ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផល នៃកិច្ចសន្ទនា តាមទូរស័ព្ទ រវាងលោកប្រាក់ សុខុន ជាមួយលោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស អូស្រ្តាលី

74

 

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី (តាមប្រព័ន្ធវីដេអូ) នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋមន្រ្តីការបរទេសទាំងពីរបានពិភាក្សាគ្នាលើបញ្ហាសំខាន់បន្ទាន់ ដូចជា កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាបាននូវការស្តារ សេដ្ឋកិច្ចឡើងវិញឆាប់រហ័ស រួមទាំងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមទាំងការវិវត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

លោកស្រី ម៉ារីស ផេន បានរំលឹកឡើងវិញអំពីការប្តេជ្ញាចិត្តរបស់អូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហការជាមួយប្រទេសកម្ពុជា និងបណ្តារដ្ឋជាសមាជិកអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។
ដោយគូសបញ្ជាក់អំពីបំណងប្រាថ្នាដ៏មុតមាំរបស់អូស្រ្តាលី ក្នុងការពង្រឹងភាពជាដៃគូ អាស៊ាន-អូស្រ្តាលី លោកជំទាវបានអះអាងជាថ្មីនូវការបន្តគាំទ្រដល់មជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងតែវិវត្ត និងសមាហរណកម្មតំបន់។ លោកជំទាវ ម៉ារីស ផេន បានទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ប្រចាំឆ្នាំជាលើកដំបូង នៅខែតុលា ឆ្នាំ២០២១ ហើយនិងបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញលេញ សម្រាប់ការរៀបចំដោយជោគជ័យរបស់កម្ពុជា ធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះប្រទេសអូស្ត្រាលី ដែលបានចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា តាមរយៈវេទិកាទ្វេភាគី តំបន់ និងអនុតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរប្រទេសអូស្ត្រាលី ដែលបានគាំទ្រទាន់ពេលវេលាដល់ប្រទេសកម្ពុជា និងអាស៊ាន ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩។ ឯកឧត្តម បានគូសបញ្ជាក់ថា ការកើនឡើងការចូលរួមប្រកបដោយអត្ថន័យ របស់ប្រទេសអូស្រ្តាលីជាមួយ អាស៊ាន នឹងរួមចំណែកបន្ថែមទៀត យ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច សមាហរណកម្មតំបន់ និងការបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់។

លោកឧបនាយករដ្ឋមន្រ្តី បានរំលឹកជាថ្មី នូវការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្នុងការធានាឱ្យ សម្រេចបាននូវសមិទ្ធផលប្រសើរក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ជាមួយអាស៊ានទាំងមូល ដែលជាគ្រួសារដ៏រឹងមាំ ដោយផ្តោតការយកចិត្តទុកដាក់ ទៅលើការដោះស្រាយការប្រឈមនានា ដើម្បីសន្តិភាព ស្ថិរភាព មជ្ឈភាពអាស៊ាន និងការកសាងសហគមន៍។ ឯកឧត្តម បានចែករំលែកអាទិភាពមួយចំនួន​ សម្រាប់ឆ្នាំក្រោយដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន រួមមាន ការខិតខំប្រឹងប្រែង ដើម្បីទទួលបានវឌ្ឍនភាពបន្ថែមទៀត នៅក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្តារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងសមាហរណកម្មតំបន់ ដែលស្របជាមួយចក្ខុវិស័យ សហគមន៍អាស៊ាន ឆ្នាំ២០២៥ ខណៈពេលធ្វើការលើចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ លើកកម្ពស់ការ ចូលរួមប្រកបដោយប្រសិទ្ធភាព របស់ស្រ្តី និងយុវជន នៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងដំណើរ ការកសាងសហគមន៍ ការពង្រឹងការរួមចំណែកដល់ ការថែរក្សាសន្តិភាពរបស់អាស៊ាន។

ចំពោះបញ្ហាប្រទេសមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់អំពីការត្រៀមខ្លួន របស់ប្រទេសកម្ពុជា ក្នុងការធ្វើការជាមួយបណ្តាប្រទេស ជាសមាជិកអាស៊ាន និងដៃគូអាស៊ានដទៃទៀត ដើម្បីគាំទ្រដល់ការវិលត្រឡប់ទៅរកមាគ៌ានៃប្រក្រតីភាព និងការផ្លាស់ប្តូរតាមរយៈប្រជាធិបតេយ្យ របស់ប្រទេសមីយ៉ាន់ម៉ា។ លោកឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់អំពីការកោតសរសើររបស់កម្ពុជា ចំពោះជំហាននានាដែលប្រទេសព្រុយណេ ក្នុងនាមប្រធានអាស៊ាននាពេលបច្ចុប្បន្ន កំពុងអនុវត្តតាមការឯកភាពគ្នា ជាឯកច្ឆន្ទប្រាំចំណុច របស់ថ្នាក់ដឹកនាំអាស៊ាន។
លោក ក៏បានបង្ហាញនូវទំនុកចិត្ត លើកម្លាំងនៃភាពចម្រុះរបស់អាស៊ាន ដើម្បីសម្រេចឱ្យបាន នូវដំណោះស្រាយ ប្រកបដោយសន្តិវិធី តាមរយៈមាគ៌ាអាស៊ាន ដើម្បីជាផលប្រយោជន៍ ដល់ប្រជាជនមីយ៉ាន់ម៉ា និងការកសាងសហគមន៍ អាស៊ាន។

រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានពិភាក្សាស៊ីជម្រៅ ពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង