ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលការចែកចាយព័ត៌មានមិនពិតថា នគរបាលនឹងផាកពិន័យដល់ផ្ទះចំពោះអ្នកល្មើសច្បាប់ចរាចរណ៍

203

 

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលការចែកចាយព័ត៌មានមិនពិត ពាក់ព័ន្ធការលើកឡើងថា នគរបាលនឹងបញ្ជូនបង្កាន់ដៃពិន័យដល់ផ្ទះ ចំពោះអ្នកដែលល្មើសច្បាប់ចរាចរណ៍។

ការចេញមកច្រានចោលបែបនេះ របស់ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានព័ត៌មានបង្ហោះផ្សព្វផ្សាយលើបណ្ដាញសង្គម Facebook និងមានការចែករំលែកជាបន្តបន្ទាប់ ក៏ដូចជាមានការចូលរួមលើកយោបល់ពីមហាជន ក្នុងនោះការលើកយោបល់ខ្លះបង្កឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាល និងស្ថាប័នអនុវត្តច្បាប់ផងដែរ។

ដើម្បីចៀសវាងមហាជនមានការភាន់ច្រឡំ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលការងារនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា «បច្ចុប្បន្ននេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ពុំទាន់មានគោលការណ៍អនុញ្ញាតពីថ្នាក់ដឹកនាំ ឬគោលការណ៍ច្បាប់ ដែលជាមូលដ្ឋានសម្រាប់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដល់ផ្ទះប្រជាពលរដ្ឋនោះឡើយ»។

ដោយឡែក ផ្អែកតាមការស្រាវជ្រាវបឋមរកឃើញថា គេហទំព័របណ្ដាញសង្គមឈ្មោះ «Policeប៉ូលិស» ពុំស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិនោះឡើយ។ ដូចនេះ មាតិកាព័ត៌មានដែលបានបង្ហោះផ្សព្វផ្សាយខាងលើ ជាព័ត៌មានក្លែងក្លាយ បំពុលបរិយាកាសសង្គម សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម សូមកុំមានការភាន់ច្រឡំ និងសូមទទួលជ្រាបជាព័ត៌មានច្បាស់ការ៕

អត្ថបទដែលជាប់ទាក់ទង