានការប្រកួតប្រជែង

181

 

ភ្នំពេញ៖ ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រព័ត៌មានកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រួចមក ក្រសួងបានទទួលមតិយោបល់ពីអ្នកវិភាគ និងសាធារណជនមួយចំនួន ដោយបានបកស្រាយខុសពីការពិត ប្រាសចាកពីអ្វីដែលរាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនូវនយោបាយកំណែទម្រង់ និងជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីធានាបានសន្តិសុខស្បៀង និងការនាំចេញ ក្នុងដំណាក់កាលដ៏លំបាកបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងសារក្នុងផេកហ្វេសប៊ុក នៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២១នេះថា ក្នុងបរិការនេះ ខ្ញុំចង់ទាញអារម្មណ៍អ្នកវិភាគ និងសាធារណជន សូមមេត្តាស្រាវជ្រាវនូវអ្វីដែលជារបត់នយោបាយ ក្នុងការធ្វើកំណែទម្រង់របស់ រាជរដ្ឋាភិបាល លើអនុវិស័យជលផលកន្លងមក ដែលបានចាប់ផ្តើមពីការអនុវត្តវិមជ្ឈការមុនឆ្នាំ២០០៦ មកអនុវត្តការគ្រប់គ្រងវិស័យនេះ តាមបែបមជ្ឈការវិញក្រោយឆ្នាំ ២០០៦ ហើយដោយពិនិត្យឃើញ នូវភាពចាំបាច់ ប្រមុខររាជរដ្ឋាភិបាលបានសម្រេច ធ្វើកំណែទម្រង់សាជាថ្មីម្តងទៀត ក្នុងការធ្វើវិមជ្ឈការក្រោយឆ្នាំ២០១៦ ដោយត្រូវប្រគល់សិទ្ធិអំណាចទៅថ្នាក់ក្រោមជាតិ ជាពិសេសប្រគល់សិទ្ធិអំណាចជូនទៅឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានី ខេត្តជាអ្នកគ្រប់គ្រង និងដឹកនាំបង្រ្កាបបទល្មើស ជលផល និងព្រៃឈើ ដែលស្ថិតនៅក្នុងដែនដីរបស់ខ្លួន ដែលទាមទារពេលវេលា ក្នុងការកសាង និងពង្រឹងសមត្ថភាពបន្ថែមទៀត។ ក្នុងករណីនេះ គឺក្រសួងអាចអន្តរាគមន៍ លុះត្រាតែមានសំណូមពរចាំបាច់តែប៉ុណ្ណោះ។

ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា “ការបាត់បង់ធនធានធម្មជាតិ កន្លងមកមានហេតុផលជាច្រើន ដូចដែលខ្ញុំបានគូសបញ្ជាក់នៅ ក្នុងសេចក្តីប្រកាសព័ត៌មានរួចហើយ ព្រោះជាលក្ខណៈសត្យានុមត្តិ មិនមែនក្រសួងមិនបានធ្វើនិងដោះស្រាយនោះទេ ព្រោះអ្វីៗបានផ្តើមចេញពីដំណើរ នៃការរីកលូតលាស់នៃវិស័យសេដ្ឋកិច្ចជាតិ សង្គម កំណើនទីក្រុងនិងប្រជាជន ការកកស្ទះដីល្បាប់តាម បណ្តាផ្លូវទឹក និងបណ្តាព្រែកនានា នៅតាមដងទន្លេជាដើម។ ដោយឡែកការធ្វើវារីវប្បកម្មរបស់ យើងនាពេលបច្ចុប្បន្នគឺស្ថិតនៅរាយប៉ាយ ខ្វះទុន ខ្វះប្រភពទឹក ការចិញ្ចឹមមិនបានដាក់ ចេញនូវការចិញ្ចឹមជាលក្ខណៈបណ្តាក់តគ្នាបានល្អនោះទេ ហើយការប្រមូលផលជួបការលំបាក ត្រូវប្រើពេលយូរចេញ ពីខេត្តមួយទៅខេត្តមួយ ដែលត្រូវការពេល វេលាច្រើន ដើម្បីប្រមូលធ្វើការផ្គត់ផ្គង់ទីផ្សារ និងការដឹកជញ្ជូន មកកាន់ទីផ្សារចែកចាយ”។

នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលយើងបាននិងកំពុងពិនិត្យ និងដោះស្រាយជា លក្ខណៈអន្តរក្រសួងជាបណ្តើរៗ ក្នុងនេះមានក្រសួង និងស្ថាប័ន ចំនួន ៧ ដែលមានការជាប់ទាក់ទងទៅនឹង៖
1) គោលនយោបាយនៃការត្រួតពិនិត្យ និងការបង់ពន្ធនៃការនាំចូល,
2) ការគ្រប់គ្រងទីផ្សារ និងការធ្វើពាណិជ្ជកម្មក្នុងនិងក្រៅស្រុក,
3) ការគ្រប់គ្រងធនធានទឹក រួមទាំងព្រែក ស្ទឹង បឹងបួរ និងបឹងទន្លេសាប ហើយនឹងផ្គត់ផ្គង់ទឹកក្នុងការធ្វើវារីវប្បកម្ម,
4) ការជួយគាំទ្រ និងការលើកទឹកចិត្ត ក្នុងការកែឆ្នៃផលិតផលជលផល និងចំណី ប្រកបដោយការប្រគួត ប្រជែងជាមួយប្រទេសជិតខាង
5) ការផ្តល់ឥណទាននិង
6) ការជួយគាំទ្រពីអាជ្ញាធរដែនដល់ ការជួយគាំទ្រសកម្មភាពនានា នៅនឹងមូលដ្ឋានផងដែរ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានមានប្រសាសន៍ថា បើទោះបីកម្ពុជាជួបបញ្ ហាប្រឈមមួយចំនួន ដែលនៅសេសសល់ទាក់ទង ទៅនឹងការធ្វើវារីវប្បកម្ម និងបញ្ហាទីផ្សារយ៉ាងណាក៏ដោយ ក៏ការធ្វើវារីវប្បកម្មនៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ (២០១៥-២០២០)បានប្រព្រឹត្តទៅ ទទួលបានវឌ្ឍនភាព ដោយមានសន្ទុះគួរឱ្យកត់សម្គាល់ ដែលទិន្នផលវារីវប្បកម្មប្រមូលប្រចាំឆ្នាំ៖
 ២០១៥ ទទួលបាន ១៤៣ ១៤១ តោន
 ២០១៦ ទទួលបាន ១៧២ ៥០០ តោន
 ២០១៧ ទទួលបាន ២០៧ ៤៤៣ តោន
 ២០១៨ ទទួលបាន ២៥៤ ០៤៨ តោន
 ២០១៩ ទទួលបាន ៣០៧ ៤០៨ តោន
(មានកំណើនទិន្នផលវារីវប្បកម្មប្រចាំឆ្នាំជាមធ្យម ២០,៦% ចាប់ពីឆ្នាំ២០១៥-២០១៩) និង
 នៅឆ្នាំ២០២០ កើនឡើងដល់ ៤០០ ៤០០ តោន មានកំណើន ៣០% ធៀបទៅនឹងឆ្នាំ២០១៩។

កំណើនឡើងជាលំដាប់នៃទិន្នផលវារីវប្បកម្មនេះ ដោយសារតែមានការ ចាប់អារម្មណ៍ និងចូលរួមយ៉ាងសកម្មពី សំណាក់ក្រសួងពាក់ព័ន្ធ និងបងប្អូនវារីវប្បករកម្ពុជាយើង គួបផ្សំនឹងការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ទាំងបច្ចេកទេស និងទុនជាប្រាក់កម្ចី និងថវិកាពីដៃគូអភិវឌ្ឍន៍អន្តរជាតិនានា ផងដែរចំពោះសកម្មភាព អភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា។
បន្ថែមលើសពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំនូវវិធានការគោលនយោបាយ ជំរុញវារីវប្បកម្មឆ្នាំ២០២១-២០២៣ ក្នុងគោលបំណងបងើ្កន ផលិតភាពវារីវប្បកម្មឱ្យមាន ការប្រកួតប្រជែង បរិយាប័ន្ន និងនិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង