ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាស​លទ្ធផល នៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ដូមីនិក រ៉ាអាប់ រដ្ឋមន្រ្តីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នៅកម្ពុជា

137

ភ្នំពេញ៖ ក្រសួង​ការបរទេស​ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃ ទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

ថ្ងៃនេះនៅប្រទេសកម្ពុជា រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោក Dominic Raab មានសេចក្តីរីករាយដែល បានជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស ឯកឧត្តម ប្រាក់សុខុន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិរវាង ចក្រភពអង់គ្លេស និង ឥណ្ឌូប៉ាស៊ីហ្វិក ជុំវិញអាទិភាពរួមដែលរួមមាន ពាណិជ្ជកម្ម ភាពប្រសើរឡើងវិញពីស្ថានភាពកូវីដ សិទ្ធិមនុស្ស និង អំពីប្រទេសមីយ៉ាន់ម៉ា។

ចក្រភពអង់គ្លេសទន្ទឹងរង់ចាំក្នុងការធ្វើការយ៉ាងជិតដិតជាមួយកម្ពុជា នាពេលខាងមុខ ក្នុងអំឡុងពេលប្រទេសកម្ពុជា ជាប្រធានកិច្ចប្រជុំអាស៊ាន ក្នុងឆ្នាំ២០២២ ។

តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីជំរុញ និងពង្រឹងបន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម ដូមីនិក រ៉ាអាប់ បានជួបប្រជុំផ្លូវការជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ឯកឧត្តមក៏បានអញ្ជើញទៅទស្សនាសារមន្ទីរ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា ផងដែរ ។

នៅក្នុងជំនួបទ្វេភាគី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តម ដូមីនិក រ៉ាអាប់ អំពី បញ្ហានយោបាយ សន្តិសុខ និងការអភិវឌ្ឍសង្គមនាពេលថ្មីៗនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលបានបន្ត ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់ប្រទេសកម្ពុជា និងសម្រាប់ជំនួយលើវិស័យអប់រំ ការ បោសសម្អាតមីន និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)។ រដ្ឋមន្ត្រីការបរទេស ទាំងពីរបានឯកភាពគ្នាលើសារៈសំខាន់នៃកិច្ចសន្ទនាអំពីបញ្ហាពាណិជ្ជកម្ម។ រដ្ឋមន្ត្រីការបរទេស ទាំងពីរបានចែករំលែកនូវគោលបំណងរួមក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង ទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅលើវិស័យមួយចំនួនសម្រាប់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ការបោសសំអាតមីន សុខាភិបាល និងបរិស្ថាន។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពលើភាពចាំបាច់ក្នុងការផ្សព្វផ្សាយអំពីឱកាសធុរកិច្ចនៅក្នុង ប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តដល់វិនិយោគិនចក្រភពអង់គ្លេសច្រើនថែមទៀតឱ្យធ្វើការជ្រើស រើសយកប្រទេសកម្ពុជាជាគោលដៅវិនិយោគ ដោយគិតពិចារណាទៅលើសក្តានុពលរបស់កម្ពុជា ដែលបានផលពីសារពើពន្ធ និងការលើកទឹកចិត្តផ្សេងៗ ក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មរសេរី។

អាស៊ាន (AFTA) ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ។ ក្នុងន័យនេះ ភាគី ទាំងពីរបានគិតគូរពិចារណាបង្កើតឱ្យមានអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការសម្រប សម្រួលពាណិជ្ជកម្ម (MoU on Trade Facilitation)។

នៅក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូន ឯកឧត្តម ដូមីនិក រ៉ាអាប់ អំពីការ ត្រៀមរៀបចំធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជា ដែលផ្តោតជាសំខាន់ទៅលើការលើក កម្ពស់មជ្ឍភាព និងឯកភាពអាស៊ាន ការពន្លឿនការស្តារឡើងវិញក្រោយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងការពង្រឹងសុខុមាលភាពសាធារណៈ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះ ចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅរបស់ចក្រភពអង់គ្លេសក្នុងការសុំបង្កើតភាពជាដៃគូសន្ទនាជាមួយ អាស៊ាន ហើយ ឯកឧត្តមបានបញ្ជាក់អំពីការគាំទ្ររបស់កម្ពុជាចំពោះសំណើសុំរបស់ចក្រភព អង់គ្លេស អាស្រ័យដោយចក្រភពអង់គ្លេសតែងតែមានទំនាក់ទំនងយ៉ាងសកម្មជាមួយអាស៊ាន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការចូលរួមវិភាគទានរបស់ចក្រភព អង់គ្លេសចំនួន ១លានផោន ដល់មូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ និងបានលើក ទឹកចិត្តឱ្យមានការគាំទ្របន្ថែមទៀតពីចក្រភពអង់គ្លេសដល់គំនិតផ្តួចផ្តើមផ្សេងៗទៀតរបស់អាស៊ាន ដើម្បីដោះស្រាយជំងឺរាតត្បាត។

រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមមាន សេចក្តីព្រាងក្រមប្រតិបត្តិរបស់បណ្តាភាគីនៅ សមុទ្រចិនខាងត្បូង កិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់ការវិលត្រឡប់ទៅរកប្រក្រតីភាពរបស់ប្រទេស មីយ៉ាន់ម៉ា និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយផ្តោតទៅលើការប្រើប្រាស់ ថាមពលកកើតឡើងវិញនិងមិនប៉ះពាល់ដល់ប្រព័ន្ធអេកូ និងបច្ចេកវិទ្យានានាដែលដើរតួនាទីដ៏សំខាន់។ ភ្ជាប់ជាមួយបញ្ហានេះ ឯកឧត្តម ប្រាក់ សុខុន បានប្រកាសថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម សន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) នៅទីក្រុង Glasgow ។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពបន្តធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធឡើង ទាំងនៅក្នុង ក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ ឯកឧត្តម ដូមីនិក រ៉ាអាប់ បានអះអាងជាថ្មីនូវការគាំទ្ររបស់ចក្រភព អង់គ្លេសសម្រាប់កិច្ចប្រជុំកំពូល ASEM13 ដែលនឹងរៀបចំដោយកម្ពុជា នៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់បដិសណ្ឋារកិច្ចដ៏ល្អ និង ការរៀបចំដ៏វិសេសវិសាលក្នុងអំឡុងពេលការស្នាក់នៅរបស់ ឯកឧត្តម នៅកម្ពុជា។ ឯកឧត្តម ដូមីនិក រ៉ាអាប់ គឺជារដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេសដំបូងគេបង្អស់ដែលអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង