ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្ដព្រះសីហនុ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជិត ៣០នាក់

31

ព្រះសីហនុ: វិបត្ដិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា រកឃើញអ្នកឆ្លងថ្មី ៧៣៥នាក់ទៀត ក្នុងនោះជាសះស្បើយ ៥១៤នាក់ និងស្លាប់ ១០នាក់ (ករណីឆ្លងសហគមន៍ ៧០៨នាក់ និងអ្នកដំណើរពីបរទេស ២៧នាក់)។ គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ (អ្នកវិជ្ជមាន) សរុបចំនួន ៤៣.៤៤៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៨.០០៣នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ៤៤១នាក់។ ដោយឡែកខេត្ដព្រះសីហនុ ក៍មិនខុសពីរាជធានី-ខេត្ដ ដទៃទៀតដែរ គឺមានចំនួនអ្នកឆ្លង អ្នកជាសះស្បើយ និងអ្នកស្លាប់នៅតែមានជាបន្តបន្ទាប់ រហូតធ្វើឱ្យរដ្ឋបាលខេត្ដនៅតែបន្ដដាក់ជា “តំបន់លឿង” សម្រាប់ភូមិសាស្ដ្រផ្នែកមួយ ចំនួនក្រុង ស្រុក នៃខេត្ដព្រះសីហនុ និងបន្ដវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់ឱ្យដឹងថា លទ្ធផលប្រតិបត្តិការលើព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ខេត្ដព្រះសីហនុ មានអ្នកឆ្លងជំងឺកូវីដ-១៩ (អ្នកវិជ្ជមាន) ៤.៦១៨នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបទាំអស់ចំនួន ៤.២០៤នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ២៧នាក់ (ជនជាតិខ្មែរទាំងអស់) ព្រមទាំងអ្នកជំងឺនៅសល់ ៣៨៧នាក់ ត្រូវបានបន្ដដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ និងកន្លែងព្យាបាលក្រុងព្រះសីហនុ។ ក្រុមការងារជួរមុខរបស់រដ្ឋបាលខេត្ដ ប្រតិបត្តិការយកសំណាកសម្រាប់ PCR TEST បានសរុបចំនួន ៨១១នាក់ និងយក សំណាកសម្រាប់ RAPID TEST បានសរុបចំនួន ៧១.៩៣៩នាក់។
លោក បន្ដថា រដ្ឋបាលខេត្ដ បន្ដដាក់ចេញវិធានការ រួមមាន៖ ចេញសេចក្តីសម្រេចស្តីពីការបន្តដាក់ជា “តំបន់លឿង” ចំពោះ ភូមិសាស្ត្រមួយផ្នែកនៃក្រុងព្រះសីហនុ និងភូមិសាស្ត្រមួយផ្នែកនៃស្រុកព្រៃនប់ និងដាក់ចេញវិធានការរដ្ឋបាល សម្រាប់ ភូមិសាស្រ្តខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល ១៤ថ្ងៃបន្ត (ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។ ក្រុមកាងារ បន្តស្រាវជ្រាវ និងអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធឱ្យស្ម័គ្រចិត្តមក យកវត្ថុសំណាក និងធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ចំណែកឯយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រុមការងារ បានចាក់ជូនពលរដ្ឋលើទី១ សរុបចំនួន ៤៦.២០៥នាក់ និងចាក់លើកទី២ សរុបចំនួន ២៩.២១៧នាក់៕

អត្ថបទដែលជាប់ទាក់ទង