ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាហានម្នាក់ ជិះម៉ូតូលឿនបុករថយន្តពីក្រោយ បាក់កស្លាប់លើម៉ូតូ

249

 

ភ្នំពេញ ÷ បុរសម្នាក់បានស្លាប់ហេតុភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុកពីក្រោយរថយន្តដឹកខ្សាច់ បណ្តាលឲ្យបាក់កស្លាប់។ បន្ទាប់មកក៏មានជនឆ្លៀតឱកាសបានយកលុយ ពីក្នុងការបូបជនរងគ្រោះអស់ ២៥០$ ចំណែកឯរថយន្តបានបន្តបើកទៅមុខរត់គេចខ្លួនបាត់ស្រមោល។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង ៣០នាទីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ មែត្រចំណុចច្រកចូលវិទ្យុABC ក្នុងសង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពមានឈ្មោះ កៅ ចំរើន ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរជាមន្រ្តីផ្នែកបញ្ជាការដ្ឋានអង្គរក្ស បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ខណ្ឌដង្កោ រាជធានីភ្នពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1-IQ 8770 ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលទៅបុកពីក្រោយរថយន្តដឹកខ្សាច់មួយគ្រឿង មិនចាំផ្លាកលេខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះបាក់កស្លាប់ នៅលើម៉ូតូយ៉ាងអាណោចអាធ័ម ចំណែកឯរថយន្តដឹកខ្សាច់វិញ បន្តបើកទៅមុខរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះមកដល់កន្លែងកើតហេតុ ដោយភាគីម្ខាងទៀត បើករត់គេចខ្លួនបាត់ ដោយម្តាយនិងក្រុមគ្រួសារ ជនរងគ្រោះសុំយកម៉ូតូនិងសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង