ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លេខាធិការដ្ឋាន គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ រៀបចំការចុះពិនិត្យការដ្ឋាន ជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ

29

 

សៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដោយសារវិបត្តិជំងឺកូវីដជាសកល ចាប់ពីឆ្នាំ២០២០ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានខកខានរៀបចំកិច្ចប្រជុំឱ្យបានទៀងទាត់និងពេញលេញនោះទេ។
ការណ៍នេះ បណ្តាលឱ្យមានការរៀបចំ កិច្ចប្រជុំតាមរយៈប្រព័ន្ធអេឡិចត្រូនិច ហើយអ្នកជំនាញការចំពោះ កិច្ចនៃគណៈកម្មាធិការនេះ បានត្រឹមតែពិនិត្យ វាយតម្លៃអំពីការវិវត្តនៃគម្រោងដែលកំពុងអនុវត្តពីចម្ងាយប៉ុណ្ណោះ។

ដូចគ្នាដែរ នៅឆ្នាំ២០២១នេះ លេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ បានប្រើយន្តការបន្ថែមទៀត ដើម្បីជួយដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខ ទាក់ទងនឹងកិច្ចការមួយចំនួន ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់។
ជំនួសឱ្យមានអ្នកជំនាញ ការចំពោះកិច្ចដែលមានមូលដ្ឋាន នៅក្រៅប្រទេសកម្ពុជា លេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ បានអញ្ជើញអ្នកជំនាញការបរទេស ដែលកំពុងជួសជុលនៅតាម ការដ្ឋានប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យជួយផ្តល់យោបល់ទៅវិញ ទៅមកជាមួយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលកំពុងបំពេញភារកិច្ចនៅតាម ការដ្ឋាននានាជាច្រើនក្នុងរយៈពេលចុងក្រោយនេះ។

សូមបញ្ជាក់ថា លេខាធិការដ្ឋាន គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នឹងចុះពិនិត្យការដ្ឋាន ក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល២ថ្ងៃ គឺថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២១។ ក្រោយពីការចុះពិនិត្យរួចរាល់ លេខាធិការដ្ឋាន គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នឹងត្រូវធ្វើរបាយការណ៍រួម ដើម្បីដាក់ជូនទៅ គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ ដើម្បីត្រួតពិនិត្យ និងផ្តល់អនុសាសន៍បន្ត៕

អត្ថបទដែលជាប់ទាក់ទង