ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វឌ្ឍនភាពនៃការអនុវត្ត គម្រោងអភិវឌ្ឍន៍ផលិតកម្មចិញ្ចឹមគោ តាមរយ:ការកែលម្អពូជ គឺមានមេគោក្នុងស្រុកចំនួន ៧ ៤២៣ក្បាល ត្រូវបានបង្កាត់

144

 

ភ្នំពេញ ៖ វឌ្ឍនភាពនៃការអនុវត្ត គម្រោងអភិវឌ្ឍន៍ផលិតកម្មចិញ្ចឹមគោ តាមរយ:ការកែលម្អពូជ ដោយធ្វើការជ្រើសរើស និងបង្កាត់ពូជតាមបែបសិប្បនិម្មិត គឺមានមេគោក្នុងស្រុកចំនួន ៧ ៤២៣ក្បាល ត្រូវបានបង្កាត់ ហើយក្នុងនោះមានមេចំនួន ៤ ៨៣៣ ក្បាល បានផ្តល់កំណើតកូន ដោយប្រើប្រាស់ពូជនាំចូល ហើយខេត្តដែលលេចធ្លោជាងគេគឺខេត្តពោធិ៍សាត់ បង្កាត់បាន ១ ៨៨៣ ក្បាល ដោយបានផ្តល់កំណើតកូនគោចំនួន ១ ៦៦១ក្បាល និង ខេត្តតាកែវ បង្កាត់បាន ១ ៨៨៣ ក្បាល បានផ្តល់កំណើតកូនគោបានចំនួន ១ ៦៦១ ក្បាល។

ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២១នេះក៏បានចេញរបាយការណ៍នៅលើ page facebook ផ្លូវការអំពីវឌ្ឍនភាពនៃការអនុវត្ត គម្រោងអភិវឌ្ឍន៍ផលិតកម្មចិញ្ចឹមគោ តាមរយ:ការកែលម្អពូជ ដោយធ្វើការជ្រើសរើស និងបង្កាត់ពូជតាមបែបសិប្បនិម្មិត ដែលគាំទ្រដោយទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (International Atomic Energy Agency, IAEA)។

ការបង្កាត់សិប្បនិម្មិតគោ-ក្របី (Artificial Insemination, AI) គឺជាបច្ចេកទេសមួយដែលត្រូវបានគេអនុវត្តជាសកលក្នុងឧស្សាហកម្មចិញ្ចឹមគោយកសាច់ និងទឹកដោះ ដោយសារបច្ចេកទេសនេះបានផ្តល់ផលប្រយោជន៍ជាច្រើនដូចជា៖ បង្កើនចំនួនសត្វបានច្រើន និងលឿន (កូនគោកើតមួយឆ្នាំ១ក្បាល) រីកសាយភាពពូជគោល្អបានទូលំទូលាយ សុវត្ថិភាពក្នុងអំឡុងពេលប្រតិបត្តិ កាត់បន្ថយ និងគ្រប់គ្រងការឆ្លងជំងឺសត្វ (ពីបា ទៅមេ) ការបង្កាត់មានប្រសិទ្ធភាព (អត្រាជាប់ខ្ពស់) ម្ចាស់សត្វអាចធ្វើកំណត់ហេតុបានច្បាស់ (ថ្ងៃបង្កាត់ និងថ្ងៃកើតកូន) កែលម្អពូជ និងសេនេទិកបានទូលំទូលាយ ចំណេញពេល និងងាយស្រួលក្នុងការដឹកជញ្ជូនទឹកមេជីវិត។

នៅឆ្នាំ២០០៦ ក្រោមជំនួយគាំទ្ររបស់សហភាពអឺរ៉ុប គម្រោងកម្មវិធីបង្កាត់សិប្បនិម្មិតគោ ក៏បានលេចចេញជារូបរាងដំបូងបំផុត នៅខេត្តពោធិ៍សាត់ បន្ទាប់មកទៀតនៅខេត្តតាកែវ និងបណ្តាខេត្តផ្សេងៗទៀតជាបន្តបន្ទាប់។ ក្នុងអំឡុងពេលនោះ កម្មវិធីបានប្រើប្រាស់ទឹកមេជីវិតបង្កកទិញ មកពីសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី ដូចជាពូជគោ ស៊ីមប្រា និងសាន់តា ពូជប្រាម៉ាន់ ពូជស៊ីម៉េនតែល លីមុយស៊ីន និងពូជនាំចូលពី ប្រទេសជិតខាងផងដែរ។ ទោះជាយ៉ាងណា ការអនុវត្តបច្ចេកទេស បង្កាត់សិប្បនិម្មិតនេះនៅមានកម្រិត ដោយសារខ្វះអ្នកបច្ចេកទេស និងសមត្ថភាពក៏នៅមានកម្រិត ខ្វះថវិកាក្នុងការផលិត ឬទិញទឹកអាហ្សូត (Nitrogen) និងថវិកាទិញទឹកមេជីវិតបង្កក (Frozen Semen) មកប្រើប្រាស់។

ដើម្បីធ្វើការកែលម្អពូជគោឲ្យស្របទៅតាមបរិបទ នៃផលិតកម្មចិញ្ចឹមគោយកសាច់ដែល បាននិងកំពុងមានសន្ទុះរីកចម្រើនគួរឲ្យកត់ សម្គាល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វជាសេនាធិការ បានស្នើសុំការគាំទ្រជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីទីភ្នាក់ងារ IAEA ជាពិសេសលទ្ធផលនៃការជួបសន្ទនា រវាងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ លោក Dazhu Yang អគ្គនាយករងនៃ ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ កាលពីថ្ងៃទី២៤ ខែវិច្ជិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងដោយបានផ្តោតជាសំខាន់ទៅលើ៖
1) ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម លើអនុវិស័យផលិតកម្មនិងបសុព្យាបាល ត្រួតពិនិត្យគុណភាពដី និងសុវត្ថិភាពចំណីអាហារ តាមរយៈការប្រើប្រាស់បច្ចេកទេសនុយក្លេអ៊ែរ។
 ជួយដល់វិទ្យាស្ថាន ស្រាវជ្រាវផលិតកម្មសត្វ លើការគ្រប់គ្រងថ្នាំសត្វ និងកាកសំណល់ថ្នាំសត្វតាមរយៈ ការប្រើប្រាស់បច្ចេកទេសវិទ្យុសកម្ម និងម៉ូលេគុលនិងបច្ចេកទេសបន្ថែមទៀត
 ជួយម៉ាស៊ីនផលិតទឹកនីត្រូស៊ែន ដើម្បីជម្រុញការអនុវត្ត កែច្នៃមេជីវិតគោ និងការបង្កាត់គោសិប្បនិម្អិត
2) ការផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសការផ្តល់នូវការបណ្តុះបណ្តាលដល់មន្រ្តីក្រសួងទាំងក្នុង និងក្រៅប្រទេស លើការប្រើប្រាស់ បច្ចេកទេសនុយក្លេអ៊ែ ។
3) ការពង្រីកបន្ថែមនូវការគាំទ្របច្ចេកទេសដល់មន្រ្តីរបស់ក្រសួង នៅកម្រិតថ្នាក់ខេត្ត ដើម្បីអាចអោយក្រសួងមានលទ្ធភាពផ្ទេរចំណេះដឹងពីការប្រើប្រាស់បច្ចេកទេសនុយក្លេអ៊ែរនេះ ទៅកាន់ប្រជាកសិករ ដោយផ្ទាល់បានឆាប់រហ័ស។
4) ការពិនិត្យលទ្ធភាពលើការរៀបចំជាសំណើ អាទិភាពមួយចំនួនបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ នៅក្នុងតំបន់ ក៏ដូចជាកម្រិតអន្តរជាតិ នាពេលខាងមុខ។

តបតាមសំណើររបស់ ក្រសួង ទីភ្នាក់ងារ IAEA បានឯកភាពផ្តល់ការគាំទ្រ លើគម្រោងស្តីពីការកែលម្អពូជគោ នៅកម្ពុជារយ:ពេល ៨ឆ្នាំ ជាបន្តបន្ទាប់។ តាមរយៈគម្រោងនេះ វិទ្យាស្ថានផលិតកម្មសត្វ ត្រូវបានបង្កើតមន្ទីរពិសោធន៍ កែច្នៃទឹកមេជីវិតគោ បង្កកកម្រិតអន្តរជាតិពេញលេញមួយឡើងនៅឆ្នាំ ២០១៩ ដែលជាមន្ទីរពិសោធន៍ លើកតំបូងនៅប្រទេសកម្ពុជា ដែលមានសមត្ថភាព កែច្នៃទឹកមេជីវិតគោ និងផលិតទឹកអាហ្សូត ដោយខ្លួនឯង បណ្តុះបណ្តាលបច្ចេកទេសបង្កាត់សិប្បនិម្មិតដល់មន្ត្រីពាក់ព័ន្ធ និងចែកចាយទឹកមេជីវិតបង្កក និងអនុវត្តការបង្កាត់ពូជគោ នៅបណ្តាខេត្តមួយចំនួនក្នុងនោះមាន៖ ខេត្តពោធិ៍សាត់ តាកែវ ព្រៃវែង កំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ លើសពីនេះវិទ្យាស្ថាន បានរៀបចំមន្ទីរពិសោធន៍សេនេទិចសត្វបន្ថែមទៀត។ ដោយយល់ឃើញថាគម្រោង បានផ្តល់សារប្រយោជន៍យ៉ាងច្រើន ដល់វិស័យផលិតកម្មចិញ្ចឹមគោ នៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត ទីភ្នាក់ងារ IAEA បានសន្យាថានឹងធ្វើការគាំទ្របន្តទៀត រហូតដល់ឆ្នាំ២០២២។

បច្ចុប្បន្នគម្រោងសម្រេច ទទួលបានលទ្ធផល គួរជាទីមោទន មានជាអាទិ៍៖ ធ្វើការផ្សព្វផ្សាយបច្ចេកទេស បានយ៉ាងទូលំទូលាយ បានអនុវត្តបច្ចេសទេស បង្កាត់សិប្បនិម្មិតគោឈានមុខគេ ដល់កសិករទៅតាមបណ្តាខេត្ត ដោយប្រើប្រាស់ទឹកមេជិវិតគោបង្កកនាំចូល និងកែច្នៃក្នុងស្រុក បញ្ជូនមន្ត្រីជំនាញទៅចូលរួម វគ្គបណ្តុះបណ្តាលបច្ចេកទេសបង្កាត់គោ ដោយសប្បនិម្មិតនៅបរទេសបានចំនួន ១១នាក់ និងបណ្តុះបណ្តាល មន្ត្រីជំនាញបន្តបាន ២១នាក់ ផលិត និងចែកចាយទឹកអាហ្សូត ដើម្បីរក្សាទឹកមេជីវិតបង្កក (៤០លីត្រ/ថ្ងៃ) ការបង្កើតមន្ទីរពិសោធន៍ កែច្នៃទឹកមេជីវិតគោបង្កកទំនើប មន្ទីរពិសោធន៍សេនេទិច និងរៀបចំឲ្យមានផ្នែក បង្កាត់សិប្បនិម្មិតគោទៅ តាមបណ្តាខេត្តមួយចំនួន។

ជាលទ្ធផល៖ មានមេគោក្នុងស្រុកចំនួន ៧ ៤២៣ក្បាល ត្រូវបានបង្កាត់ ហើយក្នុងនោះមានមេចំនួន ៤ ៨៣៣ ក្បាល បានផ្តល់កំណើតកូន ដោយប្រើប្រាស់ពូជនាំចូល ។ ខេត្តដែលលេចធ្លោ ជាងគេគឺខេត្តពោធិ៍សាត់ បង្កាត់បាន ១ ៨៨៣ ក្បាល ដោយបានផ្តល់កំណើតកូនគោចំនួន ១ ៦៦១ក្បាល និងខេត្តតាកែវ បង្កាត់បាន ១ ៨៨៣ ក្បាល បានផ្តល់កំណើតកូនគោបានចំនួន ១ ៦៦១ ក្បាល។

ទន្ទឹមនឹងនេះ វិទ្យាស្ថានផលិតទឹកមេជីវិត នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបង្កកមេជីវិតចំនួន ៥ ៥៦០ ដើម និងផលិតទឹកអាហ្សូត ហើយនិងចែកចាយ បានចំនួន ១០ ០០០លីត្រ។

ជាទិសដៅការងារបន្ត៖ ពង្រីកការងារផ្សព្វផ្សាយ បច្ចេកទេឲ្យបានទូលំទូលាយ (ការបង្កាត់ ការធ្វើឲ្យរកឈ្មោល ក្នុងពេលតែមួយ ការស្ទាប់មើលភាពផើម ការធ្វើអេកូ ការព្យាបាលជំងឺប្រដាប់បន្តពូជ) និងគ្រោងអនុវត្តបច្ចេកទេស Embryo-Transfer។ បង្កើនការយល់ដឹង អំពីសុខភាពគោ ផលប្រយោជន៍ នៃការបង្កាត់សិប្បនិម្មិត ការតាមដានសត្វរកឈ្មោល ពេលវេលាដែលត្រូវបង្កាត់ និងកើត)។ ពង្រឹងការកែច្នៃទឹកមេជីវិតគោ និងការវិភាគសេនទិច។ ពង្រឹងការកែច្នៃទឹកមេជីវិតគោ ការផលិតទឹកអាសូតនិង កៀរគររកជំនួយគាំទ្រតាមរយៈគម្រោងផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង