ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា

129

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ អញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។

កិច្ចប្រជុំនឹងធ្វើឡើងនៅវេលាម៉ោងប្រមាណ ៨៖៣០នាទី។ ទន្ទឹមនឹងកិច្ចប្រជុំនោះសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានការថ្លែងសារពិសេស ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាផងដែរ។ ការថ្លែងសារពិសេសនឹងមានការផ្សាយផ្ទាល់តាមស្ថានីយ៍ទូរទស្សនជាតិ ហើយក៏នឹងមានការផ្សាយបន្តផ្ទាល់ពីស្ថានីយទូរទស្សន៍ និងបណ្តាញផ្សព្វផ្សាយនានានៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា មកដល់ពេលនេះប្រទេសកម្ពុជា បានរងការរាតត្បាតពីជំងឺកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ ការរីករាលដាលនៃជំងឺឆ្លងសាកលមួយនេះ មិនទាន់ស្រាកស្រាននៅឡើយនោះទេ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះអត្រាឆ្លងនៃជំងឺកំពុងស្ទុះឡើងក្នុងកម្រិតគួរឱ្យព្រួយបារម្ភ។ ក្នុងនោះនៅថ្ងៃទី៣០ ខែមិថុនា កម្ពុជាបានរកឃើញអ្នកឆ្លងរហូតដល់ទៅជាង ១ពាន់នាក់។

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាល បានប្រឹងប្រែងដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ដើម្បីទប់ទល់ការរីករាលដាល និងបានប្រឹងប្រែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលនេះកម្ពុជា រកបានវ៉ាក់សាំងបានជាង ១១លានដូស ហើយចាក់ជូនប្រជាពលរដ្ឋបានជាង ៤លាននាក់រួចហើយ៕

អត្ថបទដែលជាប់ទាក់ទង