ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រារព្ធទិវាអន្ដរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “ចែករំលែកព័ត៌មានពិត ពីគ្រោះថ្នាក់នៃគ្រឿងញៀន គឺជួយសង្គ្រោះជីវិត”

65

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១. ក្រោមប្រធានបទ “ចែករំលែកព័ត៌មានពិត ពីគ្រោះថ្នាក់នៃគ្រឿងញៀន គឺជួយសង្គ្រោះជីវិត “Share Facts on Drugs, Save Lives ” ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញា និងពិធីសារ របស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធនឹងគ្រឿងញៀន ទូលព្រះបង្គំ ខ្ញុំព្រះករុណា សូមសម្ដែងនូវ មនោសញ្ចេតនារីករាយ ចូលរួម និងគាំទ្រយ៉ាងពេញទំហឹងចំពោះខ្លឹមសារ និងការរៀបចំប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១. ក្រោមប្រធានបទ “ចែករំលែកព័ត៌មានពិត ពីគ្រោះថ្នាក់នៃគ្រឿងញៀន គឺជួយសង្គ្រោះជីវិត ” Share Facts on Drugs, Save Lives ” ក្នុងគោលបំណង បន្តបំផុសឱ្យជនគ្រប់រូបបង្កើនការឈ្វេងយល់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាយល់ដឹងអំពីសារៈសំខាន់ នៃការប្រើប្រាស់ចំណេះដឹង និងមានភស្តុតាងធ្វើជាមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការចូលរួមបង្ការ ទប់ស្កាត់ ព្យាបាល ដល់ជនដែលងាយនិងកំពុងរងគ្រោះដោយសារគ្រឿងញៀន និងចែករំលែកព័ត៌មានពិត ក្នុងការដោះស្រាយរាល់បញ្ហាដែល មានការពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងក្នុងកម្រិតបុគ្គល គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

ជនរួមជាតិទាំងអស់ពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ត ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមកម្មវិធីនយោបាយ ផែនការជាតិស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងស្ថានភាពជាក់ស្ដែងនៃបញ្ហាគ្រឿងញៀន ក៏ដូចជាបញ្ហាសង្គមផ្សេងៗទៀត ជាពិសេស នៅក្នុងស្ថានភាព ដ៏លំបាកបំផុតរបស់ប្រវត្តិសាស្ត្រទំនើបពិភពលោក ដែលទទួលរងដោយរោគរាតត្បាតជំងឺកូវីដ-១៩ ដែលបាន និងកំពុងបន្តជះឥទ្ធិពលជាវិបត្តិសុខភាពសាធារណៈ និងការបន្ទច់បង្អាក់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចសកលនិងបាន បង្កឱ្យប្រជាជនលើពិភពលោក រាប់លាននាក់បានបាត់បង់ជីវិត។

សម្រាប់ឆ្នាំ២០២១នេះ បើទោះបីជាសកលលោក ក៏ដូចជាប្រទេសជាតិយើងនៅតែបន្តទទួលរង ឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែសម្រេចបន្តរៀបចំប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងកម្រិតថ្នាក់ជាតិ ក្រោមប្រធានបទ “ គ្មានគ្រឿងញៀន និងគ្មានជំងឺកូវីដ-១៩ សហគមន៍មានសុវត្ថិភាព និងការអភិវឌ្ឍន៍ ក្នុងរូបភាពជាយុទ្ធនាការអប់រំតាម ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញទំនាក់ទំនងសង្គម និងការរៀបចំដុតបំផ្លាញគ្រឿងញៀន ដែលចាប់យកបានក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀននាពេលកន្លងមក។ ការបន្តរៀបចំប្រារព្ធទិវាអន្តរជាតិ និងលើកយកប្រធានបទ ថ្នាក់ជាតិបន្ថែមនេះ គឺដើម្បីបន្ដពញ្ញាក់ស្មារតីជនរួមជាតិទាំងអស់ ឱ្យយកចិត្តដាក់កាន់តែខ្លាំងថែមទៀត ក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ ព្យាបាល និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ហើយជាមួយគ្នានោះ ក៏ត្រូវយកចិត្តទុកដាក់ឱ្យបានជាប់ជាប្រចាំក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មកលើខ្លួនឯង មកលើក្រុមគ្រួសារ កន្លែងធ្វើការ និងសហគមន៍ដែលខ្លួនរស់នៅ ជាពិសេស ធ្វើឱ្យជនគ្រប់រូបចងចាំថា ការដោះស្រាយបាននូវបញ្ហាគ្រឿងញៀន និងការបង្ការកុំឱ្យមានការឆ្លងថ្មីនៃជំងឺ កូវីដ-១៩ គឺជាកត្តាដ៏សំខាន់ក្នុងការថែរក្សាសុខភាព សុវត្ថិភាព សន្តិសុខ និងបង្កើនការអភិវឌ្ឍសម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

ក្នុងពេលកន្លងមកនេះ ស្ថានភាពនៃការដាំដុះ ការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ទាំងនៅក្នុងតំបន់ និងសកលលោក រួមនិងការប្រើប្រាស់ សារធាតុញៀនថ្មីប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ នៅមិនមានសញ្ញាថយចុះនៅឡើយទេ ហើយបាននិងកំពុង រីករាលដាលគួរឱ្យព្រួយបារម្ភ។ ជាមួយគ្នានេះ ឥទ្ធិពលនៃការប្រណាំងប្រជែងនយោបាយ-សេដ្ឋកិច្ច របស់ប្រទេសមហាអំណាច នៅក្នុងនិងក្រៅតំបន់ ពិសេសវិបត្តិដែល ពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូរីដ-១៩ បានគំរាមកំហែង និងបង្កនូវផលលំបាក យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចជាសកល។ កត្តាទាំងអស់នេះបាននាំមកនូវផលប៉ះពាល់ អវិជ្ជមានដល់សុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកប ដោយចីរភាព របស់ប្រទេសនានានៅក្នុងពិភពលោក ដែលក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ។ ប៉ុន្តែទោះបីជា យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និង ប្រើប្រាស់គ្រប់លទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹង គ្រឿងញៀន ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ ជាក់ស្តែង យើងបានបន្តរឹតបន្តឹង និងលើកកម្ពស់ ការទទួលខុសត្រូវ ក្នុងការអនុវត្តឱ្យកាន់តែមាន ប្រសិទ្ធភាពនូវរាល់គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និង ផែនការសកម្មភាព
ដែលមានការពាក់ព័ន្ធ នឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ និងលើកទី៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញរហូតទទួល បានលទ្ធផលគួរជាទីមោទនៈ។ ជាការពិតវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មិនអាចឱ្យយើងធ្វើសកម្មភាព អប់រំផ្សព្វផ្សាយដោយផ្ទាល់ នៅតាមសហគមន៍បានច្រើនឡើយ ប៉ុន្តែយើងមិនបានបន្ថយ ឬបោះបង់សកម្មភាព ដ៏មានសារៈសំខាន់នេះឡើយ។ ផ្ទុយទៅវិញ ក្រសួង ស្ថាប័ន អង្គភាព និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត ក៏ដូចជាវិស័យសាសនា វិស័យឯកជន អង្គការ សមាគមជាតិ អន្តរជាតិជាដៃគូ និងបងប្អូន ជនរួមជាតិមួយចំនួនធំនៅតែបន្តខិតខំប្រឹងប្រែង ដោយបានប្រើប្រាស់វិធីសាស្ត្រថ្មីៗ ធ្វើការអប់រំផ្សព្វផ្សាយ និងចែករំលែកព័ត៌មានដែលជាប្រយោជន៍ ដល់ការលើកកម្ពស់ ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់ នៃគ្រឿងញៀន ក៏ដូចជាលើកកម្ពស់ ប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ ព្យាបាល និងដោះស្រាយរាល់ បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ដោយរួមទាំងបញ្ហាសង្គមផ្សេងៗ និងបញ្ហានៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ផងដែរ។ ជាមួយនោះដែរ អង្គភាពអនុវត្តច្បាប់គ្រប់ប្រភេទ និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ក៏បានបន្តនិងបង្កើនសកម្មភាពរដ្ឋបាល និងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់ការប៉ុនប៉ង កែច្នៃ ផលិត រក្សាទុក ជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់ទាំងមកពីខាងក្រៅ និងនៅផ្ទៃក្នុងប្រទេស។
ជាក់ស្ដែងបទល្មើស ពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន១០ ៤៦១ករណីត្រូវបានបង្ក្រាបក្នុងឆ្នាំ២០២០ គឺបង្ក្រាប បានច្រើនជាងឆ្នាំមុនប្រមាណ ៦,៧៩% ជនសង្ស័យដែល ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនចំនួន២១ ៥៦៦នាក់ ត្រូវបានឃាត់ខ្លួន គឺច្រើនជាងឆ្នាំមុនប្រមាណ៥,២៥% និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទបាន ៣ ៨៧៥គក្រ ៨៧៨ក្រ ដែលបរិមាណនេះ មានការកើនឡើងប្រមាណ៥១៦% បើប្រៀបធៀបទៅ នឹងបរិមាណដែលចាប់យក បានក្នុងឆ្នាំមុន។ ជាមួយគ្នានោះ យើងក៏នៅបានបន្តយ៉ាង សកម្មក្នុងការជួយសង្គ្រោះជនរងគ្រោះដោយសារ គ្រឿងញៀន ដោយផ្តល់ការព្យាបាល និងស្ដារនីតិសម្បទាដល់ពួកគាត់ទាំង នៅតាមសហគមន៍ និងនៅតាម មណ្ឌលបណ្តោះអាសន្នបានចំនួន ១៩ ៥៩៧ នាក់ រហូតធ្វើឱ្យពួកគេមួយចំនួនធំទទួលបានមកវិញនូវ សុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ចំណេះ និងជំនាញមួយចំនួន សម្រាប់ធ្វើជាមូលដ្ឋានក្នុងការប្រកបរបរ ចិញ្ចឹមជីវិត និងកសាងគ្រួសារមួយដ៏សមរម្យនៅក្នុងសង្គមជាតិ។ ​

លទ្ធផលដែលសម្រេចបានគួរជាទីមោទនៈ ទាំងនេះ គឺពិតជាមិនអាចកាត់ផ្តាច់បាន ពីការចូលរួមចំណែកយ៉ាង សកម្មរបស់បងប្អូន ជនរួមជាតិទាំងអស់ ដែលឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវអរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ តុលាការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន គណៈបញ្ជាការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រសួងសា្ថប័ន អង្គភាព ពាក់ព័ន្ធ និងគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនរាជធានី ខេត្ត ព្រមទាំងវិស័យឯកជន សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិជាដៃគូ ក៏ដូចជាបងប្អូន ជនរួមជាតិទាំងអស់ដែលបានផ្តល់នូវ ការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមយ៉ាងសកម្មផុលផុស ទាំងក្នុងពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ននេះ។

ទោះបីជាយើងសម្រេចបាននូវ លទ្ធផលគួរជាទីមោទនៈក៏ដោយ ក៏បញ្ហាគ្រឿងញៀននៅតែជាបញ្ហា សង្គមដ៏ស្មុគស្មាញមួយ ដែលបានគំរាមកំហែង ដល់សុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមរបស់យើង។ ដូច្នេះដើម្បីលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀតលើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងដំណាក់កាល នៃការឆ្លងរីករាលដាលជំងឺកវីដ-១៩ ឱ្យស្របតាមខ្លឹមសារនេះ ប្រធានបទដែល បានលើកឡើងសម្រាប់ឆ្នាំនេះ សម្តេចនាយករដ្ឋមន្រ្តី សូមធ្វើការណែនាំ និងអំពាវនាវ ដូចតទៅ៖

១- អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈបញ្ជាការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ព្រមទាំងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការប្រកបដោយ ការទទួលខុសត្រូវខ្ពស់ អនុវត្តឱ្យកាន់តែមាន ប្រសិទ្ធភាពទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន នូវផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៦ ដែលរាជរដ្ឋាភិបាលបាន ដាក់ចេញនាពេលកន្លងទៅនេះ។ ជាមួយនេះ ត្រូវធ្វើការដាស់តឿនក្រើនរំលឹក និងណែនាំមន្ត្រីប្រតិបត្តិរបស់ខ្លួន ឱ្យបានជាប្រចាំ ក្នុងការអនុវត្តការផ្លាស់ប្តូរ កែប្រែទម្លាប់ និងឥរិយាបថនៃការបំពេញ ភារកិច្ចឱ្យស្របទៅតាមរបត់ នៃការរស់នៅសកម្មភាព ធម្មតាតាមបែបគន្លងថ្មី (New Normal Life) ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩” ដោយ ប្រកាន់យកនូវវិធានការ ” ៣ការពារ ៣កុំ ” និងវិធានការសុខាភិបាល ផ្សេងៗទៀត ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងឈានទៅដល់ការកាត់ផ្តាច់ខ្សែចម្លង នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩នៅតាមកន្លង ធ្វើការមកលើខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍។

២- គណៈកម្មការទទួលបន្ទុក ផ្សព្វផ្សាយអប់រំ ត្រូវបន្តជំរុញដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្តទាំងអស់ រោងចក្រ សហគ្រាស ធ្វើការអប់រំផ្សព្វផ្សាយអំពី គ្រោះថ្នាក់ន គ្រឿងញៀនឱ្យស្រុះដៃគ្នា ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ក្នុងបរិបទជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តដឹកនាំ និងណែនាំដល់គ្រឹះស្ថាន អប់រំសិក្សាគ្រប់កម្រិត ឱ្យរកគ្រប់វិធីសាស្ត្រ ក្នុងការបន្ដផ្សព្វផ្សាយអប់រំ ទាំងលើបញ្ហាគ្រឿងញៀន និងបញ្ហានៃការឆ្លងរាលដាលជំងឺ កូវីដ-១៩ ឱ្យបានជាប្រចាំដល់សិស្ស និស្សិត ដើម្បីឱ្យពួកគេបាន យល់ដឹង និងមានមូលដ្ឋានគ្រប់គ្រាន់ក្នុង ការការពារខ្លួន និងបន្តផ្សព្វផ្សាយអប់រំ ដល់មិត្តភក្តិ ក្រុមគ្រួសារ និងអ្នកដទៃនៅក្នុងសហគមន៍។

៣- គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្តទាំងអស់ ត្រូវម្ចាស់ការ និងទទួលខុសត្រូវ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយនូវរាល់បញ្ ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ដោយ ប្រកាន់ឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តឱ្យមានប្រសិទ្ធភាព នូវទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន “ ៣កុំ ១រាយការណ៍ ដែលក្នុងនោះរួមមាន៖ ទី១) កុំពាក់ព័ន្ធ មានន័យថា កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ ទី២) កុំអន្តរាគមន៍ មានន័យថា កុំរារាំងការអនុវត្តច្បាប់ចំពោះ ឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិក៏ដោយ និងទី៣) គឺ កុំលើកលែងដែល មានន័យថា កុំបន្ធូរបន្ថយការអនុវត្តច្បាប់ ចំពោះឧក្រិដ្ឋជនគ្រឿងញៀន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្ត ច្បាប់ដោយម៉ឺងម៉ាត់និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់។ ឯ ១រាយការណ៍ គឺត្រូវរាយការណ៍ ផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ពីបញ្ហាគ្រឿងញៀន ដែលយើងបានដឹង។ ជាមួយនេះ ត្រូវបន្ត បំផុសឱ្យមាតាបិតា អាណាព្យាបាល យកចិត្តទុកដាក់ និងចូលរួមឱ្យកាន់តែ សកម្មថែមទៀតក្នុងការអប់រំកូន ចៅកុំឱ្យមានការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ឬអប់រំ ណែនាំ និងលើកទឹកចិត្តកូនចៅ ដែលពាក់ព័ន្ធ ឬញៀន គ្រឿងញៀនឱ្យបញ្ឈប់ និងទៅទទួលយក ការព្យាបាល និងស្តារនីតិសម្បទា ឱ្យបានទាន់ពេលវេលា។

៤- គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និង គណៈកម្មាធិការត្រួត ពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ត្រូវបន្តពង្រឹងសមត្ថភាព និងគុណភាពន ការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀន ទាំងនៅតាម មូលដ្ឋានសុខាភិបាល និងនៅតាម មណ្ឌលបណ្តោះអាសន្ន ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទា ដល់អ្នកញៀនគ្រឿងញៀន។ ជាមួយនេះ ក្នុងកាលៈទេសៈ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវគិតគូរ ឱ្យបានហ្មត់ចត់ និងរកវិធានការឱ្យបានត្រឹមត្រូវ ដើម្បីធានាប្រសិទ្ធភាព នៃការបង្ការ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ នៅតាមគោលដៅផ្តល់ សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀន។

៥- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការបង្កើន សមត្ថភាពមជ្ឈមណ្ឌលជាតិ ផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ ដើម្បីសម្រួលដល់ការផ្តល់ សេវាព្យាបាល និងស្តារនីតិសម្បទាឱ្យបានសមស្រប និង មានប្រសិទ្ធភាព ពិសេសដើម្បីបញ្ចៀសភាព ចង្អៀតណែនដែលអាច កើតមាននៅតាមមណ្ឌល បណ្តោះអាសន្ន នានា។ ពង្រឹងវិធានការ ៣ការពារ ៣កុំ និងវិធានការសុខាភិបាល ផ្សេងៗទៀតនៅតាម មណ្ឌលបណ្តោះអាសន្ន ទាំងអស់ និងត្រូវសហការ ជាមួយគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីទប់ស្កាត់នៃ ការរីករាលដាលជំងឺកូរីដ-១៩។

៦- ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការពង្រឹង និងពង្រីក បន្ថែមឱ្យបានទូលំទូលាយ នូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្នុងក្របខណ្ ឌទ្វេភាគី ពហុភាគី តំបន់ និង ជាសកល ដើម្បីទប់ស្កាត់ ការចរាចរ ជួញដូរគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង