ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វ ខ្លាលឿងមាស ជាប្រភេទ សត្វកម្រនៅលើពិភពលោក ឪឡូវមានវត្តមាននៅកម្ពុជា ហើយ

520

 

រតនៈគិរី៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា យោងតាមទិន្នន័យរូបភាពដែលមន្ត្រីជំនាញប្រមូលបានពីម៉ាស៊ីនថត ស្វ័យប្រវត្តិពីឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនៈគិរី មានវត្តមានសត្វខ្លាលឿងមាសដែលជាប្រភេទ សត្វខ្លាកម្រនៅលើពិភពលោក។
ខ្លាលឿងមាស ជាប្រភេទមំសា សត្វមាឌតូច ស្ថិតក្នុងត្រកូលខ្លាទាំង៨ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងបន្តមានវត្តមាន នៅក្នុងប្រទេសកម្ពុជា។ ខ្លាលឿងមាស ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតទទួលរងគ្រោះ នៅក្នុងបញ្ជីក្រហម IUCN និងចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញា CITES។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា យោងតាមទិន្នន័យរូបភាព និងលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់មន្ត្រីជំនាញនៃក្រសួង ប
រិស្ថាន ឧទ្យានជាតិវីរៈជ័យដែលជាឧទ្យានបេតិកភណ្ឌធម្មជាតិ អាស៊ានជាតំបន់ដែលសម្បូណ៌ជីវៈចម្រុះក្នុងនោះប្រភេទសត្វព្រៃជាច្រើនដែលជាប្រភេទសត្វកម្រ ត្រូវថតបានតាមរយៈ ម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សធម្មជាតិដីគោកខាងកើត ទន្លេមេគង្កនៃក្រសួងបរិស្ថាន បានដាក់រយៈពេល៣ ខែពីខែមីនាដល់ខែឧសភា ឆ្នាំ២០២១។
បើតាមលោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវ នៃនាយកដ្ឋានអភិរក្សធម្មជាតិ ដីគោកខាងកើតទន្លេមេគង្គ បានឱ្យដឹងថា ខ្លាលឿងមាសនេះមានទម្ងន់ប្រមាណ៩ ទៅ១៦ គីឡូក្រាម ហើយភាគច្រើនស៊ីពពួកសត្វដូចជាកំប្រុក កណ្តុរ កង្ហិច កង្ហែន សត្វស្លាប ល្មូន ក្តាន់ញ៉ែង ពពួកពានរ ហើយជួន កាលសត្វឈ្លូសក៏ជាចំណីរបស់វា។ ខ្លាលឿងមាសភាគច្រើន រស់នៅក្នុងព្រៃ ស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ លោកថា មិនមានការសិក្សាស្រាវជ្រាវច្រើនទេពីប្រភេទសត្វនេះ តែតាមការសិក្សាស្រាវជ្រាវ សត្វត្រកូលខ្លាទាំង៨ ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាមានខ្លាធំ ឬខ្លាដំបង ខ្លារខិន ខ្លាពពក ខ្លាត្រី ខ្លាលឿងមាស ខ្លាភ្ញីថ្មកែវ ឆ្មាព្រៃ និងឆ្មាដាវ។
ទាក់ទងនឹងកិច្ចការស្រាវជ្រាវប្រភេទសត្វព្រៃក្នុងតំបន់ការពារធម្មជាតិនេះ ត្រូវបាន លោក នេត្រ ភក្ត្រា ឱ្យដឹងថា វត្តមានខ្លាលឿងមាស ត្រូវបានកត់ត្រាតិចតួចបំផុត ព្រោះជាប្រភេទសត្វកម្រក្នុង ចំណោមត្រកូលសត្វខ្លាទាំង៨ប្រភេទ។ គេធ្លាប់ឃើញវត្តមានសត្វខ្លាលឿងមាសនៅក្នុង ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច និងក្នុងតំបន់ជួរភ្នំក្រវាញ ហើយចុង ក្រោយនេះ គឺសត្វខ្លាលឿងមាសដែលជាប្រភេទសត្វកម្រ បានរកឃើញនៅឧទ្យានជាតិវីរៈជ័យ ដែលបង្ហាញថាសត្វខ្លាលឿងមាស បន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង