ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាលប្រកាស ដាក់ឲ្យប្រើប្រាស់ នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ

87

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញប្រកាសដាក់ឲ្យប្រើប្រាស់ នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ។

បើតាមប្រកាសនៅថ្ងៃទី២០ ខែមិថុនានេះក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា ត្រូវបានដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ ដែលជាឧបសម្ព័ន្ធនៃប្រកាសនេះ ជាជំហានដំបូងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្រសួងបន្តថា ការដាក់ឲ្យដំណើរការការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ សម្រាប់ភូមិសាស្ត្រខេត្តផ្សេងទៀត ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសុខាភិបាល នៅពេលក្រោយ ផ្អែកតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តនីមួយៗ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ អន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានឲ្យដឹងថាស នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ បាន រៀបចំឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នីតិវិធីប្រតិបត្តិស្តង់ដារកំណែលើកទី២នេះ ត្រូវបានពិនិត្យ និងធ្វើការកែសម្រួលទៅលើចំណុច សំខាន់ៗមួយចំនួន ដែលត្រូវយកទៅអនុវត្តជាក់ស្ដែងដូចជា៖ (១) ការទទួលខុសត្រូវរបស់អ្នកជំងឺកូវីដ ១៩ ផ្តោតទៅលើការធ្វើអនាម័យ ការទុកដាក់សំណល់ពីការប្រើប្រាស់របស់អ្នកជំងឺ និងកិច្ចសន្យាយល់ព្រម ធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះ (២) ការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេសការ បែងចែកឱសថព្យាបាលរោគសញ្ញាដល់អ្នកជំងឺកូវីដ-១៩ ទៅតាមការចាំបាច់ តាមរយៈការជូនដំណឹងពី គ្រូពេទ្យទទួលបន្ទុកព្យាបាល (៣) ការទទួលខុសត្រូវរបស់មន្ទីរសុខាភិបាល ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ និងក្រុមគ្រូពេទ្យព្យាបាល ដោយបង្ហាញពីរចនាសម្ព័ន្ធនៃការថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩ និងមធ្យោបាយក្នុងការតាមដានអ្នកជំងឺ ការកត់ត្រាព័ត៌មានរបស់អ្នកជំងឺ និងការរាយការណ៍ប្រចាំថ្ងៃ (៤) រំហូរនៃការកំណត់ការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ (៥) លក្ខខណ្ឌបញ្ចប់ការព្យាបាលជំងឺកូវីដ ១៩ សម្រាកព្យាបាលនៅផ្ទះ (៦) ការតាមដាន និងវាយតម្លៃការងារប្រតិបត្តិរបស់ក្រុមគ្រូពេទ្យព្យាបាល និង(៧) គំរូឯកសារដែលត្រូវប្រើប្រាស់ក្នុងការគ្រប់គ្រងអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះ រួមទាំង កិច្ចសន្យាយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះ។

ក្នុងនាមក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ អន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមថ្លែងអំណរគុណក្រុមការងារបច្ចេកទេស ដែលមានសមាសភាពមកពី ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការពារជាតិ ដែលបានចូលរួមរៀបចំជានីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដ៏មាន សារៈសំខាន់នេះឡើង។ ក្រសួងសុខាភិបាលសង្ឃឹមយ៉ាងមុតមាំចំពោះកិច្ចសហការដ៏ល្អ នៅគ្រប់មូល ដ្ឋានសុខាភិបាល ក្នុងការអនុវត្តនីតិវិធីស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅ តាមផ្ទះ។ ក្រសួងនឹងធ្វើការបណ្តុះបណ្តាលដល់គ្រូបង្គោលនៃមន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំងអស់ ដើម្បីបណ្តុះបណ្តាលបន្តដល់មន្ត្រី-បុគ្គលិក និងក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានរៀងៗខ្លួន។

ជំងឺកូវីដ-១៩ គឺជាជំងឺឆ្លងរាលដាលថ្មី ដែលបណ្តាលឲ្យមានបណ្ដុំរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ (SARS-CoV-2)។ ចាប់តាំងពីការលេចចេញនូវជំងឺនេះនៅចុងឆ្នាំ២០១៩ វីរុសនេះបានរីករាលដាល យ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក ដែលបណ្តាលឱ្យមានអត្រាមរណភាព និងអត្រាជំងឺកើនឡើងយ៉ាង ខ្លាំងគួរឱ្យកត់សម្គាល់ ហើយបណ្តាលឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែការ ប៉ាន់ប្រមាណនាពេលបច្ចុប្បន្ន ករណីស្លាប់ដោយជំងឺកូវីដ-១៩ ស្ថិតនៅចន្លោះ ០,៦% – ៣,៤% ។ ការប៉ាន់ ប្រមាណទាំងនេះ នឹងផ្លាស់ប្តូរនៅពេលទិន្នន័យទាំងនោះរាប់បញ្ចូលអ្នកជំងឺស្រាល និងអ្នកគ្មានរោគសញ្ញា ទាំងអស់។ បទពិសោធន៍នៃបណ្តាប្រទេសជាច្រើនបានជ្រើសរើសយកការព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ ហើយអង្គការសុខភាពពិភពលោក (WHO) ក៏បានណែនាំសម្រាប់ថែទាំអ្នកជំងឺកូវីដ-១៩ ក្នុងកម្រិតស្រាល ដែលអាចដាក់ឱ្យនៅដាច់ដោយឡែកព្យាបាលនៅតាមផ្ទះ ដើម្បីកាត់បន្ថយបន្ទុករបស់ប្រព័ន្ធសុខាភិបាល។

តាមការប៉ាន់ស្មាននៅក្នុងប្រទេសកម្ពុជា បញ្ជាក់ថាមានអ្នកជំងឺកូវីដ-១៩ ចំនួន ៨០% ស្ថិតក្នុង កម្រិតគ្មានរោគសញ្ញា និងកម្រិតស្រាល ដូច្នេះ អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលគ្មានកត្តាប្រឈមអាចទទួល ការព្យាបាលនៅតាមផ្ទះ ក្រោមការគ្រប់គ្រង ថែទាំ និងព្យាបាលជាប់ជាប្រចាំដោយមន្ត្រី-បុគ្គលិកសុខាភិបាល និងអ្នកស្ម័គ្រចិត្ត ដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវដើម្បីអនុវត្តនៅតាមមូលដ្ឋាន និងតាមការវាយ តម្លៃផ្ទះរបស់អ្នកជំងឺឲ្យបានហ្មត់ចត់ជាមុនពីមន្ត្រី-បុគ្គលិកពាក់ព័ន្ធ។ ជាមួយគ្នានេះ ដើម្បីកាត់បន្ថយការចម្លង ជំងឺកូដ-១៩ ទៅសមាជិកគ្រួសារ ឬសហគមន៍ អ្នកជំងឺកូវីដ-១៩ សមាជិកគ្រួសារ មន្ត្រីសុខាភិបាល និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តគោលការណ៍ការបង្ការ និងត្រួតពិនិត្យការចម្លងរោគឱ្យបានខ្ជាប់ខ្ជួន។

នីតិវិធីប្រតិបត្តិស្តង់ដារនេះជាការណែនាំគ្រឹះសម្រាប់ការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គោលបំណងនៃនីតិវិធីប្រតិបត្តិស្ដង់ដារនេះ គឺដើម្បីកំណត់ពីគោលការណ៍ និងនីតិវិធីសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ គ្មានរោគសញ្ញា និងកម្រិតស្រាល។
នីតិវិធីប្រតិបត្តិស្តង់ដារមានវិសាលភាព អនុវត្តដោយមន្ត្រីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ភិបាលនិងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងអ្នកជំងឺកូវីដ-១៩ ក្រុមគ្រួសារ និងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង