ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វឌ្ឍនភាពនៃគម្រោង សាងសង់ផ្លូវ ល្បឿនលឿន-ភ្នំពេញព្រះសីហនុ សម្រេចបាន ៥៥,០៥% ហើយ

131

 

ភ្នំពេញ៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ លោក ជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា និងឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំគណៈប្រតិភូចំរុះចុះបំពេញបេសកកម្មពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន សាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។

គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដំណើរការសាងសង់សម្រេចបាន ៥៥,០៥% ហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២ ០១៩លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥ កន្លែង ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុគឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារ កម្មផងដែរ។

គួរកត់សម្គាល់ថា៖ ក្រុមហ៊ុនបានដាក់ចេញគោលដៅទាំង៧លើការទទួលខុសត្រូវផ្នែកសង្គមអ្នក វិនិយោគ (Corporate Social Responsibility)ដើម្បីគ្រប់គ្រងគម្រោងគឺ៖ សុវត្ថិភាព គុណភាព ប្រសិទ្ធភាព នវានុវត្តន៍ ការដ្ឋានសាងសង់ឆ្លាតវៃ ការការពារបរិស្ថាន និងការយកចិត្តទុកដាក់ចំពោះធន ធានមនុស្ស៖-
១) គុណភាព និង
២) សុវត្ថិភាព៖ គុណភាព និងសុវត្ថិភាពគឺជាបេះដូងរបស់គម្រោង។ ប្រព័ន្ធគ្រប់គ្រងនិងស្តង់ដារ ការងារ ដែលមានគុណភាពខ្ពស់ ព្រមទាំងផ្តោតលើប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ គុណភាព និងប្រើប្រាស់ បច្ចេកវិទ្យាទំនើបៗ
៣) ប្រសិទ្ធភាព៖ គម្រោងបានកំពុងប្រើប្រាស់ផែនការរួមមួយ ព្រមទាំងបានប្រើប្រាស់នូវវិធីសាស្រ្តដែល មានលក្ខណៈវិទ្យាសាស្រ្ត និងការប្រើប្រាស់ធនធានល្អៗ
៤) ការការពារបរិស្ថាន៖ ជាមួយការអភិវឌ្ឍប្រកបដោយចីរភាព ដោយប្រើប្រាស់បច្ចេកវិទ្យា និងសម្ភារ នានា ដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន
៥)ឱកាសការងារ៖ ពលរដ្ឋកម្ពុជាចំនួន ៣ ២៣៩នាក់ កំពុងបម្រើ ការងារក្នុងគម្រោងស្មើនឹង៧៨%នៃ កម្លាំងពលកម្មសរុប៤ ១៥៣នាក់ (ចិន៩១៤នាក់)
៦) ការផ្ទេរនូវបច្ចេកវិទ្យា៖ កំណត់ចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍ នាំយកនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីសាងសង់បណ្តុះបណ្តាលជំនាញ និងផ្ទេរបច្ចេកវិទ្យាថ្មីៗ ជូនប្រជាពលរដ្ឋកម្ពុជា
៧) សុខុមាលភាពសាធារណៈ៖ ក្រុមហ៊ុនគោរពនូវវប្បធម៌របស់ម្ចាស់ប្រទេស និងយកចិត្តទុកដាក់ចំពោះ សុខមាលភាពសាធារណៈ និងគាំទ្រជានិច្ចចំពោះការអប់រំ និងបានត្រៀមខ្លួនចូលរួមចំណែកកសាងនូវ សង្គម និងសហគមន៍។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ យើងកសាងផ្លូវល្បឿនលឿនដោយសារសេដ្ឋកិច្ចជាតិមានការរីកចម្រើន ហើយសេដ្ឋកិច្ចមានការរីក ចម្រើន គឺដោយសារកត្តាសុខសន្តិភាព បើគ្មានសុខសន្តិភាពទេ យើងមិនអាចឈរនៅទីនេះមើល ការងារសាងសង់ផ្លូវល្បឿនលឿនបានទេ ដូច្នេះកត្តាសុខសន្តិភាពជាកត្តាដ៏សំខាន់បំផុតមិនអាចកាត់ ថ្លៃបាន ហើយយើងគ្រប់រូបត្រូវរួបរួមគ្នា សាមគ្គីគ្នា ការពារសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឱ្យបានជាដាច់ខាត ដើម្បីកសាងប្រទេសជាតិ មាតុភូមិយើងឱ្យបានរុងរឿងថែមទៀត។
ជាមួយគ្នានេះផងដែរ លោកជំទាវ និន សាផុន បានសម្តែងនូវមោទនភាពយ៉ាងក្រៃលែងដែលបានឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សនូវផ្លូវល្បឿនលឿនដែលជាផ្លូវទីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ជាផ្លូវដែល មានដំណើរទិសពីរាជធានីភ្នំពេញទៅកាន់កំពង់ផែសមុទ្ររបស់យើង និងបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងបំពេញការងារធ្វើឱ្យផ្លូវល្បឿនលឿន ទីមួយនេះលេចជារូបរាងឡើង។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួង សុខាភិបាល តាមរយៈលោកជំទាវ ឱ វណ្ណឌីន ដែលបានអនុញ្ញាតឱ្យកម្មករ កម្មការិនីនៃគម្រោងសាង សង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុប្រមាណជាង ២ ៧០០នាក់ ស្មើនឹង៦៦% បានចាក់វ៉ាក់សាំង ដូសទីពីរ ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុពន្លឿនការងារសាងសង់របស់ខ្លួនឱ្យបានចប់សព្វគ្រប់នៅខែកញ្ញា ឆ្នាំ២០២២ និងបានសំណូមពរឱ្យក្រុមហ៊ុនពិនិត្យ លទ្ធភាពអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ដើម្បីបានស្វែងយល់ពីផ្លូវនេះ។

ឆ្លើយតបទៅកាន់សំណួររបស់បងប្អូនប្រជាពលរដ្ឋដែលលើកឡើងក្នុងទំព័រហ្វេសប៊ុកក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ផ្លូវនេះមានរបងបិទជិតសងខាងផ្លូវ គោក្របីមិនឆ្លងកាត់បាន ទេ និងអាចបើកបានក្នុងល្បឿន១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលវេលាធ្វើដំណើរប្រមាណ ពីរម៉ោងអាចទៅដល់ក្រុងព្រះសីហនុ និងសាងសង់តាមលក្ខណៈបច្ចេកទេស។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន សូមកុំ ដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ និងបានសំណូមពរឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់គោរព ច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបច្ចុប្បន្នធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ៣៥០ដុល្លារអាមេរិកក្នុងមួយឆ្នាំ និងសូមចូលរួមទាំងអស់ គ្នាក្នុងការថែរក្សាផ្លូវថ្នល់របស់យើងឱ្យបានគង់វង្សដើម្បីកាត់បន្ថយការចំណាយថវិការបស់រដ្ឋាភិបាល ដែលរកបានដោយលំបាក៕

អត្ថបទដែលជាប់ទាក់ទង