ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌច្បារអំពៅ ដាំដើមឈើ តាមផ្លូវជាតិលេខ១ មុខវត្តនិរោធរង្សី

128

 

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរបុណ្យ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌច្បារអំពៅ បានដាំដើមផ្កាសាគូរ៉ា នៅសួនច្បារមុខវត្តនិរោធរង្សី អោយមានសោភ័ណ្ឌភាព បរិស្ថានស្រស់ស្អាត ។
ពិធីដាំដើមឈើនៅតាមផ្លូវជាតិលេខ១ មុខវត្តនិរោធរង្សីនេះ បានធ្វើនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងមានការនិមន្តចូលរួមពីព្រះអគ្គញាណ ស្រេង សុខា ព្រះចៅអធិការវត្តនិរោធរង្សីព្រមទាំងព្រះសង្ឃជាច្រើនអង្គ លោក-លោកស្រី ជាអភិបាលរងខណ្ឌ កងកម្លាំងនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងយុវជនខណ្ឌ និងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀត ។
ក្នុងពិធីនេះដែរ លោកអភិបាលខណ្ឌបានជំរុញដល់អាជ្ញាធរសង្កាត់ ត្រូវយកចិត្តទុកដាក់ចូលរួមដាំដើមឈើគ្រប់ប្រភេទនៅតាមទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡាយទឹក ដងផ្លូវ និងនៅតាមទីសាធារណៈនានា ។ ការដាំដើមឈើនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោលបំណងជួយ ថែរក្សាបរិស្ថាន បង្កើន ទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់ សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជា ពលរដ្ឋ យើង ជាពិសេស គឺជួយកែប្រែបរិយាកាសធម្មជាតិនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត។ លើសពីនេះទៀតត្រូវនាំគ្នាថែទាំដើមឈើឱ្យរស់លូតលាស់ល្អ ហើយត្រូវជំរុញចលនា ប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែផងដែរ ឱ្យបានគ្រប់ទី កន្លែងទាំងអស់ដែលមាន ដីទំនេរសម្រាប់ ទុកជាគុណប្រយោជន៍របស់ខ្លួនយើង ក្រុមគ្រួសារយើង និងរបស់សង្គមជាតិយើង ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌ បានផ្ដាំផ្ញើដល់ មន្ត្រីសាលាខណ្ឌ គ្រប់ផ្នែក គ្រប់ការិយាល័យ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃគ្រប់អង្គ ត្រូវបន្ដយកចិត្តទុក ដាក់អនុវត្តតាម អនុសាសន៍ ដ៍ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣កុំ. ៣ការពារ និងគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ៕

   

អត្ថបទដែលជាប់ទាក់ទង