ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារពិភពលោក អនុម័តកញ្ចប់ឥណទាន ២០០លានដុល្លារ ដើម្បីជួយសង្រ្គោះជំងឺកូវីដ និងកសាងភាពធន់ទប់ទល់នឹងស្ថានភាព អង្រួនផ្នែកសេដ្ឋកិច្ចពេលអនាគតនៅកម្ពុជា

37

 

ភ្នំពេញ ៖ កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធទៅនឹងជំងឺកូវីដ១៩ ដែលកំពុងតែកើតមានឡើង និងការចាប់ផ្តើមឈានទៅស្តារសេដ្ឋកិច្ច ឲ្យងើបឡើងវិញ បានធ្វើឲ្យក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារពិភពលោក អនុម័តកញ្ចប់ឥណទាន មានតម្លៃទឹកប្រាក់ចំនួន២០០លានដុល្លារអាមេរិក របស់សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) ។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក (World Bank) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា គម្រោងនេះសម្រាប់គម្រោងរៀបចំគោលនយោបាយហិរញ្ញប្បទាន ដើម្បីជួយសង្គ្រោះការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា (Cambodia Relief, Recovery and Resilience Development Policy Financing Project/DPF)។

គម្រោងនេះនឹងជួយកម្ពុជា ក្នុងការដោះស្រាយវិបត្តិកូវីដ១៩ តាមរយៈកិច្ចអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា និងចំគោលដៅសម្រាប់ ពលរដ្ឋងាយរងគ្រោះ, ការសម្រួលឲ្យសេដ្ឋកិច្ចរើបឡើងវិញ ដោយស្វាហាប់តាមរយៈការកែទម្រង់ជារចនាសម្ព័ន្ធ និងការកសាងភាពធន់សម្រាប់ទប់ទល់ ទៅនឹងស្ថានភាពអង្រួន ផ្នែកសេដ្ឋកិច្ចនាពេលអនាគត។

ប្រទេសកម្ពុជា កំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងសង្គមដែលមិនធ្លាប់មាន។ ជាលើកដំបូងហើយ ក្នុងរយៈពេល៣០ឆ្នាំ ដែលសេដ្ឋកិច្ចនៃ ប្រទេសនេះ នៅក្នុងឆ្នាំ២០២០ បានរួញទំហំអស់ ៣.១ភាគរយ ហើយពេលនេះ កម្ពុជាកំពុងស្ថិតនៅកណ្តាល ស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ១៩ ចាប់តាំងពីមានការផ្ទុះឡើងនៃការរាតត្បាតជំងឺនេះដំបូងមក។

វិស័យដែលរងផល់ប៉ះពាល់ខ្លាំងបំផុតរួមមាន ផ្នែកកាត់ដេរ ទេសចរណ៍ និងសំណង់ ហើយវិស័យទាំងនេះ សុទ្ធតែបានផ្តល់ការងារច្រើនជាង គេនៅកម្ពុជា ដែលវាបានបង្កើត បន្ថែមនូវបញ្ហាប្រឈម សម្រាប់ការស្តារសេដ្ឋកិច្ចឲ្យមាននិរន្តភាពឡើងវិញ។ ខណៈដែលវិធានទប់ស្កាត់បញ្ហាប្រឈមសំខាន់ៗបំផុត នៅមិនទាន់មាន ការរាតត្បាតជំងឺនេះ អាចនឹងបណ្តាលឲ្យភាពអត់ការងារធ្វើ និងភាពក្រីក្រកាន់តែកើនឡើងថែមទៀត ដែលក្នុងនោះ ពលរដ្ឋជិតមួយលាននាក់ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះទៅក្នុងភាពក្រីក្រវិញ។

ដើម្បីប្រយុទ្ធប្រឆាំងនឹងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការឆ្លើយតបបន្ទាន់នានា ហើយបច្ចុប្បន្ន ក៏កំពុងតែរៀបចំផែនការ សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ (Post-COVID-19 Economic Recovery Plan) ផងដែរ។ គម្រោង DPF នេះ នឹងជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ស្ថានការណ៍អាក្រក់ណាមួយ ដែលកើតចេញពីការរាតត្បាតរបស់ជំងឺនេះ ដោយជួយទ្រទ្រង់ដល់ចំណាត់ការនានា ក្នុងការផ្តល់ជំនួយសង្គ្រោះផ្នែកហិរញ្ញវត្ថុដល់គ្រួសារ និងក្រុមហ៊ុនដែលរងផលប៉ះពាល់។

ចំណាត់ការទាំងនោះ រួមមានការធ្វើកំណែទម្រង់ដើម្បីកែលម្អបរិយាកាសធ្វើធុរកិច្ច ព្រមទាំងវិធានការ ដើម្បីពង្រឹងការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងសមត្ថភាពរបស់ស្ថាប័ន ប្រមូលចំណូលរបស់រដ្ឋ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «ច្បាស់ណាស់ ប្រទេសកម្ពុជាពិតជាត្រូវការធនធាន ដែលអាចយកទៅបញ្ចេញឲ្យបានរហ័ស សម្រាប់ទ្រទ្រង់ដល់កម្មវិធីគ្រប់ជ្រុងជ្រោយមួយរបស់រដ្ឋាភិបាល ដើម្បីការពារជនក្រីក្របំផុត ពីផលប៉ះទង្គិចរបស់វិបត្តិនេះ និងដើម្បីជួយដល់កិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសឲ្យងើបឡើងវិញ»។

គម្រោងនេះ ជាផ្នែកស្នូលមួយ នៃអន្តរាគមន៍ទូលំទូលាយមួយ របស់ធនាគារពិភពលោក ក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ ហើយក៏ជាផ្នែកមួយ នៃកញ្ចប់ប្រតិបត្តិការទ្រទ្រង់ថវិកាពីសំណាក់ដៃគូអភិវឌ្ឍន៍មួយចំនួនរបស់កម្ពុជា មានដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), សហភាពអឺរ៉ុប (EU), និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)៕

អត្ថបទដែលជាប់ទាក់ទង